រដ្ឋបាលខេត្តកោះកុងឱ្យក្រុមហ៊ុនធំមួយអភិវឌ្ឍតំបន់កោះទទឹងជារមណីយដ្ឋានអេកូទេសចរណ៍កម្សាន្តលំដាប់ពិភពលោក

0

ដោយ៖ សុផារី

កោះកុង៖ រដ្ឋបាលខេត្តកោះកុងបានអំពាវនាវប្រជាពលរដ្ឋ ដែលកាន់កាប់ដីនៅលើកោះទទឹង ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ឱ្យរុះរើសំណង់និងចាកចេញពីទីតាំងដីនេះឱ្យបានឆាប់រហ័ស ដោយសាររាជរដ្ឋាភិបាលយល់ព្រមឱ្យក្រុមហ៊ុន ដែននគរ ឯ.ក. ធ្វើការវិនិយោគអភិវឌ្ឍន៍ជារម្មណីយ៍ដ្ឋានអេកូរទេសចរណ៍កម្សាន្តលំដាប់ពិភពលោក។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធការកាន់កាប់ដីនៅលើកកោះទទឹង ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ឱ្យរុះរើសំណង់និងចាកចេញពីទីតាំងដីនេះឱ្យបានឆាប់រហ័សបំផុតនិងឈប់ទន្រ្ទានកាន់កាប់ដីរដ្ឋ ឬទិញលក់ដីរដ្ឋតទៅទៀត បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខចំពោះច្បាប់ជាមិនខាន។

រដ្ឋបាលខេត្តកោះកុងបានបញ្ជាក់ថា ទីតាំងដីនៅលើកោះទទឹង ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ គឺជាដីរបស់រដ្ឋហើយទីតាំងដីនៅលើកោះទទឹងនេះ ត្រូវបានរាជរដ្ឋាភិបាលយល់ព្រមឱ្យក្រុមហ៊ុន ដែននគរ ឯ.ក. ធ្វើការវិនិយោគអភិវឌ្ឍន៍ជារម្មណីយ៍ដ្ឋានអេកូរទេសចរណ៍កម្សាន្តលំដាប់ពិភពលោក។

រដ្ឋបាលខេត្តបានឱ្យដឹងថា តាមការពិនិត្យជាក់ស្តែងបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបានកាន់កាប់ដី និងរស់នៅលើកោះទទឹង ជាទីតាំងដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here