ដោយៈគង់ សូរិយា
កោះកុងៈ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសហាមឃាត់ការលក់ទិញ និងផ្ទេរកម្មសិទ្ធិដី នៅលើកោះទទឹង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានប្រកាសឯកសារពាក់ព័ន្ធនឹងការផ្ទេរ ឬទិញលក់ ត្រូវចាត់ទុកជាមោឃៈទាំងអស់។

-->
យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២ កោះទទឹងជាសម្បត្តិរបស់រដ្ឋ ដូច្នេះការទិញលក់ឬ ដោះដូរជាអំពើខុសច្បាប់ ខណៈរាល់លិខិតផ្ទេរសិទ្ធិ លិខិតទិញលក់ និងលិខិតបញ្ជាក់ការកាន់កាប់លើកោះនេះ ក៏មិនស្របច្បាប់ដែរ ទោះមានការដឹងលឺពីមន្រ្តីមូលដ្ឋានក្ដី។

រដ្ឋបាលខេត្ត បានបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធនឹងការកាន់កាប់លើដីកោះនេះ ត្រូវរុះរើសំណង់ និងចាកចេញពីទីតាំងកោះឱ្យឆាប់ជាទីបំផុតតាមដែលអាចធ្វើទៅបាន។

សេចក្តីជូនដំណឹងដដែលបានព្រមាន ចំពោះជនណាដែលនៅតែចូលទន្ទ្រានកាន់កាប់ និងបន្ដការទិញលក់ដី ក៏ដូចជាកាន់កាប់ ដីក្នុងកោះទទឹងនេះ នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន៕