អ្នកនិពន្ឋខ្មែរម្នាក់បញ្ចេញទស្សនទាក់ទងនឹងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន

0

ដោយៈម៉ី សនសុធារី

ភ្នំពេញៈ យុគសម័យមួយ ដែលម្នាក់ៗហាក់នៅឱ្យតម្លៃខ្លាំង និងរំពឹងខ្ពស់ពីអំណាចលោកខាងលិច ជឿលើសាច់ដុំកម្លាំងសហរដ្ឋអាមេរិក ពេលនេះកំពុងហារមាត់ឆ្ងល់ថា ជាមួយភ្នក់ភ្លើងបង្កាត់ដោយរុស្ស៊ីនៅអ៊ុយក្រែន អ្វីទៅជាឆ្លើយតបត្រឡប់ពី “អាមេរិក”?។

ទិដ្ឋភាពនយោបាយ ដែលចោមព័ទ្ធដោយសង្គ្រាម ប្រដាប់អាវុធថ្មីបំផុ​តនេះ បានបកអាក្រាតបណ្តើរៗ អំពីធាតុពិតក្នុងពិភពប្រកួតប្រជែងជ្រាលជ្រៅរវាងពួកមហាអំណាច។

សំណួរជាច្រើន គឺតើអាមេរិកនឹងលូកដៃទៅកូរជម្លោះឆ្ងាយៗ ដូចជាអ៊ុយក្រែននេះ តាមលំនាំសង្គ្រាមឆ្នាំ១៩៩០ នៅអ៉ីរ៉ាក់ទៀតដែរទេ? អ្នកខ្លះថា ទេ! ដោយសារកិត្យានុភាពរបស់យក្សចិន អាមេរិកពេលនេះ ផ្តោតការយកចិត្តទុកដាក់ធ្ងន់មកលើ Indo-Pacific (ឥណ្ឌូប៉ាស៊ីហ្វិក) ជាង។

គិតបកក្រោយបន្តិច នៅឆ្នាំ១៩៩០ដែល អ៊ីរ៉ាក់បានឈ្លានពានគុយវ៉ែត សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានធ្វើអន្តរាគមន៍ ខុសពីពេលនេះឆ្ងាយ ឬមួយថា សង្គ្រាមនៅអាហ្វហ្គានីស្ថាន អ៉ីរ៉ាក់ ទំនងជាបានធ្វើឱ្យអាមេរិករសាយចិត្តនឹងសង្គ្រាម ធុញទ្រាន់នឹងការជាប់ពាក់ព័ន្ធ ជាមួយជម្លោះបរទេ​សហើយដឹង?។

គួរកត់សម្គាល់ថា ដំណើរផ្សងព្រេងដ៏ធំ និងក្តារអុកចុងក្រោយ១របស់ វ្លាឌីមៀ ពូទីនពេលនេះ បានហ្រ្វីនូវពាក្យព្រមានចំៗ ហាមមិនឱ្យមានអ្នកទីបីមកជ្រៀតជ្រែកជួយអ៊ុយក្រែន ជាមួយឃ្លាញាក់សាច់បញ្ជាក់ថា “អ្នកនោះនឹងបង់តម្លៃមួយ ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ប្រសិនលូកដៃ”។ នេះហើយជាមូលហេតុធំពីក្រោយ ការតស៊ូយ៉ាងឯកោរបស់ក្រុងគៀវ។

ជូនអ្នកដែលរង់ចាំប្រតិកម្មពីអាមេរិក!
ឧទាហរណ៍ងាយយល់មួយជូនប្អូនៗជាហ្វេនរបស់ខ្ញុំ ពីភាពខុសគ្នារវាងស្ថានភាព ឆ្នាំ១៩៩០-៩១ និង ២០២២ នេះគឺមិនមែនស្អីទាំងអស់ ក្រៅពី “អាវុធប្រល័យលោក” ត្រូវហើយគឺ នុយក្លេអ៊ែរ ប្អូន! មេដឹកនាំល្បីរន្ទឺ សាដាម ហ៊ូសេន ខ្លាំងមែន តែគាត់មិនមានអាវុធនុយក្លេអ៊ែរទេ ឯ វ្ល៉ាឌីមៀ ពូទីន ពេលនេះមានប្រហែល ជាង៥ពាន់ជិត៦០០០នុយក្លេអ៊ែរ ( I-news/UK )។ នេះហើយមូលហេតុចម្បង ដែលអាមេរិកនិងសម្ពន័មិត្ត មិនអាចកម្រើកដៃ។

សង្គ្រាមលោកលើកថ្មីមួយ ដែលឮហើយព្រឺ (សម្រាប់យើងជាអ្នកស្រ​លាញ់សន្តិភាព) គឺអាចថា នៅកៀកៗនឹងការចង់បាន របស់អ្នកមួយចំនួន ដែលចង់ឃើញ ការជ្រៀតជ្រែករបស់លោកខាងលិច ទៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។
មកទល់ពេលនេះម៉ោងនេះ ពិភពលោកនៅតែបន្តព្រួយបារម្ភជាសកល អំពីលទ្ធភាព នៃការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ខណៈអ្នកវិទ្យាសាស្ត្រនិយាយថា មហាអំណាចពីរនេះ មានក្បាលគ្រាប់នុយក្លេអ៊ែរ ស្មើ៩០ភាគរយ នៃនុយក្លេអ៊ែរសរុបលើពិភពលោក។

នុយក្លេអ៊ែ គឺជាអាវុធប្រល័យលោក ដែលត្រូវបានមនុស្សជាតិបង្កើតឡើង ក្នុងគោលដៅបំផ្លាញមនុស្សលោកខ្លួនឯង ក្នុងល្បឿនយ៉ាងឆាប់រហ័សនិងមហន្តរាយ។ ហានិភ័យ នៃជម្លោះរវាងពួកមហាអំណាច ដែលមានអាវុធនុយក្លេអ៊ែរ គឺធំធេងលើសអ្វីដែលយើងដឹង។

ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី មានសមត្ថភាពវាយប្រហារ “Nuclear Triad” ដោយយន្តហោះទម្លាក់គ្រាប់បែក នុយក្លេអ៊ែរ នាវាមុជទឹកបំពាក់ដោយកាំជ្រួចនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលនៅលើដីផ្ទាល់។

ប្រការនេះហើយ ដែលគួរគិតឡើងវិញថា ទន្ទឹមនឹងពេលដែលគ្មានអ្នកណាដឹងពីលទ្ធផលចុងក្រោយថាអាមេរិក ឬរុស្ស៊ីដែលនឹង ឈ្នះសង្គ្រាមនុយក្លេអ៊ែរ រឿងប្រាកដដែលយើងដឹង គឺពេលដែលពួកគេបើកបេសកកម្មស្លាប់រស់បំផ្លាញមូលដ្ឋានយោធាសំខាន់ៗ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចគ្នា ទៅវិញទៅមក អ្វីទៅជាលទ្ធផលសម្រាប់លោកមួយនេះ។

គ្រប់គ្នានឹងចាញ់ រួមទាំងប្រទេសផ្សេងៗដែលមិនពាក់ព័ន្ធផង។

ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយគ្មានការលូកដៃពីលោកខាងលិចនៅតែជាជម្រើសឈ្នះ ! គួរមិនគួរ ខុសចិត្ត ខុសការយល់ឃើញ សូមអធ្យាស្រ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here