ដោយ វុត្ថា
ភ្នំពេញ: ក្រសួងទេសចរណ៍គ្រោងរៀបចំរមណីយដ្ឋានតារាសាគរ ស្ថិតនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ជាទីតាំងសម្រាប់រៀបចំពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ នៅខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។
ពិធីបុណ្យសមុទ្រលើកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ រាជរដ្ឋាភិបាលចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» ដែលមានលោក ថោង ខុន ជាប្រធាន និងលោកស្រី មិថុនា ភូថង ជាអនុប្រធានអចិន្ត្រៃយ៍។
-->

ក្នុងកិច្ចប្រជុំលើកទី២ នៃការត្រៀមរៀបចំបុណ្យសមុទ្រនៅខេត្តកោះកុង នៅសាលាខេត្តកោះកុងកាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងមកនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុងបានបញ្ជាក់ថា ទីរួមខេត្តកោះកុង និងតារាសាគរ បាននិងកំពុងរៀបចំការងារជាច្រើន ក្នុងការត្រៀមខ្លួនទទួលប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឱកាសពិធីបុណ្យសមុទ្រនាចុងឆ្នាំ២០១៨ ខាងមុខនេះ។
លោក ថោង ខុន បានណែនាំជាច្រើនដល់លេខាធិការដ្ឋាន-អនុគណៈកម្មការទាំង៦ ត្រូវរៀបចំទីតាំងប្រារព្ធពិធីផ្សេងៗ ដូចជា ទីតាំងរត់ប្រណាំងកម្សាន្ត កីឡា Triathlon កីឡាប្រណាំងកង់ កីឡាចំបាប់បុរាណ កីឡាប្រដាល់គុនខ្មែរ កីឡា Jet-Ski កីឡាទូកក្តោង Sailing ក្បួនព្យុហយាត្រាផែនកីឡា ស្ដង់ពិព៌ណកម្មវិធីដាំកូនឈើ ឆាកតន្ត្រីសិល្បៈសិក្ខាសាលាជាដើម។

លោករដ្ឋមន្ត្រីក៏បានណែនាំដល់រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តកោះកុង ត្រូវខិតខំបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងពន្លឿនឲ្យទាន់ពេលបុណ្យសមុទ្រទាំងផ្នែកស្នាក់នៅ អនាម័យគុណភាពចំណីអាហារ ពិសេសត្រូវយកចិត្តទុកដាក់លើបញ្ហាបង្គន់អនាម័យ បញ្ហាសំរាម ដាច់ខាតមិនត្រូវឱ្យមានសំរាម ឬក្រដាសក្រោមតុនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ពិសេស ត្រូវរៀបចំខ្សែទស្សនកិច្ចនៅតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ដូចជាជីផាត អារ៉ែង តាតៃ ពាមក្រសោបជាដើម។
លោកបន្តថា “បញ្ហាស្នាក់នៅ ម្ហូបអាហារនៅតាមភោជនីដ្ឋាន អាហារដ្ឋាន បដិសណ្ឋារកិច្ច សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ការធ្វើដំណើររបស់ភ្ញៀវជាដើម សុទ្ធតែត្រូវបានយកចិត្តទុកដាក់ ដើម្បីធានាជូនភ្ញៀវទេសចរ ឱ្យទទួលបាននូវភាពសប្បាយរីករាយលើសពីពិធីបុណ្យសមុទ្រមុនៗ”។ លោកថោង ខុនបានបញ្ជាក់យ៉ាងដូច្នេះ ថា «ពិធីបុណ្យសមុទ្រនៅខេត្តកោះកុងលើកនេះ មានភាពពិសេសលើសពីលើកមុន នោះគឺមានទាំងការរៀបចំកម្មវិធីកម្សាន្តសប្បាយនានា នៅទីរួមខេត្តកោះកុងផង និងមានព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រផងដែរ»។

លោកស្រីមិថុនា ភូថង ក៏បានឲ្យដឹងដែរថា មកពេលនេះ រដ្ឋបាលខេត្តកោះកុង និងមន្ទីរពាក់ព័ន្ធនានា បាននិងកំពុងញាប់ដៃញាប់ជើងក្នុងការអនុវត្តការងារនានា ដើម្បីតៀមឲ្យទាន់ពេលវេលាពិធីបុណ្យសមុទ្រមកដល់។
លោកស្រីអភិបាលខេត្ត ក៏បានធានាជូនពីបញ្ហាសន្តិសុខសណ្ដាប់ និងការសម្រួលដោះស្រាយបញ្ហានានា ជូនភ្ញៀវទេសចរដែលឆ្លងទៅទស្សនានៅប្រទេសថៃ ហើយភ្ញៀវពីថៃក៏អាចមកទស្សនាខេត្តកោះកុង ក្នុងឱកាសពិធីបុណ្យសមុទ្រខាងមុខផងដែរ៕