ដោយៈ វិវត្តន៍
ត្បូងឃ្មុំៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងអញ្ជើញជាអធិតបី ក្នុងពិធីសម្ភោធមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិននៅថ្ងៃទី៧ មិនានេះ។
ដោយៈ វិវត្តន៍
ត្បូងឃ្មុំៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងអញ្ជើញជាអធិតបី ក្នុងពិធីសម្ភោធមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិននៅថ្ងៃទី៧ មិនានេះ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីជនបទនោះ ត្រូវបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលមន្ទីរពេទ្យនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបំរើសេវាកម្មពិគ្រោះ ថែរទាំ ព្យាបាលអ្នកជំងឺនៅខេត្តត្បូងឃ្មុំ និងប្រជាជននៅតាមបណ្តាខេត្តក្នុងតំបន់នោះផងដែរ។
ឈរលើគោលនយោបាយ លើកម្ពស់សុខភាពសាធារណៈឱ្យបានកាន់តែប្រសើរ និងធានាឱ្យបាននូវភាពប្រសើរ នូវសុខភាពរបស់ប្រជាពលរដ្ឋនេះហើយ រាជរដ្ឋាភិបាលបានបង្កើតឱ្យមានមន្ទីរបង្អែកនៅតាមខេត្ត ក្រុង ស្រុក និងបង្កើតមណ្ឌលសុខភាពនៅតាមឃុំផងដែរ។
បើទោះបីយ៉ាងណា ការបង្កើតឱ្យមានមន្ទីរពេទ្យបង្អែកតាមខេត្ត ក្រុង ស្រុក និងមណ្ឌលសុខភាពតាមឃុំនេះ មិនទាន់ឆ្លើយតបនៅឡើយសម្រាប់ប្រជាពលរដ្ឋដែលមានជំងឺ ឬគ្រោះថ្នាក់ធ្ងន់ៗដែលគំរាមកំហែងអាយុជីវិត។ ប្រជាពលរដ្ឋនៅតាមទីជនបទ នៅពេលមានជំងឺធ្ងន់ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរដោយចៃដន្យណាមួយនោះ ពួកគេត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ការបញ្ជូនមកស្វែងរកការព្យាបាល ពីតាមបណ្តាខេត្ត ឆ្ពោះមករាជធានីភ្នំពេញ ពេលខ្លះធ្វើឱ្យការសង្គ្រោះ មិនទាន់ពេលវេលា ហើយអ្នកជំងឺត្រូវបាត់បង់ជីវិតតាមផ្លូវក៏មាន។
ដើម្បីដោះស្រាយបញ្ហាដែលជាក្តីកង្វល់ដ៏ធំ នៅក្នុងជីវិតរបស់ប្រជាពលរដ្ឋនៅតាមទីជនបទនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានគិតគូរ ហើយឈានដល់ការសម្រេចចិត្តសាងសង់មន្ទីរពេទ្យមានការព្យាបាល កម្រិតខ្ពស់មួយនៅលើទឹកដីខេត្តត្បូងឃ្មុំ។
ក្រោមចំណងមិត្តភាព និងការគាំទ្រដ៏មុតមាំផ្នែកថវិកា ពីរដ្ឋាភិបាល និងប្រជាជនចិន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តត្បូងឃ្មុំ ក៏ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលបើកការដ្ឋាននោះថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិត្ត ខេត្តត្បូងឃ្មុំ ដែលបំពាក់ដោយបរិក្ខារបម្រើការព្យាបាលដ៏ទំនើបនេះ មិនត្រឹមតែបម្រើដល់ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ។ ប៉ុន្តែក៏នឹងរួមចំណែកបម្រើ ដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់នោះ ដូចជាខេត្តកំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីផងដែរ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានសាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះបានចំណាយទឹកប្រាក់ ប្រមាណ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។
មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យ មានចំនួន៥ជាន់ អគារសម្ភព រោគស្រី និងកុមារចំនួន៥ជាន់ អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត១ជាន់។
មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿង បរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹង ជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺ បានកាន់តែប្រសើរ។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា សមត្ថភាពអគារនេះ គឺជាអគារមួយដែលទំនើប ហើយយើងមានសម្ភារៈបរិក្ខារ ទំនើបៗកម្រិតអន្តរជាតិ ដែលយើងបំពាក់នៅក្នុងអគារមន្ទីរពេទ្យនេះ។
លោកបន្តថា “សម្ភារៈបរិក្ខារទាំងអស់ សុទ្ធតែបំពាក់បច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោកយើងនេះ។ ការគ្រប់គ្រងប្រព័ន្ធទាំងអស់នៅក្នុងមន្ទីរពេទ្យ គឺគ្រប់គ្រងដោយប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប”។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំនេះ មានគ្រែសម្រាប់អ្នកជំងឺសរុបចំនួន៣០០គ្រែ ដោយមានផ្តល់សេវាពិនិត្យ និងព្យាបាលលើជំងឺទូទៅជំងឺកុមារ ជំងឺឆ្លង ពិគ្រោះជំងឺក្រៅ ប្រពោធនកម្ម (ICU) សង្គ្រោះបន្ទាន់ វះកាត់ រោគស្ត្រី និងសម្រាលកូន រូបភាពវេជ្ជសាស្ត្រ និង Endoscopy មន្ទីរពិសោធន៍ ឱសថស្ថាន បន្ទប់រំងាប់មេរោគ ប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាល និងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព។
លោកវេជ្ជបណ្ឌិតអេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានឱ្យដឹងថា មន្ទីរពេទ្យអាចពិគ្រោះជំងឺ ក្នុងមួយថ្ងៃបាន៦០០នាក់។លោកបន្តថា បើទោះបីជាយ៉ាងណា មន្ទីរពេទ្យមួយនេះ ក៏នៅប្រឈមនឹងបញ្ហាខ្វះវេជ្ជបណ្ឌិតជំនាញ លើជំងឺធ្ងន់មួយចំនួន និងការប្រើប្រាស់ស ម្ភារៈបរិក្ខារ ដែលមានបច្ចេកវិទ្យាទំនើបៗផងដែរ។
បច្ចុប្បន្នមន្ទីរពេទ្យបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលក្រុមគ្រូពេទ្យ ហើយក៏មានគម្រោងស្នើសុំគ្រូពេទ្យ ជំនាញបន្ថែមពីរាជរដ្ឋាភិបាល ទៅដាក់នៅមន្ទីរពេទ្យនោះផងដែរ៕