អ្នកជំនាញរំពឹងទីផ្សារទេសចរណ៍មកពីប្រទេសចិននឹងងើបឡើងវិញឆាប់ៗ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញទេសចរណ៍នានា បានសម្តែងសុទិដ្ឋិ​និយម ដោយរំពឹងថា ចំនួនភ្ញៀវទេសចរណ៍មកពីប្រទេសចិន នឹងកើនឡើងវិញនាពេលឆាប់ៗនេះ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃ ទី២៣មិនាថា ការជួបជជែករវាងប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានាធិបតីីចិន លោកស៊ី ជីនពីងជាសញ្ញាដ៏វិជ្ជមានមួយ ដែលយើងរំពឹងថា ចំនួនអាកាសចរណ៍ចិនហោះត្រង់មកកម្ពុជា នឹងកើនឡើង។

លោកស្រីបន្តថា “បច្ចុប្បន្នមិនទាន់មានក្រុមហ៊ុន អាកាសចរណ៍ចិនហោះមកកម្ពុជានៅឡើយទេ ប៉ុន្តែក្រុមហ៊ុនអាកាស​ចរណ៍ចិនបានធ្វើការផ្សព្វផ្សាយ និងសិក្សាពីទីផ្សារបណ្តើរៗហើយ”។ លោកស្រីបន្តថា “យើងរំពឹងថា ចំនូនអាកាសចរណ៍ចិន និងភ្ញៀវទេសចរណ៍ចិន នឹងកើនឡើងនៅពេលឆាប់ៗនេះ។

លោកស្រីឆាយ ស៊ីវលីន បានបន្តសម្តែងសុទិដ្ឋិនិយមផងដែរថា រហូតមកទល់ពេលនេះ បណ្តាប្រទេសក្នុងតំបន់អាស៊ាន បានចាប់ផ្តើមបើកប្រ​ទេសឡើងវិញបណ្តើរៗហើយ ដែលវាជាសញ្ញាវិជ្ជមានមួយសំរាប់តំបន់ និងកម្ពុជា ព្រោះនៅពេលប្រទេសក្នុងតំបន់ធ្វើការហោះហើរត្រង់ ពួកគេនឹងតភ្ជាប់ជើងហោះហើរមកកម្ពុជា។

ជាមួយគ្នានេះ លោកលូ ម៉េង ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ការជួបសន្ទនាគ្នាតាមទួរស័ព្ទ របស់ប្រមុខរដ្ឋាភិបាលទាំងពីរ មានសារៈសំខាន់ណាស់សំរាប់វិស័យនេះ ដែលវាជាសញ្ញាវិជ្ជមានមួយ ជាឳកាសល្អមួយ ដែលយើងរង់ចាំជាយូរមកហើយ។

លោកបន្តថា “ជាមួយនឹងការជម្រុញជើងហោះហើរ ពីមេដឹកនាំចិន បានធ្វើឲ្យអ្នកក្នុងវិស័យនេះ កំពុងត្រៀមខ្លួនទទួលទេសចរណ៍ចិន និងទេស​ចរណ៍មកពីបណ្តាប្រទេសជាច្រើនទៀត”។ លោកបន្តថា “វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា បានរងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិកូវីដ១៩ ប៉ុន្តែពេលនេះសណ្ឋាគារជាច្រើន បានបើកទ្វារឡើងវិញហើយ គ្រាន់តែដំណើរការមិនសូវមានភាពពេញលេញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here