រឿង១០យ៉ាងដែលអ្នកគួរជៀសវាងនិងប្រុងប្រយ័ត្នពេលទៅលេងនៅប្រទេសថៃ

0

ដោយៈសុខុម

ប្រទេសថៃៈ ពិតណាស់ថា ប្រទេសថៃ ជាគោលដោទេសចរណ៍ដ៏ពេញនិយមមួយនៅអាស៊ី និងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា “ទឹកដីនៃស្នាមញញឹម” (Land of Smiles) ព្រោះប្រជាជនថៃ រួសរាយរាក់ទាក់ សុភាពរាបសា ទន់ភ្លន់ និងពោរពេញដោយស្នាមញញឹម។

ទោះជាយ៉ាងណា អ្វីៗមិនសុទ្ធតែល្អដូច ដែលអ្នកទាំងអស់គ្នាធ្លាប់បានឮតៗគ្នា ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលផ្សាយតែរឿងល្អៗនោះឡើយ។ ហើយខាងក្រោមនេះជារឿង១០យ៉ាងដែលអ្នកដឹង និងគួរតែជៀសវាង និងប្រុងប្រយ័ត្ន ពេលទៅលេងប្រទេសក្បែរខាងរបស់កម្ពុជា មួយនេះ៖

*១- ហែលទឹកនៅឆ្នេរ Andaman ក្នុងរដូវកាលមានភ្ញៀវទេសចរតិច
ជារៀងរាល់ឆ្នាំ មានមនុស្សប្រមាណ៥០នាក់ លង់ទឹកស្លាប់នៅតាមបណ្ដោយឆ្នេរខ្សាច់ភាគខាងលិច នៃកោះភូកេត ដ៏ល្បីល្បាញ។ ភាគច្រើននៅក្នុងរដូវវស្សា ឬរដូវកាលមានភ្ញៀវទេសចរតិច (Low Season) មានខ្យល់បក់បោកខ្លាំង ធ្វើឱ្យមានរលកធំៗមកលើឆ្នេរ Andaman នៃកោះនេះ។

*២- ជួលម៉ូតូជិះ
មានកន្លែងជួលម៉ូតូជិះច្រើនណាស់ នៅក្នុងប្រទេសថៃ គឺមានរាប់រយកន្លែង នៅម្ដុំតំបន់ទេសចរណ៍សំខាន់ៗ ជាពិសេសកោះភូកេត ដែលជួយសម្រួល ដល់ការធ្វើដំណើររបស់អ្នកទៅគ្រប់ច្រកល្ហក។ ទោះជាយ៉ាងណា ផ្លូវថ្នល់នៅក្នុងប្រទេសថៃ គឺស្ថិតក្នុងចំណោមផ្លូវគ្រោះថ្នាក់បំផុត ក្នុងពិភពលោក ដូចនេះហានិភ័យពិតជាខ្ពស់ណាស់ បើអ្នកជួលម៉ូតូជិះ។

យោងតាមទិន្នន័យបង្ហាញថា ក្នុងមួយថ្ងៃៗមានករណីគ្រោះថ្នាក់ចរាចរណ៍រាប់រយករណីនៅលើកោះភូកេត។ អ្នកជិះម៉ូតូមួយចំនួនធំនៅលើកោះនេះជិះគ្មានសណ្ដាប់ធ្នាប់ មិនពាក់មួកការពារ ដោយខ្លះជិះម៉ូតូទាំងដោះអាវក្នុងអាការៈស្រវឹងក៏មាន។ បើមានគ្រោះថ្នាក់កើតឡើង អ្នកនឹងមានបញ្ហាធំ ព្រោះអ្នកគ្មានធានារ៉ាប់រងទេសចរណ៍ និងបើកម៉ូតូដោយគ្មានប័ណ្ណបើកបរ។

*៣- ទៅលេងកន្លែងខ្លា ឬសត្វសម្ដែង
នៅប្រទេសថៃ មានកន្លែងសត្វសម្ដែងជាច្រើន ហើយសត្វដែលសម្ដែងមានដូចជាបក្សី សត្វល្មូន ខ្លា ត្រីដូហ្វីន និងជាច្រើនទៀត។ កន្លែងសម្ដែងទាំងនេះ គឺពេញនិយមណាស់ និងស្របច្បាប់។ ទោះជាយ៉ាងណា អ្នកគួរជៀសវាង ទៅមើសសត្វសាហវសម្ដែង ជាពិសេសខ្លាតែម្ដង ព្រោះអាចនឹងមានគ្រោះជាយថាហេតុដូចទេសចរបរទេសម្នាក់។

ទេសចរជនជាតិអូស្ត្រាលី ម្នាក់ត្រូវបានខ្លាខាំនៅកន្លែងខ្លាសម្ដែង Tiger Kingdom នៅ Kathu កោះភូកេត ក្នុងឆ្នាំ២០១៥។ ដ្បិតតែគាត់អាចរក្សាជីវិតបាន ប៉ុន្តែបានរងរបួសធ្ងន់ ហើយវាជាបទពិសោធន៍ដ៏អាក្រក់ដែលគាត់មិនអាចបំភ្លេចបានមួយជីវិត។

*៤- ទៅលេងសួនសត្វ
សួនសត្វជាច្រើននៅប្រទេសថៃ គ្មានស្ដង់ដារអន្តរជាតិនោះទេ ហើយការជិះដំរី និងខ្លាសម្ដែងវាបានហួសសម័យទៅហើយ សម្រាប់ភ្ញៀវទេសចរលោកខាងលិចភាគច្រើន។ ប៉ុន្តែសត្វសម្ដែងនៅតែពេញនិយម សម្រាប់ទេសចរអាស៊ី និងអឺរ៉ុបខាងកើតមួយចំនួនធំ។ សួនសត្វទាំងនេះតែងតែទទួលរងការរិះគន់ ជាពិសេសតាម Plaform ទេសចរណ៍ដូចជាគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Trip Advisor ជាដើម ចំពោះការមើលថែសត្វមិនដិតដល់ ដោយឃុំសត្វស្គមកំប្រឹង ដើម្បីទាក់ទាញទេសចរ និងមានក្លិនស្អុយអាក្រក់។

*៥- ជិះដំរី
ការជិះដំរីគឺពេញនិយមណាស់ សម្រាប់ទេសចរនៅក្នុងប្រទេសថៃ។ តាមពិតទៅ ដំរីទាំងនោះភាគច្រើន គឺធ្លាប់ធ្វើការធ្ងន់ៗនៅក្នុងព្រៃជ្រៅដូចជាការអូសឈើជាដើម មុននឹងត្រូវគេចាប់យកមកទុក ឱ្យភ្ញៀវទេសចរជិះកម្សាន្ត។ ទន្ទឹមនឹងការកម្សាន្តអារម្មណ៍ វាជាការធ្វើបាបសត្វដំរី ព្រោះពួកវាភាគច្រើនមានអាយុចាស់ណាស់ទៅហើយ ដែលគួរតែលែងវាចូលទៅក្នុងដែនជម្រកធម្មជាតិរបស់ពួកវាវិញ។

*៦- កុំស្នាក់នៅរហូតផុតទិដ្ឋាការ
ច្បាប់ស្ដីពីទិដ្ឋាការ និងច្បាប់អន្តោប្រវេសន៍តឹងរ៉ឹងណាស់ នៅប្រទេសថៃ ដូចនេះអ្នកមិនត្រូវស្នាក់នៅរហូតហួសទិដ្ឋាការឡើយ បើមិនចង់មានបញ្ហាធំ។ ក្នុងនាមជាជនបរទេស ប្រសិនបើអ្នកត្រូវប៉ូលិសហៅ នោះមានន័យថាប៉ូលិស ទំនងជាចង់ពិនិត្យមើលលិខិតឆ្លងដែន និងព័ត៌មានលម្អិតស្ដីពីទិដ្ឋាការ។ អ្នកនឹងត្រូវប៉ូលិសផាកពិន័យ សម្រាប់ការស្នាក់នៅហួសទិដ្ឋាការ ហើយអ្នកអាចនឹងត្រូវឃុំឃាំង បណ្ដេញចេញ និងចុះក្នុងបញ្ជីខ្មៅទៀតផង បើហួសទិដ្ឋាការយូរ។

*៧- ឡើងជិះតាក់ស៊ី ឬរ៉ឺម៉កកង់បីដោយមិនបានតថ្លៃជាមុន
ការតថ្លៃ ឬចរចាតម្លៃគ្នាឱ្យហើយ មុនពេលឡើងជិះតាក់ស៊ី ឬ រ៉ឺម៉កកង់បីពិតជាសំខាន់ណាស់នៅក្នុងប្រទេសថៃ មិនថានៅក្រុងបាងកក ផាត់តាយ៉ា ឈៀងម៉ៃ សាមួយ ឬកោះភូកេត។ បើអ្នកឡើងជិះដោយមិនបានសួរតម្លៃ ឬ តវ៉ាគ្នាជាមុន អ្នកនឹងត្រូវគេកោរអស់លុយច្រើន នឹកស្មានមិនដល់។ មានវិធីជាច្រើនដែលអ្នករត់តាក់ស៊ី ឬអ្នករត់រ៉ឺម៉កកង់បីកោរអ្នក ឬនិយាយឱ្យចំថាគិតថ្លៃ និងច្រើនហួសហេតុ ហើយពួកគេនឹងប្រលេសថា តាក់ស៊ីឬរ៉ឺម៉កកង់បីរបស់ពួកគេងាប់គីឡូជាដើម។

*៨- ចុះហត្ថលេខាលើកិច្ចសន្យា ដោយគ្មានការប្រឹក្សាពីមេធាវីដែលមានការទទួលស្គាល់ត្រឹមត្រូវ
នៅប្រទេសថៃ អ្នកកុំចុះហត្ថលេខាលើកិច្ចសន្យា ជាភាសាបរទេសដោយគ្មានការពិនិត្យពីមេធាវីថៃ គួរឱ្យទុកចិត្តបានដែលមានការទទួលស្គាល់ត្រឹមត្រូវ ពុំនោះទេអ្នកអាចនឹងត្រូវចាញ់បោកគេ ឬឯកសារផ្លូវច្បាប់រៀបចំមិនបានល្អជាដើម។

*៩- ឈ្លោះជាមួយប៉ូលិសថៃ
ជាទូទៅ ប៉ូលិសនៅប្រទេសថៃ ទទួលបានប្រាក់បៀវត្សរ៍តិចតួចណាស់ បើធៀបទៅនឹងបណ្ដាប្រទេសជឿនលឿន ដោយប៉ូលិសខ្លះសូកប៉ាន់ ដើម្បីបានឡើងតំណែងធំ មានឱកាសអាចរកលុយក្រៅបាន (លុយទឹកតែ ឬ លុយសូកប៉ាន់)។ ដូចនេះ បើអ្នកត្រូវប៉ូលិសថៃ ឃាត់ដោយសារអ្នកមិនបានពាក់មួកសុវត្ថិភាព ឬគ្មានប័ណ្ណបើកបរជាដើម អ្នកគួរតែបង់លុយឱ្យពួកគេ ដើម្បីបន្តដំណើរទៅមុខទៀតដោយរលូន។ កុំគិតចង់តតាំង ឬ ឈ្លោះជាមួយប៉ូលិសថៃ ឱ្យសោះ ប្រសិនបើអ្នកមិនចង់មានរឿងធំ។

*១០- ការដោះអាវបញ្ចេញភាពសិចស៊ី
ការមុជទឹកដោយមិនពាក់អាវសម្រាប់នារីៗ គឺវារឿងធម្មតាទៅហើយសម្រាប់ពួកលោកខាងលិច ប៉ុន្តែសម្រាប់ប្រពៃណីប្រទេសថៃ ពិបាកនឹងទទួលយក ព្រោះជាប្រទេសអភិរក្សនិយម។ ជាទូទៅ បើអ្នកដោះអាវនៅតំបនទេសចរណ៍ ប៉ុន្តែអ្នកមិនត្រូវដើរទៅណាឆ្ងាយពេកទេ ហើយបើដើរចេញ អ្នកត្រូវផ្លាស់ប្ដូរសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវភ្លាមៗ ពុំនោះទេអ្នកស្រុកនឹងរាយការណ៍ប្រាប់បូលិស ហើយប៉ូលិសនឹងមកឃាត់ខ្លួនអ្នកយកណែអប់រំជាមិនខាន៕ Thethaiger៕

LEAVE A REPLY

Please enter your comment!
Please enter your name here