តម្លៃផ្ទះនៅចំកណ្តាលទីក្រុងឡុងដ៍ធ្លាក់ចុះ ខណៈរដ្ឋាភិបាលអង់គ្លេសរឹតបន្តឹងច្បាប់លើជនបរទេស

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយថា ការរឹតបន្តឹងច្បាប់របស់ប្រទេសអង់គ្លេសលើជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ កំពុងជះផលប៉ះពាល់ដល់ទីផ្សារលំនៅដ្ឋានលំដាប់ខ្ពស់នៅទីក្រុងឡុងដ៍។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា តម្លៃផ្ទះជាមធ្យមនៅចំកណ្តាលទីក្រុងឡុងដ៍បានធ្លាក់ចុះ៣,២ភាគរយក្នុងរយៈពេល១២ខែគិតត្រឹមចុងខែសីហា ឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះលឿនបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២១។

ការធ្លាក់ចុះនេះបណ្តាលមកពីការដាក់សម្ពាធរបស់រដ្ឋាភិបាលអង់គ្លេសលើជនបរទេស និងការភ័យខ្លាចចំពោះការយកពន្ធបន្ថែមលើក្រុមអ្នកមាន ស្របពេលរដ្ឋាភិបាលអង់គ្លេសកំពុងស្វែងរកមធ្យោបាយដើម្បីបង្កើនមូលនិធិសាធារណៈ។

រដ្ឋាភិបាល​អង់គ្លេស​បច្ចុប្បន្នរបស់លោកនាយករដ្ឋមន្ត្រី​ Keir Starmer បាន​កាត់​បន្ថយ​អត្ថប្រយោជន៍​ពន្ធ​ចំពោះជនបរទេស​ដែល​មាន​ទ្រព្យធនស្តុកស្តម្ភ។ តួយ៉ាង រដ្ឋាភិបាលរបស់ប្រទេសនេះបានលុបចោលការលើកលែងពន្ធលើការផ្ទេរមរតក និងទ្រព្យសម្បត្តិរបស់ជនបរទេស និងក្រុមអ្នកមាន។

លោក Tom Bill អ្នកជំនាញមកពីក្រុមហ៊ុន Knight Frank បានលើកឡើងថា ការរឹតបន្តឹងពន្ធបានធ្វើឱ្យប្រទេសអង់គ្លេសបាត់បង់ភាពទាក់ទាញចំពោះជនបរទេស។

លោក​បានមានប្រសាសន៍ឱ្យដឹង​បន្តទៀត​ថា​ តម្រូវ​ការ​ពី​បណ្តាវិនិយោគិន​បរទេស​បាន​ធ្លាក់​ចុះ​ ដោយ​បន្ថែម​ថា​ ទីផ្សារលំនៅដ្ឋាន​លំដាប់​ខ្ពស់នៅទីក្រុងឡុងដ៍មាន​ភាពមិនច្បាស់លាស់ ដោយសារ​ការ​ព្រួយ​បារម្ភ​អំពីគោលនយោបាយ​ពន្ធ៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here