ដោយៈ សុផារី
ភ្នំពេញៈ វិស័យទេសចរណ៍ ជាពិសេសទីផ្សារសណ្ឋាគារនិងផ្ទះសំណាក់ នៅយតាមបណ្តាខេត្តសក្តានុពលទេសចរណ៍ បានរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ១៩យ៉ាងខ្លាំង មុននឹងចាប់ផ្តើមងើបឡើងវិញបន្ទិចម្តងៗ នៅក្រោយការបើកសេដ្ឋកិច្ចនៅដើមខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក។
នៅក្នុងឱកាសចូលឆ្នាំ២០២២នេះ ទោះកម្ពុជាប្រឈមការឡើងថ្លៃខ្លាំង នៃតម្លៃប្រេងដែលអាចប៉ះពាល់ដល់ការធ្វើដំណើរក្តី ម្ចាស់អាជីកម្មសណ្ឋាគារនិងផ្ទះសំណាក់ នៅតាមបណ្តាខេត្តទេសចរណ៍សំខាន់ៗ រំពឹងថា ចំនួនភ្ញៀវទេសចរនឹងមានកំណើនខ្ពស់បំផុត ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
លោក សែម ម៉ៅ អ្នកគ្រប់គ្រងផ្ទះសំណាក់បែបលំហែឌីយ៉ាម៉ង់ ប៊ូទិចកំពត ដែលមានទីតាំងនៅក្នុងក្រុងកំពត ខេត្តកំពត បានមានប្រសាសន៍ប្រាប់តា មប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី៣០ ខែមីនានេះថា រហូតមកថ្ងៃនេះ ចាប់ផ្តើមមានភ្ញៀវទូរស័ព្ទមកកក់ កន្លែងស្នាក់បណ្តើរៗហើយ តែផ្ទះសំណាក់របស់លោកនៅមិនទាន់ពេញនៅឡើយទេ។
ទោះឆ្នាំកន្លងៗទៅ ប្រឈមនឹងកូវីដ១៩ ដែលធ្វើឱ្យចំនួនភ្ញៀវមានការថយចុះក្តី លោកមានសុទិដ្ឋិនិយមខ្ពស់ចំពោះឆ្នាំ២០២២នេះថា នឹងមានកំណើនខ្ពស់នៃការមកលេងកំសាន្ត ក្នុងខេត្តកំពត ដែលការណ៍នេះ នឹងជំរុញសកម្មភាពនៃទីផ្សារសណ្ឋាគារ និងផ្ទះសំណាក់បន្ថែមទៀត។
លោកបន្តថា “រយៈពេលប្រហែល២ឬ៣ខែចុងក្រោយនេះ មានភ្ញៀវច្រើនគ្រាន់បើដែរ។ ភាគច្រើន ទេសចរមកកំសាន្តជាលក្ខណៈគ្រួសារ និងជាក្រុមៗ”។
បុគ្គលិកសណ្ឋាគារទំនើបមួយនៅកណ្តាលក្រុងសៀមរាប ដែលសុំមិនបង្ហើបឈ្មោះ បានបញ្ជាក់ថា សណ្ឋាគារដែលកញ្ញាបម្រើការឱ្យត្រូវបានកក់អស់១០០ភាគរយ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះហើយ។
កញ្ញាបានមានប្រសាសន៍ថា “ យើងមានទំនេរតែថ្ងៃ១៣ និង១៤ តែសម្រាប់១៥យើងពេញអស់ហើយ”។
កញ្ញាបន្តថា មានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បានមកទស្សនាកំសាន្តសៀមរាប មិនត្រឹមតែថ្ងៃបុណ្យជាតិនោះទេ សូម្បីតែថ្ងៃធម្មតាក៏មានភ្ញៀវច្រើនស្រាប់ហើយ។
កញ្ញាបញ្ជាក់ថា កំណើនភ្ញៀវទេសចរណ៍កើនឡើងខ្ពស់ អាចមើលឃើញច្បាស់នៅពេល ដែលផ្លូវ៣៨ខ្សែត្រូវបានបញ្ចប់រួចរាល់កាលពីពេលថ្មីៗកន្លងមក។
កញ្ញាបានថា “ចាប់តាំងពីខែ២ ឆ្នាំ២០២២មក ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកសៀមរាបច្រើន ដោយសារផ្លូវនៅសៀមរាបធ្វើហើយ ស្អាតខ្លាំងស្រួលធ្វើដំណើរ អញ្ចឹងភ្ញៀវច្រើន ទោះបីអំឡុងមុនចូលឆ្នាំ២ឬ៣ថ្ងៃក៏ដោយ។ និយាយរួម ពេញមួយខែ៤នេះ មិនមានថ្ងៃណាដែលមិនមានភ្ញៀវនោះទេ”។
នាឱកាសចូលឆ្នាំប្រពៃណីជាតិ ពិសេសកម្មវិធីសង្ក្រាន្តចូលឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធដាក់ចេញផែនការរៀបចំកម្មវិធីកម្សាន្តសប្បាយ នៅតាមទីរួមខេត្ត ទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ រួមជាមួយការតុបតែងលម្អនៅតាមទីតាំងសំខាន់ៗ។
សម្តេចថ្លែងថា ឆ្នាំ២០២២នេះ ជាឱកាសសម្រាប់ប្រជាពលរដ្ឋដើរលេងក្រោយ ខកខាន រយៈពេល២ឆ្នាំមកហើយ ដោយអូតែលក្នុងខេត្តព្រះសីហនុត្រូវបានកក់អស់ហើយ និងខេត្តសៀមរាបត្រូវបានកក់ស្ទើរអស់ផងដែរ៕