អារ៉ាប៊ីសាអូឌីតនឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានៅខែឧសភាខាងមុខនេះ

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសអារ៉ាប៊ីសាអូឌីត នឹងភ្ជាប់ជើងហោះហើរមកកាន់កម្ពុជា នៅអំឡុងខែឧសភាខាងមុខនេះ។

ព៌តមានដ៏ល្អនេះ ត្រូវបានបង្ហើបឲ្យដឹងពី លោក Saud F.M. Al Suwelim ឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២កន្លងមកនេះ។

ក្នុងជំនួបជាមួយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុន លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងខែឧសភាខាងមុខនេះ អារ៉ាប់ប៊ីសាអូឌីត នឹងតភ្ជាប់ជើងហោះហើរពីរដ្ឋធានីរីយ៉ាដ (Riyadh) មករាជធានីបាងកកប្រទេសថៃ និងពីរាជធានីបាងកកមករាជធានីភ្នំពេញប្រទេសកម្ពុជា។

លោកបន្តថា នៅពេលបើកសម្ពោធជើងហោះហើរដំបូងនោះ ក៏នឹងមានការរៀបចំដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីទេសចរណ៍អារ៉ាប់ប៊ីសាអូឌីតមកកាន់ប្រទេសកម្ពុជាផងដែរ។

ក្នុងជំនួបពិភាក្សានេះ លោក ថោង ខុន លោកសាអូដ អាល់ ស៊ូវេលីមឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត បានមើលឃើញពីវឌ្ឍនភាព និងកោតសរសើរចំពោះកម្ពុជា ដែលបានគ្រប់គ្រងបញ្ហា នៃការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយគុណភាព និងបានអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស បានយ៉ាងឆាប់រហ័ស ពិសេសគឺការបើកវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍ឡើងវិញ។

លោកឯកអគ្គរាជទូតបានបន្តថា ក្នុងនាមប្រទេសអារ៉ាប់ប៊ីសាអូឌីតជាប្រទេសសមាជិក G20 រដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យថា នៅឆ្នាំ២០៣០ ត្រូវក្លាយជាគោលដៅទេសចរណ៍ពិភពលោកដ៏សំខាន់មួយ ក្នុងនោះអារ៉ាប់ប៊ីសាអូឌីត ក៏លើកទឹកចិត្តឱ្យប្រជាជនកម្ពុជា ទៅទស្សនាកម្សាន្តនៅក្នុងប្រទេសខ្លួនផងដែរ។

ភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញ ការទស្សនារបស់ភ្ញៀវទេសចរមូស្លីមផងដែរ ដោយលោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចស្រេច ក្នុងការទទួលភ្ញៀវទេសចរមូស្លីម ក្នុងនោះក្រសួងទេ​សចរណ៍បានរៀបចំផែនការ ទាក់ទាញទេសចរមូស្លីមរួចហើយដែរ។

លោកបន្តថា នៅមុនពេលផ្ទុះការរីករាលដាលជំងឺកូវីដ១៩ ប្រជាជននៃប្រទេសទាំងពីរតែងធ្វើដំណើរទៅមកជាប់ឥតដាច់។

ជាមួយគ្នានោះ លោក ថោង ខុន បានបង្ហាញការអបអរសាទរ និងគាំទ្រចំពោះការបង្កើតការិយាល័យ តំណាងរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ដើម្បីពង្រឹងតួនាទីក្នុងការអភិវឌ្ឍ ក៏ដូចជាពង្រីកសកម្មភាពរបស់អង្គការ ទេសចរណ៍ពិភពលោកនៅតំបន់មជ្ឈិមបូព៌ាទាំងមូល។

ម្យ៉ាងវិញទៀតក៏ដើម្បីបង្ខិតទំនាក់ទំនង រវាងទីស្នាក់ការកណ្ដាលរបស់ UNWTO នៅទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញ ជាមួយការិយាល័យតំណាងនៅទីក្រុងរីយ៉ាដប្រទេសអារ៉ាប់ប៊ីសាអូឌីតនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here