ដោយៈ សុផារី
ភ្នំពេញៈ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចែករំលែកនូវធាតុផ្សំសម្រាប់ភ្នាក់អចលនទ្រព្យក្នុងការបិទការលក់ អចលនវត្ថុក្នុងកំឡុងវិបត្តិកូវីដ១៩នេះ។
ចំណុចទី១សំខាន់ គឺការផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ លោកមានប្រសាសន៍ថា ក្នុងបរិបទកូវីដ-១៩នេះ ការទិញលក់អចលនទ្រព្យ ដែលទទួលបាននូវភាពជោគជ័យច្រើនជាងគេ គឺការផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ តាមរយៈការណែនាំអតិថិជន ទទួលបានកម្ចីសមស្រប ឬលក្ខណ្ឌបង់ប្រាក់ដែលមានភាពអំណោយផល។
លោកបន្តថា “នៅពេលណាអតិថិជនមានលុយតិច ហើយអាចទិញបានអចលនវត្ថុបាន ពួកគេមានភាពសប្បាយចិត្ត ព្រោះគាត់អាច Leverage ធនធានធនាគារបាន”។ លោកបន្តថា ” Agent ខ្លះមានទំនាក់ទំនងល្អជាមួយវិស័យធនាគារ គាត់អាចណែនាំភ្ញៀវទៅកាន់ធនាគារ តាមរយៈការផ្តល់ចំណេះដឹង ផ្តល់ព័ត៌មានបឋមឱ្យថា តើធនាគារណាមួយដែលស័ក្តិសមនឹងភ្ញៀវរបស់គាត់”។
ទី២ ការយល់ដឹងពីអតិថិជនគោលដៅ ព្រោះអតិថិជនតែងតែមានធនធានហិរញ្ញវត្ថុ ធនធានចំណេះដឹង និងអចលនទ្រព្យផ្សេងៗគ្នា។
លោកច្រឹក សុខនីម បានពន្យល់ថា “ដីនិងផ្ទះជាអចលនវត្ថុដែលទទួលបានការពេញនិយម ចំពោះវិនិយោគិនក្នុងស្រុក។ សម្រាប់អចលនទ្រព្យ តម្លៃមធ្យមក្រោម២០ម៉ឺនដុល្លាអាមេរិក ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អតិថិជនក្រោមនេះ”។
លោកបន្តថា ការលក់ខុនដូមានការពេញនិយម ពីសំណាក់ជនជាតិបរទេស ឬអតិថិជនក្នុងស្រុកដែលមានលុយច្រើន និងកំពុងស្វែងរកអចលនវត្ថុសម្រាប់ជួលដើម្បីទទួលបានកម្រៃប្រចាំខែ។
ទី៣ ចំណេះដឹងក្នុងវិស័យអចលនទ្រព្យ ជាចំណុចសំខាន់មួយផងដែរ។ ការពន្យល់ឱ្យអតិថិជនមានភាពជឿជាក់ ប្រកបដោយភស្តុតាងគាំទ្រ។
លោកពន្យល់ទៀតថា ភ្នាក់ងារអចលនវត្ថុ ដែលមានក្រមសីលធម៌វិជ្ជាជីវៈ និងអាចទទួលបានជំនឿទុកចិត្ត បានតែងតែមានចំណេះដឹង និងសមត្ថភាពក្នុងការលើកទឡ្ហីករណ៍ទាំងឡាយណា ដែលអាចទទួលយកបាន។
ឧទាហរណ៍ ការទិញដីធ្លីនៅតាមជាយក្រុង ភ្នាក់ងារលក់ត្រូវសិក្សាថាតើដីធ្លីទាំងនោះជាប់នឹងផ្លូវក្រវាត់ក្រុងដែរទេ ត្រូវមានផែនទីបង្ហាញ និងសិក្សាដើម្បីទទួលផលចំណេញនៅពេលអនាគត។ ប្រសិនបើនិយាយពីការទិញផ្ទះអាជីវកម្ម តើទីតាំងបែរទិសទៅខាងណា ដែលជាយន្តការនៃការអភិវឌ្ឍរបស់ប្រទេស។
ចំណែកចំណុចទី៤ គឺភាពស្មោះត្រង់។ អ្នកលក់មិនមែនជាអាទិទេពដែលនិយាយឱ្យគេជឿគ្រប់រឿងបានទេ តែត្រូវបង្ហាញអំពីបទពិសោធន៍នៃភាពជោគជ័យរបស់អតិថិជនកន្លងមក ដើម្បីផ្តល់នូវចំណេះដឹងនិងព័ត៌មានជាប្រយោជន៍ដល់អតិថិជន៕