អ្នកលេងទឹកកំសាន្តនៅឆ្នេរព្រះសីហនុកាន់តែមានសុវត្ថិភាពក្រោយរដ្ឋបាលខេត្តដាក់ប៉មចំនួន១២សំរាប់ឆ្មាំឆ្នេរសមុទ្រ

0

ដោយ: ម៉ាលីស

ព្រះសីហនុ: ប៉មយាមឆ្មាំឆ្នេរសមុទ្រ នៅតាមបណ្តោយឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ មានចំនួន១២ប៉មត្រូវបានរៀបចំពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៤ មីនា ២០២២កន្លងមកនេះ។

អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុលោកគួច ចំរើន និងអ្នកឧកញ៉ាទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មយាមចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរសមុទ្រ។

លោកគួច ចំរើន បានមានប្រសាសន៍ថា ថ្ងៃនេះយើងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍យាម ឬប៉មយាមឆ្មាំឆ្នេរសមុទ្ររបស់យើងនៅតាមបណ្តោយឆ្នេរសមុទ្រ ក្នុងក្រុងព្រះសីហនុមានចំនួន១២ប៉ម។ ដោ​យសារការខិតខំរបស់រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យយើងប្រើប្រាស់នូវថវិកាសម្រាប់ធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ។

លោកអភិបាលមានប្រសាសន៍ថា​ ពីមុនឆ្នេរនេះ ត្រូវបានប្រើប្រាស់របស់ឯកជន ពុំមានលំហរសាធារណ: ក្រោយកិច្ចខិតខំប្រឹងប្រែងរបស់យើង បានធ្វើឱ្យឆ្នេរនេះ ក្លាយជាលំហរសាធារណៈមានជាង១៦គីឡូម៉ែត្រ និងពយជាង៤គីឡូម៉ែត្រ។ យើងបានរៀបចំដាក់ពោងសុវត្ថិភាព ដើម្បីបែងចែកតំបន់សម្រាប់អ្នកហែលទឹកលេង ឱ្យមានសុវត្ថិភាព ពីទូក កាណូត ឬមធ្យោបាយផ្សេងៗ និងជារបាំងសុវត្ថិភាពនៅពេលមានខ្យល់ ឬប្រការណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here