ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ការសាងសង់ផ្លូវ ស្ពានមិនចាំបាច់មួយចំនួន នឹងត្រូវផ្អាកសិន ដើម្បីរក្សាទុកថវិកាជាតិដើម្បីប្រយុទ្ឋជំងឺកូវីដ១៩។
សម្តេចបានមានប្រសាសន៍ឲ្យដឹង ក្នុងសន្និបាតការងារក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី២៣ កុម្ភៈថា ផ្លូវ និងស្ពានត្រូវពន្យាពេលសាងសង់សិន បើមានទូកដ ត្រូវឆ្លងសិន ដើម្បីរក្សាទុកថវិកាបើកឲ្យមន្រ្តីរាជការ និងសម្រាប់ប្រយុទ្ឋនឹងជំងឺកូវីដ១៩។
សម្តេចបានបន្តថា “ជំងឺកូវីដ១៩ បាននិងកំពុងកើនឡើងនៅតាមបណ្តាប្រទេសនានា ដូចជា វៀតណាម ថៃ ប្រុយណេជាដើម យើងមិនអាចមើលស្រាលទេ”។ សម្តេចបានបន្តថា “យើងដំឡើងប្រាក់ខែជូនមន្រ្តីរាជការ និងបើកពីរដងក្នុងមួយខែទៀត។ ការចំណាយដែលចាំបាច់ខាងមិនបាន គឺបៀវត្សរ៍ ការចំណាយដែលខានមិនបានគឺព្យាបាលជម្ងឺ ទាក់ទងនឹងជំងឺកូវីដ យើងត្រូវរកថ្នាំថ្មីៗ ដែលពូកែយើងទិញ”។
សម្តេចតេជោហ៊ុន សែនបានបន្តទៀតថា នេះជារឿងស្លាប់ រស់ កូវីដអាចសម្លាប់មនុស្សបាន ដែលកើនឡើងជាង៣០០០នាក់ ប៉ុន្តែវាអាចបន្តសម្លាប់ជាបន្តបន្ទាប់ទៀត។
សម្តេចបន្តថា “បើគ្រាប់បែកមាក្រូសេដ្ឋកិច្ចផ្ទុះហើយ គឺមានបញ្ហាប្រជាជនជាង១៧លាននាក់ អញ្ចឹងត្រូវគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណាឲ្យបាន ដើម្បីជីវភាពរបស់ប្រជាពលរដ្ឋ”។
សម្តេចតេជោបានបន្តដោយអំពាវនាវ ឲ្យក្រុមហ៊ុនឯកជននានាបង់ពន្ឋជូនរដ្ឋឲ្យបានត្រឹមត្រូវ ព្រោះមានក្រុមហ៊ុនច្រើនណាស់ បានជំពាក់ពន្ឋរបស់រដ្ឋ៕