ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលបង្កការជន់លិចនៅផ្នែកខ្លះនៃតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ នឹងបញ្ចប់នៅពេលខាងមុខ ខណៈអ្នកជំនាញជប៉ុន បានស្នើសុំសម្តេចតេជោចូលរួមដោះស្រាយបញ្ហានេះ។
ជាមួយនឹងសំណើរនេះ សម្តេចតេជោបានឯកភាពរួចហើយ ដោយជំរុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ឋចូលរួមសហការ ដើម្បីដោះស្រាយបញ្ហានេះ។
លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជាបានលើកសំណើរនេះ ក្នុងជំនួបជាមួយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីសប្តាហ៍កន្លងមកនេះ។
លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយជំនួបថា លោកTakahashi បានស្នើសុំសម្តេច ហ៊ុន សែន ឱ្យផ្តល់លទ្ធភាពលើការសិក្សា រកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត។
ជាការឆ្លើយតប សម្តេចតេជោបានគាំទ្រ ហើយក៏បានចាត់តាំងលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ឱ្យជួយសម្របសម្រួលឱ្យក្រុមការងារជាជប៉ុន ចូលមកសិក្សាលើរឿងនេះ។
លោក Takahashi Fumaiki បានបញ្ជាក់ថា ជាក់ស្ដែង ក្រុមការងាររបស់លោក បានសិក្សាលើគម្រោងនេះខ្លះៗទៅហើយ។
កាលឆ្នាំ២០២០ និង២០២១ តំបន់ក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល រួមទាំងនៅតាមស្រុក និងក្រុងមួយចំនួន នៃខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានរងគ្រោះយ៉ាងខ្លាំង ពីទឹកជំនន់ស្ទឹងព្រែកត្នោត៕