ដំណឹងល្អៈរដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធប្រចាំខែចំពោះអាជីវកម្មក្នុងវិស័យទេសចរណ៍

0

ដោយ: សុផារី

ភ្នំពេញៈ រដ្ឋាភិបាលបានសម្រេចលើកទឹកចិត្តជាបន្តទៀតចំពោះម្ចាស់អាជីវកម្មទេសចរណ៍នានា តាមរយៈការលើកលែងពន្ឋប្រចាំខែ ដើម្បីជួយសម្រាលបន្ទុកដល់អ្នកពាក់ព័ន្ឋក្នុងវិស័យនេះ ដែលបានរងគ្រោះធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ បានចេញប្រកា​សអន្តរក្រសួងស្តីពី ការអនុវត្តវិធានការគោលនយោបាយគន្លឹះ សម្រាប់វិស័យទេសចរណ៍ ដោយបន្តលើកលែងការបង់ពន្ធប្រចាំខែ គ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ បន្តលើកលែងការបង់ពន្ធប៉ាតង់ ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ដទៃទៀត និងលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណ ទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២។

យោងតាមប្រកាសនេះ បានអនុញ្ញាតឱ្យអនុវត្តនូវគោលនយោបាយគន្លឹះ សម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២ រដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិតនៃខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ សម្រាប់ឆមាសទី១ ឆ្នាំ២០២២។

ករណីមានបំណុលសល់ មុនវិបត្តិនៃជំងឺកូវីដ-១៩ ចំពោះប្រតិបត្តិករក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តដទៃទៀត ត្រូវពន្យារពេលការចុះធ្វើសវនកម្មនៅក្នុងឆ្នាំ២០២១។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនទ្បាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំទ្បុងពេលនៃការលើកលែងនេះ។

បន្ថែមលើសនេះ បន្តលើកលែងការបង់ពន្ធប៉ាតង់ ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀត សម្រាប់ឆ្នាំ២០២២។ អ្នកជាប់ពន្ធទំាំងនេះ មានកាតព្វកិច្ចត្រូវធ្វើបច្ចុប្បន្នភាពប៉ាតង់។

ក្រៅពីនេះ រដ្ឋាភិបាលក៏លើកលែងការបង់កម្រៃ បន្តអាជ្ញាបណ្ណទេស​ចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ចំពោះអាជ្ញាបណ្ណទេសចរណ៍ ដែលស្ថិតក្នុងសុពលភាព។ អាជីវកម្មទេសចរណ៍គ្រប់ប្រភេទ នៅតែមានកាត​ព្វកិច្ច ដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណ ទេសចរណ៍ពីក្រសួងទេសចរណ៍ ឬរដ្ឋបាលរាជធានី-ខេត្ត ឬរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ (ទៅតាមប្រភេទ និងទំហំអាជីវកម្មទេសចរណ៍ ដែលក្រសួងទេសចរណ៍ បានធ្វើប្រតិភូកម្មកន្លងមក) ក្នុងអំទ្បុងពេលនៃការលើកលែងនេះ។

ប្រកាសអន្តរក្រសួងខាងលើនេះ ក៏បានអនុញ្ញាតឱ្យបន្តសុពលភាពនៃការអនុវត្តសេចក្តីជូនដំណឹងស្តីពី ការអនុវត្តគោលនយោបាយលើកទឹកចិត្តនៃការលក់បណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here