ដោយៈជេស៊ីកា
ស្វាយរៀងៈ ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយSailun Group បានបន្ថែមទុនវិនិយោគ២៦៨លានដុល្លារបន្ថែមទៀត ដើម្បីបង្កើតរោងចក្រផលិតកង់រថយន្តដឹកទំនិញថ្មីមួយ បន្ថែមពីលើរោងចក្រផលិតកង់រថយន្តធម្មតាដែលមានស្រាប់ នៅក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានIR Journal កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងមកបានឲ្យដឹងថា ក្រុមហ៊ុន Sailun Group ដាក់ផែនការផលិតឱ្យបាន១,៦លានកង់ក្នុងមួយឆ្នាំ ដើម្បីនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។
-->
រោងចក្រថ្មីនេះ កំពុងត្រូវបានសាងសង់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Qilu ទីក្រុងស្វាយរៀង។ តាមផែនការការសាងសង់នឹងបញ្ចប់ក្នុង រយៈពេល១៧ខែ។

ការសិក្សារបស់ក្រុមហ៊ុននេះបានបង្ហាញថា ការវិនិយោគនៅកម្ពុជាគឺមានសក្ដានុពលខ្ពស់ ព្រោះមានកម្លាំងពលកម្មគ្រប់គ្រាន់ តម្លៃកៅស៊ូទាប និងការនាំចេញនាំចូលនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ។
រោងចក្រនេះ គ្រប់គ្រងដោយក្រុមហ៊ុន China CART TIRE Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនSailun Group។

ក្រុមហ៊ុនSailun Group ជាក្រុមហ៊ុនដែលបានបង្កើតរោងចក្រផលិតកង់រថយន្តដំបូងគេនៅកម្ពុជា ដោយការសាងសង់រោងចក្រចំណាយពេល ២ ឆ្នាំ និងបានដាក់ដំណើរការផលិតកម្មកាលពីចុងឆ្នាំ២០២១ថ្មីៗនេះ៕