ដោយ រតនៈ
ភ្នំពេញ៖ ក្រុមហ៊ុនប៉េង ហួតគ្រុបបានចូលរួមសម្អាតបរិស្ថាន និងឧបត្ថម្ភក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ដែលរៀបចំដោយអង្គការ Let Do It និងអង្គការ Go Green Cambodia សហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា និងក្រសួង ទេសចរណ៍ ដែលរៀបចំឡើងនៅមុខក្រសួងបរិស្ថាន។
លោក ហួត ហៃ អភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ក្នុងពេលដែលបុគ្គលិកបុរីប៉េង ហួតគ្រុបប្រមាណ២០០នាក់ចូលរួមសំអាតបរិស្ថាននាឳកាសនោះថា ដើម្បីចូលរួមក្នុងទិវាសម្អាតពិភពលោកនេះ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ លោកសូមអំពាវនាវដល់ផ្នែកដែលពាក់ព័ន្ធទាំងអស់ចូលរួម គ្នាលើកកំពស់ការពារការថែរក្សាបរិស្ថាន ជាពិសេសកាត់បន្ថយសារធាតុពុល តាមរយៈការកាត់បន្ថយនិង ទុកដាក់ សំណល់ អោយបានត្រឹមត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិអោយ កាន់តែល្អប្រសើរឡើង និងលើកស្ទួយការយល់ដឹងរបស់ប្រជាពលរដ្ឋ ប្រកបដោយចីរភាពនិងប្រែក្លាយទិវានេះ អោយទៅជាសកម្មភាពជាក់ស្តែង និងការគ្រប់គ្រងសម្រាម ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
-->

ស្របពេលជាមួយគ្នានេះ នៅតាមបណ្តា ខណ្ឌ និងសង្កាត់ ទូទាំងរាជធានីភ្នំពេញ កំពុងធ្វើយុទ្ធនាការ សម្អាតបរិស្ថាន ផងដែរ។ ឯកឧត្តម បានបន្តទៀតថា ខ្ញុំជឿជាក់ថា ស្មារតីនៃការប្រារព្វទិវានេះ ពិតជាដិតដាមនូវឆន្ទៈ ធ្វើអោយ បរិស្ថានរាជធានីភ្នំពេញស្រស់ស្អាត សម្រាប់យើងគ្រប់រូប និងជានិរន្តរ”។
លោកអ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានថ្លែងនាឱកាសនោះផងដែរថា “ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាង ក្រៃលែងក្នុងការចូលរួមកម្មវិធីទិវាសម្អាតពិភពលោក និងជាលើកទី១សម្រាប់ប្រទេសកម្ពុជា ក្នុងទីក្រុងភ្នំពេញនិងបណ្ដាខេត្តផ្សេងៗផងដែរ ក្រោមការផ្តួចផ្ដើម សហការ និងរៀបចំ ដោយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងទេសចណ៏ អង្គការ Let Do it និង អង្គការ Go Green Cambodia ព្រមទាំងស្ថាប័នផ្សេងទៀត នាថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នេះ ក្នុងគោលបំណងជំរុញការ យល់ដឹងអំពីការការពារបរិស្ថានដោយនាំគ្នាចូលរួមរើសសម្រាមសម្អាតទីក្រុង។

លោកបន្តថា “ស្ថាបនិកក្រុមហ៊ុន មានចក្ខុវិស័យវែងឆ្ងាយ ចាប់តាំងពីដំបូងក្នុងការអភិវឌ្ឍជូនប្រជាជនកម្ពុជានូវលំនៅឋានទំនើប ដោយផ្តោតលើគុណភាពល្អ សោភណ្ឌភាពស្អាត និងជាពិសេសគឺបរិស្ថានរស់នៅល្អ ដែលមានលំហរបៃតងច្រើន ដើមឈើធំៗ និង គ្មានសំរាម ដែលស្របតាមគោលនយោបាយ ទីក្រុងស្អាតរបស់ រាជរដ្ឋាភិបាលកម្ពុជា រហូតទទួលបានការគាំទ្រខ្លាំងពីអតិថិជន និងទទួលបានពានរង្វាន់ជាច្រើន ពីក្នុងនិងក្រៅប្រទេស”។
ពាក់ព័ន្ធការងារបរិស្ថាននេះដែរ កាលពីថ្ងៃទី៥ ខែមិថុនាឆ្នាំ២០១៨ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានចូលរួមរៀបចំកម្មវិធីដាំដើមឈើចំនួន១៤០០ដើម ក្នងឱកាសទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកនៅស្រុកស្រីសន្ធរខេត្តកំពង់ចាមកន្លងទៅថ្មីៗនេះ“។

លោកអ៊ាង សុផល្លែត រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានមានប្រសាសន៍ថា“បើយើងមិនបានប្រព្រឹត្ត ក៏យើងមិនចាំបាច់សម្អាតវាដែរ។ ដូច្នេះហើយលោកសូម ចាត់ទុកថាទិវានេះ និងបង្កើតចំណងទំនាក់ទំនងរវាងប្រជាជន តភ្ជាប់ជាមួយនឹងបរិស្ថាន។ សំរាម គឺជាសត្រូវលាក់មុខ ឥឡូវនេះវាបានបើកមុខហើយ យើងត្រូវតែបំផ្លាញ និងកំទេចសត្រូវសម្រាមនេះ។ ជាចុងក្រោយលោកសូមបើកកម្មវិធី និង ជូនពរអោយទិវានេះ ប្រកបដោយជោគជ័យ និងទៅជាចលនាមួយ ដើម្បីកម្ចាត់សត្រូវលាក់មុខនេះ៕