ដំណោះស្រាយបន្ទាន់ : ក្រសួង​ទេស​ចរណ៍គ្រោង​ស្នើ​កញ្ចប់​ថវិកាជាតិដើម្បី​ស្តារ ​ហេដ្ឋា​រចនា​សម្ព័ន្ធក្នុង​ខេត្ត​ព្រះ​សីហនុ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ក្រសួង​ទេសចរណ៍បានឲ្យដឹងថា ក្រសួងនឹង​ដាក់​សំណើ​សុំ​កញ្ចប់​ថវិកា​ពិសេស​ពី​រដ្ឋាភិបាល​ ដើម្បី​កែ​លម្អ​ផ្លូវ​ថ្នល់​ និង​លូ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​រង​ការ​ខូច​ខាត​ស្ទើរ​តែ​ទាំង​ស្រុង​។


លោក ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍បញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី៤ តុលានេះថា លោកនឹង​ស្នើសុំ​កញ្ចប់​ថវិកា​ពិសេស​មួយ​ ពី​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​កែលម្អ ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ លូ និង​បរិស្ថាន​ឱ្យ​ក្លាយជា​ទីក្រុង​បៃតង ដើម្បី​លើកមុខ​មាត់​វិស័យ​ទេសចរណ៍​ ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង ជា​ពិសេស​កសាង​សង្គម​ប្រកប​ដោយ​បរិស្ថាន​ល្អ និង​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​នៅពេល​ខាងមុខ​។ ​
ជាមួយគ្នានេះ លោកក៏​បាន​ស្នើ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ធ្វើ​យ៉ាង​ណា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ដើម្បី​បង្កើន​ប្រសិ​ទ្ធភាព​ការងារ​ក្នុង​ការ​ប្រមូល​សំរាម និង​កាក​សំណល់​នៅ​ក្នុង​ទីក្រុង ព្រោះថាបើប្រមូ​លមិនបានល្អទេ ពេលមានភ្លៀងធ្លាក់សំរាម និងកាកសំណល់ នឹងហូរតាមទឹកមកទើរ​នៅតាម​ដង​ផ្លូវមិនខាន។ ម្យ៉ាងវិញទៀត ការ​គ្រប់គ្រង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​ឱ្យ​មាន​លក្ខណៈ​ធម្មជាតិ ចាំបាច់​ត្រូវ​ដោះ​ស្រាយ​បញ្ហា​សំរាម និង​រៀបចំ​បរិស្ថាន​ឱ្យ​បាន​ល្អ ខណៈ​ការ​ដោះស្រាយ​បញ្ហា​ផ្លូវ​ថ្នល់ និង​ប្រព័ន្ធ​លូក៏​ជា​ចំណុច​អាទិភាព សម្រាប់​ការ​អភិវឌ្ឍ​ខេត្ត​ដែល​មាន​សក្តានុពល​ទេសចរណ៍​មួយ​នេះ​ដែរ​។
ក្រៅ​ពី​លើក​ឡើង​ពី​ការ​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ក្នុង​ខេត្ត​ព្រះសីហនុ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ក៏​ប្រាប់​ទៅស្ថាប័ន​​ពាក់​ព័ន្ធ​ ឱ្យ​ខិត​ខំ​ទប់​ស្កាត់​សំណង់​អនាធិបតេយ្យ និង​គ្រប់គ្រង​ការ​ដ្ឋានសាងសង់​ឱ្យ​បាន​ល្អ។


ជា​ការ​កត់​សម្គាល់ ខេត្ត​ព្រះសីហនុ បច្ចុប្បន្នបាន​ក្លាយ​ជា​គោល​ដៅក្ដៅ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ស្ទើរ​គ្រប់​វិស័យ​ ដោយ​សារមានការរិះគន់ថា បាន​បាត់បង់​សោភ័ណ​ភាព​ក្នុង​ទីក្រុង និង​បញ្ហា​អសន្តិសុខ​។
អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​ចំនួន​៦​សិក្សា​ ពី​គម្រោង​សាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ តាម​សំណើ​របស់​ក្រុមហ៊ុន​ចិន​ទាំង​នោះ បន្ទាប់​ពី​រង​ការ​ខូច​ខាត​ស្ទើតែ​ទាំង​ស្រុង​។
ចំណែក​ឯ​ក្រសួង​មហាផ្ទៃ កាល​ពី​ចុង​ខែ​សីហា ក៏​បាន​បញ្ជូន​ក្រុម​ការងារ​ពី​ភ្នំពេញ ចុះ​ទៅ​ពង្រឹង​សន្តិសុខ​ សណ្ដាប់ធ្នាប់ នៅ​ខេត្ត​ព្រះសីហនុ ក្រោយ​ពី​មាន​បញ្ហា​អសន្តិសុខកើត​ឡើង​ជា​បន្ត​បន្ទាប់​ ដែលត្រូវបានគេដឹងថាបង្កឡើងដោយជនជាតិចិន។
ខេត្តព្រះសីហនុមាន​អាជីវកម្ម​សរុប​ចំនួន​៨៧០​ទីតាំង កើនឡើង​៨៣​ទីតាំង ស្មើនឹង ១០.៥៥ភាគរយ បើ​ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខេត្ត​នេះមាន​សណ្ឋា​គារ​ចំនួន៨៨ ផ្ទះសំណាក់​ចំនួន៣១១ បឹង​ហ្គា​ឡូ១០ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ២៩១និង​បណ្តា​មូលដ្ឋាន​អាជីវកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​កន្លែង​។ បើ​តាម​ក្រសួង​ទេស​ចរណ៍ នៅ​ក្នុង​ឆ្នាំ​២០៣០ខាងមុខ ខេត្ត​ព្រះសីហនុត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ២លាននាក់ និង​ទេសចរ​ជាតិ​ប្រមាណ៣​លាន​នាក់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here