ដោយៈសុខុម
ប៉េកាំង: ពាក្យថា “មហាយក្ស” គឺជាងារដ៏ស័ក្ដិសមបំផុត សម្រាប់ប្រទេសចិន ព្រោះអ្វីៗរបស់ប្រទេសនេះសុទ្ធតែធំសម្បើម ដូចជា មានប្រជាជនច្រើនបំផុតក្នុងពិភពលោក១.៤៤៨.១៤៥.០៩០នាក់ មានទឹកដីសែនល្វឹងល្វើយ ជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក និងជាគូប្រជែងយ៉ាងស្វិតស្វាញរបស់សហរដ្ឋអាមេរិក ដែលជាកំពូលមហាអំណាច។

មិនតែប៉ុណ្ណោះ សូម្បីឧស្សាហកម្មទេសចរណ៍ របស់ប្រទេសនេះក៏មានទំហំទឹកប្រាក់មហាសាល រហូតដល់ទៅ ១,៥ទ្រីលានដុល្លារអាមេរិក ស្ទើរមិនគួរឱ្យជឿផងដែរ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈ។
-->
ទោះជាយ៉ាងណា ក្នុងរយៈពេល២ឆ្នាំមកនេះ វិស័យទេសចរណ៍ក្នុងប្រទេសនេះ បានដាំក្បាលចុះយ៉ាងខ្លាំង មិនខុសពីប្រទេសនានាជុំវិញពិភពលោកប៉ុន្មានឡើយ ដោយសារផ្ទុះវិបត្តិរីករាលដាលវីរុសកូវីដ-១៩ ដ៏កាចសាហាវ ហើយស្ថានភាពដ៏អាក្រក់នេះ មិនដឹងជាបញ្ចប់នៅពេលណាឱ្យប្រាកដឡើយ។
នៅពេលវិបត្តិកូវីដ-១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំ២០២០ ក្នុងទីក្រុងវូហាន (Wuhan) ប្រទេសចិន វិស័យទេសចរណ៍ក្នុងប្រទេសនេះបានឈានដល់ការជាប់គាំង ធ្វើឲ្យអ្នកដែលធ្វើការនៅក្នុងឧស្សាហកម្មទេសចរណ៍បានបន់ស្រន់ហើយបន់ស្រន់ទៀត សូមឱ្យតែស្ថានការណ៍ដ៏អាក្រក់នេះកន្លងផុតទៅឱ្យឆាប់ៗ។
វិស័យទេសចរណ៍ក្នុងប្រទេសចិន បានធូរស្រាលឡើងវិញបន្តិចកាលពីឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែទើបតែរើបឡើងវិញ បានប្រមាណ៥០%ប៉ុណ្ណោះ បើធៀបនឹងកម្រិតក្នុងឆ្នាំ២០១៩ ពោលគឺមុនពេលផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ ខណៈនៅតែមានវិធានការរឹតបន្តឹងការធ្វើដំណើរ។
បណ្ដាទីភ្នាក់ងារទេសចរណ៍ កំពុងបិទទ្វារជាបណ្ដើរៗ ហើយបណ្ដាក្រុមហ៊ុនអាកាសចរណ៍ កំពុងតែទទួលរងការខាតបង់យ៉ាងសម្បើម នៅពេលការផ្ទុះឡើង នូវការរីករាលដាលវីរុសកូវីដ-១៩ និងបម្រាមធ្វើដំណើរបានជះផលប៉ះពាល់ដល់ឧស្សាហកម្មនេះធ្ងន់ធ្ងរ៕ South China Morning Post៕