ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ លើក​ទី២ ទាក់ទាញ​អ្នកចូលរួម​ច្រើនជាង​មុន

0

ដោយ វុត្ថា

ភ្នំពេញ៖ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា មកដល់ពេលនេះ​មាន​ស្ដង់ ប្រមាណ១៧៣ស្ដង់​ហើយ ដែល​សម្រេច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​បើ​គិត​ទាំង​ប្រតិភូ​ជា​អ្នកទិញ អ្នកសារព័ត៌មាន និង​អ្នកពាក់ព័ន្ធ​ដទៃ​ទៀតផង​នោះ ឃើញថា CTM លើក​ទី២ មាន​អ្នកចូលរួម​ច្រើនជាង CTM លើក​ទី១ ដល់​ទៅជិត ៥៦% ឯណោះ។

នៅក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិព័រណ៍​ទេសចរ​កម្ពុជា​អន្តរជាតិ (CTM) លើក​ទី២ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ លោក ថោង ខុន​បញ្ជាក់ថា​ពិព័រណ៍​ទេសចរ​កម្ពុជា​អន្តរជាតិ (Cambodia Travel Mart= CTM) លើក​ទី២ ឆ្នាំ២០១៨នេះ នឹង​បើក​ជា​ផ្លូវការ​នឹង​ប្រារព្ធ​ឡើ​នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ខាងមុខ នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

លោក​បន្តថា ក្នុងចំណោម​ស្ដង់​ផលិតផល​ទេសចរណ៍​ទាំង១៧៣ស្ដង់​ខាងលើ មាន​ស្ដង់​របស់​ប្រ​ត្តិ​ប​ត្តិ​ករ​ទេសចរណ៍​ក្នុងស្រុក ៧៦% និង​ស្តង់​របស់​ដៃគូ​អន្តរជាតិ ២៤% ដែល​សរុប​ជារួម​មានការ​កើនឡើង ៥៥.៩% បើ​ធៀប​នឹង​ព្រឹត្តិការណ៍ CTM លើក​ទី១ កាលពី​ឆ្នាំ២០១៧ នៅ​ខេត្តសៀមរាប។

សម្រាប់​ស្ដង់​ក្នុងស្រុក នឹងមាន​ការបង្ហាញ​ពី​ផលិតផល​ទេសចរណ៍​ជាច្រើន ដូចជា សណ្ឋាគារ​មាន​ចំនួន ២០ស្ដង់ ភ្នាក់ងារ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​មាន​ចំនួន ៣៥ស្ដង់ អាកាសចរណ៍​មាន​ចំនួន ១៨ស្ដង់ សហគមន៍​មាន​ចំនួន ៣ស្ដង់ និង​រមណីយដ្ឋាន បញ្ជរ​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍​ដទៃ ២៦ស្ដង់។ សម្រាប់​ដៃគូ​អន្តរជាតិ​មានមក​ពី កូរ៉េខាងត្បូង ថៃ មី​យ៉ាន់​ម៉ា ហ្វីលីពីន ចិន ឥណ្ឌូណេស៊ី​ជាដើម។

ចំណែក​ប្រតិភូ​ជា​អ្នកទិញ​អន្តរជាតិ ដែល​នឹងចូលរួម​ក្នុង​ពិព័រណ៍ CTM លើក​ទី២ មាន​ចំនួន ១០០នាក់ មកពី ៦០ប្រទេស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សារព័ត៌មាន​ចំនួន ២២នាក់ មកពី១៩ប្រទេស បើ​គិត​ត្រឹម​ថ្ងៃទី២៦ ខែកញ្ញា។

លោក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែលមាន​ផលិតផល​ទេសចរណ៍ និង​សេវា​ទេសចរណ៍ អញ្ជើញ​មក​ចូលរួម​ពិព័រណ៍​អន្តរជាតិ​នេះ​បន្ថែមទៀត ដើម្បី​បង្ហាញ​ពី​ផលិតផល​របស់ខ្លួន ទៅកាន់​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ។

គួរ​បញ្ជាក់ថា ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​នេះ ត្រូវបាន​ធ្វើឡើង​ម្ដង​រួចមកហើយ កាលពី​ឆ្នាំ២០១៧ នៅ​ខេត្តសៀមរាប ជាមួយ​វត្តមាន​ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ, ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន, រដ្ឋមន្ត្រីក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​មី​យ៉ាន់​ម៉ា, អភិបាលខេត្ត​សៀមរាប, ស្ថាប័ន​ទេសចរណ៍​ជាតិ, អ្នកទិញ, អ្នកលក់ ភ្នាក់ងារ​សារព័ត៌មាន​ជាតិ មកពី៦០ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here