ដោយ៖ សុធារី
កែប៖ គម្រោងអភិវឌ្ឍឆ្នេរថ្មីប្រវែង ២៧០០ម៉ែត្រ ដោយប្ដូរមុខមាត់ពីឆ្នេរភក់ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ទៅជារមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់សម្រេចបាន៩០ភាគរយហើយ ដោយគ្រោងនឹងបើកជាសាធារណៈនៅខែមេសានេះ។
បើតាមការបញ្ជាក់របស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បច្ចុប្បន្ន រដ្ឋបាលខេត្តកែបកំពុងចាក់ដីចូលឆ្នេរ ដើម្បីធ្វើសួនច្បារ និងទុកដីសម្រាប់អនុវត្តគម្រោងនានាផ្សេងទៀត ដោយការងារចាក់ដីបានសម្រេចជិតរួចរាល់ ប្រមាណ៩០ភាគរយ ខណៈការងារដាំដើមឈើ បង្កើតសួនច្បារ គ្រោងនឹងធ្វើឱ្យចប់នៅមុនខែមេសាខាងមុខ។
លោកថា “តាមការគ្រោងទុកការងារអភិវឌ្ឍន៍ឆ្នេរថ្មីនេះ មានរយៈពេលជាង៦ខែ ប៉ុន្តែផ្អែកតាមការងារ គណៈកម្មធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់សមុទ្រកម្ពុជា ជំរុញឱ្យការងារអភិវឌ្ឍន៍ឆ្នេរថ្មីនេះ ចប់រួចរាល់ មុនចូលឆ្នាំខ្មែរខាងមុខ”។
គម្រោងនេះ ត្រូវបានបើកការដ្ឋាន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ រួមមានការរៀបចំកែលម្អឆ្នេរដែលមានទទឹងប្រវែងយ៉ាងតិច៣០ម៉ែត្រ បណ្ដោយប្រវែង២៧០០ម៉ែត្រ និងការរៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រជាដើម៕