ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចកែសម្រួលភារកិច្ច លើការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ មួយចំនួនទៅថ្នាក់ក្រោមជាតិ ដើម្បីសម្រួលដល់អ្នកវិនិយោគនានា។
លោកជូ វណ្ណៈអគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានមានប្រសាសន៍ក្នុងសិក្ខាសាលា ដែលរៀបចំដោយស្ថាប័ននេះ សហការជាមួយសមាគមអ្នក អភិវឌ្ឍន៍ដីឡូត៍កម្ពុជាកាលពីសសប្តាហ៍មុនថា បច្ចុប្បន្ន ក្រៅពីការអភិវឌ្ឍអចលនវត្ថុបែបលំនៅដ្ឋាន យើងពិនិត្យឃើញថាអាជីវកម្មពុះដីឡូត៍លក់ ក៏មានសកម្មភាពរីកចម្រើនហួសការស្មានផងដែរ។
លោកបន្តថា “ការរីកលូតលាស់យ៉ាងឆាប់រហ័សបែបនេះ ជាមួយនឹងការគ្រប់គ្រងមិនបានល្អ អាចនឹងបង្កហានិភ័យ នៅក្នុងការគ្រប់គ្រងលើអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍”។
លោកជូ វណ្ណៈបានបន្តថា ដោយហេតុនេះទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចធ្វើការកែសម្រួលបទបញ្ញត្តិ នៃការគ្រប់គ្រងអចលនវត្ថុជាបន្តបន្ទាប់ សំដៅពង្រឹងនូវការគ្រប់គ្រង តាមរយៈការធ្វើប្រតិភូកម្មនូវយន្តការគ្រប់គ្រងមួយចំនួន ជូនដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលជាសេនាធិការបស់ក្រសួង ដើម្បីពិនិត្យមើលបណ្តាអាជីវកម្ម អភិវឌ្ឍន៍អចលនវត្ថុបែបលំនៅដ្ឋាន និងអាឃីវកម្មអភិវឌ្ឍន៍ដីឡូត៍ខ្នាតតូចមួយចំនួន ហើយការអនុវត្តន៍យន្តការបែបនេះ គឺដើម្បីពង្រឹងការគ្រប់គ្រងឲ្យដល់មូល ដ្ឋានថ្នាក់ក្រោមជាតិ និងដើម្បីផ្តល់ឱកាសឲ្យអ្នកប្រកបអាជីវកម្ម ខ្នាតតូចទទួលបានសេវានៅជិតខ្លួន ដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរវែងឆ្ងាយទៅនិយ័តករ ឬក្រសួង៕