ដោយ៖ សូរិយា
ភ្នំពេញ៖ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានបង្ហើបឱ្យដឹងថា សណ្ឋាគារនិងដីតម្លៃ១៥០០លានដុល្លាអាមេរិក នៅតំបន់ជ្រោយចង្វារ ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគជាច្រើនហើយ ប៉ុន្តែតម្លៃនៅមិនទាន់ត្រូវគ្នានៅឡើយទេ។
អ្នកឧកញ៉ាបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈនេះថា ពិតជាមានក្រុមហ៊ុនជាច្រើនបានទាក់ទងមកដើម្បីស្នើសុំទិញដីនៅទីតាំងខាងលើនេះ ប៉ុន្តែតម្លៃនៅមិនទាន់ត្រូវគ្នានៅឡើយទេ។ ថវិកាដែលទទួលបានពីការលក់ទ្រព្យសម្បត្តិនៅទីតាំងខាងលើនេះនឹងត្រូវបានប្រើប្រាស់យកមកអភិវឌ្ឍទីក្រុងបូកគោ នៅពេលខាងមុខនេះ។
អ្នកឧកញ៉ាបានបន្តថា ការអភិវឌ្ឍទីក្រុងបូកគោ គឺដើម្បីជំរុញការរីកចម្រើនរបស់ទឹកដីខេត្តកំពត ក៏ដូចជាទីក្រុងបូកគោ ឱ្យមានភាពទាក់ទាញទេសចរ វិនិយោគិនជាតិនិងអន្តរជាតិ ចូលមកវិនិយោគនៅទីនេះ។ ជាពិសេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។
អ្នកឧកញ៉ា សុខ គង់ បានមានប្រសាសន៍ទៀតថា ការលក់ដីនេះ ក៏ដើម្បីយកប្រាក់មួយចំនួនទៅដោះស្រាយបញ្ហាបំណុលរបស់ក្រុមហ៊ុនផងដែរ។
អ្នកឧកញ៉ាបន្ថែមទៀតថា អ្នកឧកញ៉ាធ្វើការអភិវឌ្ឍទីក្រុងបូកគោនេះធ្វើឡើងសម្រាប់ជាតិ សម្រាប់ប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយ ដើម្បីទទួលបានវិបុលភាព ការរីកចម្រើន និងធ្វើយ៉ាងណាឱ្យកម្ពុជាឈានទៅកាន់កម្រិតមួយទៀត៕