ដោយៈជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ VietJet ដែលមានមូលដ្ឋាននៅប្រទេសថៃ នឹងចាប់ផ្តើមហោះហើរត្រង់ មកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី១៦ មិនាខាងមុខនេះ។
លោកហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជានាយកក្រុមហ៊ុន World Express Tours&Travel បានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី២១ កុម្ភៈកន្លងមកថា ក្រុមហ៊ុនអាកាសចរណ៍កូនកាត់ថៃ វៀតណាមនេះនឹងចាប់ផ្តើមបើកជើងហោះហើរត្រង់ មកកាន់រាជធានីភ្នំពេញ តាមកាលវិភាគរបស់ខ្លួន ដោយក្រុមហ៊ុននេះ នឹងហោះហើរពីក្រុងបាងកក មកកាន់រាជធានីភ្នំពេញមួយសប្តាហ៍៣លើក។
លោកបន្តថា “ក្រុមហ៊ុនអាកាសចរណ៍ជាង១០បាន និងកំពុងហោះហើរមកកាន់រាជធានីភ្នំពេញ ដែលរហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយផ្អាកការហោះហើរទេ”។ លោកបន្តថា “ប្រទេសថៃនឹងបើកទទួលទេសចរណ៍ពេញលេញ ជាផ្លូវការនៅដើមខែមិនាខាងមុខនេះ ដូច្នេះកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍ប្រសើរឡើងវិញ”។
លោកហូ វណ្ឌីបានបន្តថា យ៉ាងណាក្តី ការបារម្ភពីការរាតត្បាតនៃជំងឺកូវីដអូមីក្រុង កំពុងក្លាយជាការបារម្ភមួយ របស់អ្នកនៅក្នុងឧស្សាហកម្មទេសចរណ៍ ហើយបើស្ថានភាពនេះ អូសបន្លាយរយៈពេលវែង វានឹងបង្កផលប៉ះពាល់ដល់វិស័យនេះ កាន់តែខ្លាំងបន្ថែមទៀត។ លោកបន្តថា ចាប់តាំងពីខែ១២ ដល់ពាក់កណ្តាលខែកុម្ភៈនេះ ភ្ញៀវទេសចរណ៍ពីអាមេរិក អឺរ៉ុបច្រើនបានចូលមកទស្សនាកម្ពុជា ប៉ុន្តែស្ថានភាពឥលូវនេះ ពិបាកក្នុងការព្យាករណ៍ណាស់៕