ប្រតិភូ​ធុរជន​អាមេរិក មកដល់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្មើ​ឲ្យ​វិនិយោគ​លើ​ការធ្វើ​ទំនើបកម្ម វិស័យ​កសិកម្ម​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក​ប៉ាន សូរ​ស័ក្តិ​បានស្នើ​គណៈប្រតិភូ​ធុរជន​អាមេរិក ធ្វើការ​វិនិយោគ​លើ​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម​កម្ពុជា ឱ្យដល់​កម្រិតស្តង់ដារ​អន្តរជាតិ ដើម្បី​ជំរុញ​ការនាំចេញ​កសិផល​ខ្មែរ ឱ្យបាន​អតិបរមា​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

លោក ប៉ាន សូរ​ស័ក្តិ ក្នុងជំនួប​ជាមួយ​ប្រតិភូ​ធុរកិច្ច​អាមេរិក មកពី​ក្រុមហ៊ុនធំៗចំនួន១៦ ដើម្បី​ស្វែងរក​ឳ​កាស​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី២៦ កញ្ញា​នេះ បាន​ជម្រាបជូន​គណៈប្រតិភូ​ធុរជន​អាមេរិក អំពី​ស្ថិរភាព​កំណើនសេដ្ឋកិច្ច និង​សក្តានុពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា ព្រមទាំង​បញ្ហា​ប្រឈម​មួយចំនួន ដែល​កម្ពុជា​បាន​កំពុង​ជួបប្រទះ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​វិនិយោគ​ពី​ផ្នែក​ឯកជន ដើម្បី​ធ្វើ​ទំនើបកម្ម និង​ប្រែក្លាយ​វិស័យ​មួយ​នេះ ឱ្យទៅជា​មូលដ្ឋាន​ផលិតកម្ម​ជាតិ សំដៅ​ធ្វើ​ពិពិធ​កម្ម (ពង្រីក) ការនាំចេញ​ទៅកាន់​ទីផ្សា​រ​ក្នុង​តំបន់ និង​ពិភពលោក។

លោក​រដ្ឋមន្ត្រី បានលើកឡើង​អំពី​អត្ថប្រយោជន៍​នៃ​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា និង​បាន​ជម្រាបជូន​ភាគី​អាមេរិក អំពី​គោលនយោបាយ​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល ចំពោះ​វិនិយោគិន​បរទេស ដូចជា​ការលើកលែង​ពន្ធ​នាំចូល​សម្រាប់​សម្ភារៈ និង​គ្រឿង​បរិក្ខា​កសិកម្ម, ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការសម្រួល​ការនាំ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្តល់​ដោយ​ប្រទេស​ជា​ដៃគូ។

លោក ប៉ាន សូរ​ស័ក្តិ បាន​លើកទឹកចិត្ត​ប្រតិភូ​ធុរជន​អាមេរិក ចាប់​ដៃគូ​ជាមួយ​ធុរជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា តាមរយៈ​ការនាំយក​បច្ចេកវិទ្យាថ្មីៗ ដើម្បី​អភិវឌ្ឍន៍​ខ្សែចង្វាក់​តម្លៃ​កសិផល​របស់​កម្ពុជា និង​ការបង្កើត​កម្មវិធី​បណ្តុះ​បណ្តាល ដើម្បី​ពង្រឹងសមត្ថភាព​វិស័យ​ឯ​ជន និង​លើកស្ទួយ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។

ការ​មក​ស្វែងរក​ឳ​កាស​វិនិយោគ​របស់​អាមេរិក ត្រូវ​រៀបចំឡើង​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក សហការ​ជាមួយ​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា នៅ​សណ្ឋាគារ Rosewood រាជធានី​ភ្នំពេញ​ដែល​រៀបចំ​ដឹកនាំ​ដោយ​លោក វីល្លាម ហ៊ី​ដ (William Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​លោក អេ​ឡែ​ន ឌី តាន់ (Allen D. Tan) ប្រធាន​ក្រុមប្រឹក្សាភិបាល​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លាម ហ៊ី​ដ និង​លោក អេ​ឡែ​ន ឌី តាន់ ព្រមទាំង​គណៈប្រតិភូ​ធុរជន​អាមេរិក បាន​សន្យា​ជួយ​សម្របសម្រួល​ការចាប់​ដៃ​គូធ​រុ​កិច្ច​របស់​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ និង​ពិនិត្យ​លទ្ធភាព​ជួយ​គាំទ្រ​ការអភិវឌ្ឍ​សមត្ថភាព​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ជុំវិញ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​កសិផល​កម្ពុជា និង​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ។

វិស័យ​កសិកម្ម​កម្ពុជា​កាលពី​ឆ្នាំ២០១៧វិស័យ​កសិកម្ម បានរួម​ចំណែក​នៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) ២៤,៩ភាគរយ។ ទន្ទឹមនឹងនេះ​នៅក្នុង​អំឡុងពេល​ដូចគ្នា ឧស្សាហកម្ម​មាន ៣២,៩ភាគរយ និង​សេវាកម្ម​មាន៤២,២ភាគរយ។ ការចូលរួម​ពី​វិស័យ​កសិកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ​បាន​ថយចុះ ដោយសារតែ​កំណើន​លឿន​នៃ​វិស័យ​ពីរ​ផ្សេងទៀត។ ប៉ុន្តែ​ទោះបី​ជាមាន​ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ទីក្រុង ក៏​វិស័យ​ប្រពៃណី​មួយ​នេះ នៅតែ​ដើរតួនាទី​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ភាគច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here