ក្រុមហ៊ុនបដិសណ្ឋារកិច្ច Centara គ្រោងបើកដំណើរការសណ្ឋាគារថ្មី១០០កន្លែងនិងគ្រោងពង្រីកដល់ទីផ្សារកម្ពុជា

0

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ធំរបស់ថៃ Centara Hotels and Resorts បានទម្លាយឱ្យដឹងថា ខ្លួនមានគម្រោងបើកដំណើរការស ណ្ឋា​គារថ្មីៗ រហូតដល់ទៅ១០០កន្លែងក្នុងរយៈពេល៥ឆ្នាំ។

យោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៨ មីនាបានឱ្យដឹងថា គម្រោងទាំងនេះរួមមាននៅប្រទេសថៃ ប្រទេសចិន តំបន់មជ្ឈិមបូព៌ា និងបណ្ដាប្រទេសជិតខាងថៃ ដែលអាចហៀរមកដល់កម្ពុជាយើងផងដែរ។

លោក Thirayuth Chirathivat នាយកប្រតិបត្តិក្រុមហ៊ុន Centara Hotels and Resorts បានថ្លែងថា ផែនការរយៈពេល៥ឆ្នាំ សម្រាប់ឆ្នាំ២០២២-២០២៦ នេះគឺនឹងត្រូវបន្ថែមសណ្ឋាគារថ្មីចំនួន២០ ក្នុងមួយឆ្នាំៗ ហើយចំនួនសណ្ឋាគារសរុប នឹងឈានដល់ជិត២០០កន្លែង ដែលផ្ដល់សេវាបន្ទប់រហូតដល់ដល់ទៅប្រមាណ ៣៨.០០០បន្ទប់។

ចំនួនពាក់កណ្តាលនៃសណ្ឋាគារថ្មីៗទាំងនេះ គឺស្ថិតនៅក្នុងប្រទេសថៃ បន្ទាប់មកនៅតំបន់មជ្ឈិមបូព៌ា ប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសវៀតណាម ជាមួយនឹងគម្រោងបើកដំណើរការសណ្ឋាគារចំនួន២០កន្លែងនៅទីនោះ។

លោក Thirayuth Chirathivat បានបញ្ជាក់ថា ភាគច្រើននៃគម្រោងសណ្ឋាគារថ្មីទាំងនេះ នឹងមានកិច្ចព្រមព្រៀងគ្រប់គ្រងសណ្ឋាគារជាមួយបណ្ដាដៃគូសហការ។ ទោះជាយ៉ាងណា ក៏មានគម្រោងវិនិយោគកម្មសិទ្ធិមួយចំនួនផងដែរ ដូចជា សណ្ឋាគារថ្មីៗនៅប្រទេសដែនកោះម៉ាល់ឌីវ និងកោះ Koh Lanta ក្នុងប្រទេសថៃ ជាដើម។

បច្ចុប្បន្នក្រុមហ៊ុន Centara Hotels and Resorts មានសណ្ឋាគារចំនួន៨៨ ដោយក្នុងនោះចំនួន៤១កំពុងស្ថិតក្នុងដំណើរការសាងសង់។

នៅឆ្នាំនេះ ក្រុមហ៊ុនគ្រោងចុះកិច្ចសន្យាថ្មីចំនួន២០ និងបើកដំណើរការសណ្ឋាគារយ៉ាងតិចចំនួន៨ ដោយក្នុងនោះចំនួន៣កន្លែងនឹងស្ថិតនៅក្នុងប្រទេសថៃ ហើយសល់ប៉ុន្មានទៀតគឺនៅប្រទេសកាតា ប្រទេសអូម៉ង់ និងប្រទេសឡាវ។

ក្រុមហ៊ុននេះបានប្រកាសថា ខ្លួនទទួលបានប្រាក់ចំណូលចំនួន៦៩លានដុល្លារអាមេរិក ពីអាជីវកម្មសណ្ឋាគារក្នុងឆ្នាំ២០២១ ដោយធ្លាក់ចុះ២៥%បើធៀបនឹងឆ្នាំ២០២០។

លោក Thirayuth Chirathivat បានលើកឡើងថា យោងតាមការព្យាករ អាជីវកម្មសណ្ឋាគាររបស់ក្រុមហ៊ុនលោកនៅឆ្នាំនេះ អាចនឹងរកប្រាក់ចំណូលបាន១៧៨លានដុល្លារអាមេរិក៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here