រដ្ឋាភិបាលសឹង្ហបុរីគ្រោងដំឡើងពន្ធលើអ្នកមានប្រាក់ចំណូលខ្ពស់

0

ដោយៈសុខុម

សឹង្ហបុរី: ប្រទេសសឹង្ហបុរី គ្រោងដំឡើងអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន សម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់ ផ្ទះប្រណីត និងរថយន្តប្រណីត។

គម្រោងដំឡើងពន្ធទាំងនេះ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី លោក Lawrence Wong អំឡុងសុន្ទរកថាស្តីពីថវិកាជាតិឆ្នាំ២០២២ នៅថ្ងៃសុក្រ ទី១៨ កុម្ភៈ នេះ។

រដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ពីវិធានការរយៈពេលខ្លី និងរយៈពេលវែង ដើម្បីបន្តការវិនិយោគលើសេដ្ឋកិច្ច និងកម្មករនិយោជិត ខណៈពង្រឹងការឯកភាពក្នុងសង្គម។ លោកបានបន្ថែមទៀតថា ការដំឡើងពន្ធទាំងនេះគឺជាការចាំបាច់ណាស់ ដើម្បីប្រមូលប្រាក់ចំណូលជាតិ ឱ្យបានកាន់តែច្រើន ក្នុងបំណងជំរុញគំនិតផ្តួចផ្តើមទាំងនេះ ឱ្យចេញជាផ្លែផ្កា។

*ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន
ទាក់ទិនពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន លោក Lawrence Wong បានលើកឡើងថា អ្នកដែលមានប្រាក់ចំណូលខ្ពស់ជាងគេ ត្រូវរួមចំណែកជួយដល់សង្គមច្រើនជាងគេ។ លោកបានប្រកាសថា អត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនខ្ពស់ នឹងត្រូវដំឡើងចាប់ពីឆ្នាំ២០២៤ខាងមុខនេះ។

អ្នកដែលមានប្រាក់ចំណូល ជាប់ពន្ធលើសពី៥០០.០០០ដុល្លារ រហូតដល់១លានដុល្លារ នឹងត្រូវបង់ពន្ធ២៣% បើធៀបនឹងអត្រាពន្ធ២២%​នាពេលបច្ចុប្បន្ន។ អ្នកមានប្រាក់ចំណូលផ្ទាល់ខ្លួន លើស១លានដុល្លារ នឹងត្រូវបង់ពន្ធ២៤% បើធៀបនឹងអត្រា២២%នាពេលបច្ចុប្បន្ន។

*ពន្ធលើអចលនទ្រព្យ
បច្ចុប្បន្ន អត្រាពន្ធលើអចលនទ្រព្យ គឺចាប់ផ្ដើមពី៤%ដល់១៦% ហើយនឹងត្រូវដំឡើងដល់៦% ទៅ៣២%នៅឆ្នាំ២០២៤។

*ពន្ធលើរថយន្តប្រណីត
ប្រទេសសិង្ហបុរី ក៏នឹងដំឡើងពន្ធ លើរថយន្តប្រណីតផងដែរ ដោយរថយន្ត ដែលមានតម្លៃលើសពី៨០.០០០ដុល្លារ នឹងត្រូវបង់ពន្ធ២២០%៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here