ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ការបិទការលក់អចលនទ្រព្យគឺជារឿងពិបាកមួយសម្រាប់ភ្នាក់ងារអចលនទ្រព្យ ហើយនៅពេលបិទការលក់បានមួយវាបញ្ជាក់ថាភ្នាក់ងារអចលនទ្រព្យរូបនោះក៏នឹងទទួលបានកម្រៃជើងសារផងដែរ ។ ដើម្បីឱ្យការបិទការលក់ ឬហៅថាClose Deal បានលឿន លោកច្រឹក សខុនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញពីគន្លឹះមួយចំនួនសម្រាប់អ្នកប្រកបរបរជាភ្នាក់ងារទុកជាទុន ។
លោកបានប្រសាសន៍ថា អ្នកចង់ក្លាយជាភ្នាក់ងារលក់អចលនទ្រព្យត្រូវតែជាអ្នកដែលចូលចិត្តក្នុងការលក់ ហើយរីករាយជាមួយនឹងការងារនោះ ។អ្វីដែលពិសេសគឺត្រូវតែមានជំនាញទៅលើការងារដែលកំពុងធ្វើនោះ ។ មួយវិញទៀត ដើម្បីទទួលបានជោគជ័យលើការងារនេះ អ្នកលក់ត្រូវទទួលការបណ្ដុះបណ្ដាលជាប្រចាំ ពីព្រោះថាអ្នកលក់គឺជាអ្នកដែលប្រឈមនឹងការបោះបង់ការងារនោះចោល ហើយអ្នកលក់ដែលពូកែគឺជាអ្នកដែលមានអារម្មណ៍ប្រែប្រួលលឿន ។
លោកបន្តថា សម្រាប់ក្រុមហ៊ុនរបស់លោក ការត្រៀមនូវកម្លាំងដើម្បីប្រយុទ្ធគឺជាអាទិភាពមួយសម្រាប់ការលក់ ជាក់ស្ដែងដោយសារតែយើងជាអ្នកធ្វើការក្នុងវិស័យនេះ ពេលខ្លះយើងអាចជួបជុំក្រុមការងារឬអតិថិជន ហើយក៏បានញ៉ាំស្រានិងគេងយប់ជ្រៅ ដែលធ្វើឱ្យមុខរបស់យើងមិនស្រស់ថ្លា ដូច្នេះ វាអាចជាកត្តាដែលធ្វើឱ្យយើងជួបអតិថិជន ហើយធ្វើឱ្យអតិថិជនមិនពេញចិត្តនឹងទឹកមុខរបស់យើងដែលមិនស្រសល់ថ្លានោះ ។ ចំណុចនេះក៏យើងត្រូវគិតគូរដែរ មុននឹងយើងទៅជួបអតិថិជនឬសម្របសម្រួលអតិថិជនដើម្បីបញ្ចប់ការលក់មួយឱ្យមានប្រសិទ្ធភាព ។
លោកបន្ថែមថា ការសម្របសម្រួលឱ្យអតិថិជនមានលក្ខណៈងាយស្រួលក្នុងការទទួលបានលក្ខខណ្ឌបង់ប្រាក់ឬការទូទាត់មានលក្ខខណ្ឌបត់បែន និងការមានទំនាក់ទំនងច្រើន ជាកត្តាចម្បងជួយឱ្យភ្នាក់ងារអចលនទ្រព្យអាចបិទការលក់បានលឿន ។លោកថា”កត្តាមួយចំនួនដែលធ្វើឱ្យការទិញលក់ទទួលបានជោគជ័យ គឺការផ្ដល់នូវដំណោះស្រាយ តាមរយៈការណែនាំឱ្យអតិថិជនទទួលបាននូវប្រាក់កម្ចី ឬមួយក៏តាមរយៈភ្នាក់ងារដែលអាចធ្វើការទិញលក់ជាបណ្ដោះអាសន្ន ” ៕