រដ្ឋាភិបាលគ្រោងបង្កើនការនាំចេញយានយន្តនិងអេឡិចត្រូនិកឲ្យបានជាង២ពាន់លានដុល្លាររយៈពេល៥ឆ្នាំខាងមុខ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មទាំងទីផ្សារ និងផលិតផលសម្រាប់នាំចេញ ជាពិសេសនៅក្នុងរយៈ៥ឆ្នាំខាងមុខកម្ពុជា រំពឹងពីការនាំចេញផលិតផលយានយន្ត និងអេឡិចត្រូនិកជាង២ពាន់លានដុល្លារអាមេរិក ដែលអាចផ្ដល់ចំណូលដល់ប្រជាពលរដ្ឋជាង២២ពាន់នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្រោយកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវការអភិ​វ ឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ជាមួយអ្នកវិនិយោគ កា​​លពីថ្ងៃទី១មីនា ២០២២ឱ្យដឹងថា ការអនុវត្តដោយជោគជ័យ នូវផែនទីបង្ហា​ញផ្លូវក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក នឹងផ្ដល់បច្ច័យយ៉ាងសំខាន់សម្រាប់កម្ពុជា ដូចជា អាចបង្កើនទំហំនាំចេញ ក្នុងទឹកប្រាក់លើសពី២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីជាង២២ពាន់នាក់ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ក៏ដូចជាបង្កើនកាលានុភាពថ្មីៗ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងវិស័យទាំងពីរនេះ។

សេចក្ដីប្រកាសដដែលឱ្យដឹងថា វិនិយោគិនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ក៏នឹងទទួលបាននូវប្រយោជន៍ ពីការរៀបចំនេះផងដែរ ដូចជាការបង្កើនធនធានមនុស្ស ប្រកបដោយជំនាញការធ្វើឱ្យប្រសើរឡើងថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងភស្តុភារកម្ម ដើម្បីគាំទ្រភាពប្រកួតប្រជែងតម្លៃនៃកម្មន្តសាល និងការផ្ដល់នូវកិច្ចសម្របសម្រួលផ្នែកគយ និងពាណិជ្ជកម្ម ដែលកាន់តែមានប្រសិទ្ធភាព ដល់ការនាំចូលនិងនាំចេញផលិតផល ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា វិស័យយានយន្តនិងអេឡិចត្រូនិក ត្រូវបានជ្រើសរើសនិងកំណត់ជាវិស័យអាទិភាព ដើម្បីចូលរួមចំណែ​កដល់ការស្ដារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការធ្វើទំនើបកម្មនិងពិពិធកម្ម ដែលមានសង្គតិភាពជាមួយ គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសារនិងជំរុញកំណើ​នសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ ។

លោកសុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈកិច្ចប្រឹងប្រែងរួមរបស់ក្រសួងស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយក្នុងការកំណត់យុទ្ធសាស្ត្រ ទិសដៅ និងយន្តការចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍនិងទាក់ទាញ ការវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងតម្លៃ ក្នុងប្រតិបត្តិការនៃវិស័យទាំងនេះ ។

លោកបានមានប្រសាសន៍ថា “ក្រសួង ស្ថាប័នពាក់ព័ន្ធ មើលឃើញពីភាពចាំបាច់ ក្នុងការសហការជាមួយវិស័យឯកជន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យទាំងអស់ ដោយចាប់ផ្ដើមពីការរៀបចំយុទ្ធសាស្ត្រ រួមរហូតដល់ការដាក់ចេញនិងអនុវត្តផែនការសកម្មាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here