ដោយ៖ សុខុម
ហាណូយ: ឧស្សាហកម្មអាកាសចរណ៍វៀតណាមកំណត់គោលដៅទាក់ទាញអ្នកដំណើរឱ្យបានប្រមាណ៤៣លាននាក់ក្នុងឆ្នាំ២០២២នេះ រួមទាំងភ្ញៀវទេសចរអន្តរជាតិ៨លាននាក់ផងដែរ ឬស្មើប្រមាណ៥០%នៃចំនួនអ្នកដំណើរនៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩។
បើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃទី២២ មីនា បានឱ្យដឹងថា សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association ) រំពឹងថាតម្រូវការអ្នកដំណើរទូទាំងពិភពលោកនឹងឈានដល់៦១%នៅឆ្នាំនេះ បើធៀបនឹងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways ក្នុងខែនេះបានចាប់ផ្តើមជើងហោះហើរថ្មីៗពីទីក្រុងហាណូយនិងក្រុងហូជីមិញ ឆ្ពោះទៅកាន់ទីក្រុង Melbourne (អូស្ត្រាលី) និងពីក្រុងហាណូយឆ្ពោះទៅកាន់ទីក្រុង Frankfurt (អាល្លឺម៉ង់)។ ក្រុមហ៊ុនដឹកជញ្ជូនតម្លៃធូរថ្លៃនេះគ្រោងបង្កើនចំនួនផ្លូវអន្តរជាតិរបស់ខ្លួនដល់៤០នាពេលអនាគត។
ផ្លូវហោះហើរអន្តរជាតិទាំងនោះរួមមានក្រុងហាណូយ-ក្រុងឡុងដ៍ ក្រុងហូជីមិញ-ក្រុងស៊ីដនី ក្រុងហាណូយ-ក្រុងតូក្យូ ក្រុងហាណូយ-ក្រុងតៃប៉ិ (តៃវ៉ាន់) ក្រុងហាណូយ-ក្រុង Incheon (កូរ៉េខាងត្បូង) ក្រុងហូជីមិញ-ក្រុងបាងកក និងក្រុងហូជីមិញ-សិង្ហបុរី ផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines និយាយថា ខ្លួននឹងដំណើរការជើងហោះហើរចំនួន៩៧ជើងក្នុងមួយសប្ដាហ៍ចាប់ពីចុងខែមីនានេះតទៅ ហើយនឹងបន្តសេវាហោះហើរពីសិង្ហបុរីមកកាន់ Đà Nẵng ពីក្រុងមាត់ឆ្នេរ Phú Quốc និង Nha Trang ឆ្ពោះទៅកាន់សិង្ហបុរី ចាប់ពីថ្ងៃទី១៥ ខែសីហា។ ទន្ទឹមនេះក៏នឹងបន្តសេវាហោះហើររបស់ខ្លួនទៅកាន់ប្រទេសចិន ចាប់ពីដើមខែកក្កដាវិញផងដែរ។
រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី១៥ មីនា បានចេញសេចក្ដីសម្រេចមួយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋមកពី១៣ប្រទេសរដូចជា អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវែស ហ្វាំងឡង់ និងបេឡារូស។
ពលរដ្ឋទាំងនេះនឹងរីករាយការធ្វើដំណើរដោយគ្មានទិដ្ឋាការរយៈពេល១៥ថ្ងៃនៅវៀតណាម ដោយគិតចាប់ពីថ្ងៃដែលពួកគេចូលប្រទេសនេះ មិនថាពួកគេកាន់លិខិតឆ្លងដែនប្រភេទណា និងចូលមកក្នុងគោលបំណងអ្វីឡើយ។ សេចក្ដីសម្រេចនេះនឹងមានសុពលភាពរយៈពេល៣ឆ្នាំរហូតដល់ថ្ងៃទី១៤ មីនា ឆ្នាំ២០២៥៕