ដោយៈ ម៉ាលីស
ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងសាងសង់ អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលការសាងសង់ បានសម្រេចចំនួន៧៥ភាគរយហើយ។

-->
លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ពន្លឿន ការសាងសង់ស្របតាមស្តង់ដារបច្ចេកទេស និងគុណភាពខ្ពស់។

គម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល បានចំនួន៣៥៦គ្រែ (គ្រែ១ជាន់ ) ឬអាចបានចំនួន ៧១២គ្រែ ប្រសិនប្រើគ្រែ២ជាន់។

ការសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ បានសម្រេចចំនួន៧៥ភាគរយហើយ។
បន្ទាប់មកលោក អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអគារធ្វើការនៅក្នុងមន្ទីរពេទ្យ ព្រមទាំងបានណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយពង្រាបដីដោយធ្វើផ្លូវចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តរបស់យើង មានសោភ័ណភាពស្រស់ស្អាត និងមានពណ៌បៃតង៕
