ដោយៈ សុខុម
ម៉ានីល: ស្ដេចប្រដាល់ប្រចាំតំបន់អាស៊ី មេនី ផាកគីអៅ បានដណ្ដើមជ័យជម្នះ ក្នុងការប្រកួតប្រដាល់ជើងឯកពិភពលោក ជាច្រើនដងមកហើយ ហើយបានឆក់យកបេះដូង របស់ប្រជាជនហ្វីលីពីន ជាច្រើនលាននាក់។
ប្រជាជនហ្វីលីពីន ស្ទើរតែមួយប្រទេសទៅហើយ ពួកគេស្ញើចសរសើរយ៉ាងខ្លាំង ចំពោះទេពកោសល្យប្រកួតដ៏អស្ចារ្យ និងស្មារតីតស៊ូមិនចេះនឿយហត់របស់គាត់។
ពេលនេះ ស្ដេចប្រដាល់រូបនេះកំពុងឈរបោះឆ្នោត ជាបេក្ខភាពប្រធានាធិបតី និងកំពុងកៀរគរសំឡេងគាំទ្រពីប្រជាជនហ្វីលីពីន។
នៅលើឆាកនយោបាយ តើមេននី ផាកគីអៅ មានប្រជាប្រិយភាពខ្លាំងដូចគាត់ជាកីឡាករប្រដាល់ដែរទេ? តើគាត់អាចនឹងទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ដើម្បីក្លាយជាប្រធាធិបតីដែរ ឬទេនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ? ។
បុរសវ័យ៤២ឆ្នាំរូបនេះ គឺជាអ្នកថ្មីថ្មោងនៅលើឆាកនយោបាយ ដោយគាត់ទើបតែបានចាប់ផ្តើមអាជីពនយោបាយ ហើយបានក្លាយជាសមាជិកសភាក្នុងឆ្នាំ២០០៧ប៉ុណ្ណោះ។ ប៉ុន្តែសមិទ្ធិផលដ៏អស្ចារ្យរបស់គាត់ នៅក្នុងវិស័យកីឡាប្រដាល់ បានធ្វើឱ្យគាត់ក្លាយជាវីរបុរស ក្នុងចំណោមអ្នកបោះឆ្នោតរួចហើយ។
ទោះជាយ៉ាងណា ថ្វីបើគោលនយោបាយរបស់គាត់ មានទំនោរជួយលើកស្ទួយជីវភាពរបស់ប្រជាជនក្រីក្រក្ដី ក៏រហូតមកទល់ពេលនេះ មេនី ផាកគីអៅ បានធ្លាក់ចុះប្រជាប្រិយភាពខ្លាំង នៅក្នុងការឈរឈ្មោះបោះឆ្នោតប្រកួតប្រជែងដណ្ដើមប្រធានាធិបតី ដោយប្រជាប្រិយភាពរបស់គាត់នៅក្រោយបេក្ខភាពប្រធានាធិបតីលោក Bongbong Marcos និង បេក្ខភាពប្រធានាធិបតីលោកស្រី Leni Robredo ក្នុងការស្ទង់មតិ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo News ចុះផ្សាយកាលពីខែមីនាបានឱ្យដឹងថា មានពាក្យចចាមអារ៉ាមថា មេនី ផាកគីអៅ នឹងដកខ្លួនចេញពីការប្រកួតប្រជែង តំណែងប្រធានាធិបតី ខណៈប្រជាប្រិយភាពរបស់គាត់ធ្លាក់ចុះខ្លាំង ប៉ុន្តែបក្សរបស់គាត់បានចេញមុខច្រានចោលពាក្យចចាមអារ៉ាមនេះ។
ទោះជាយ៉ាងណា មេនី ផាកគីអៅ បានព្រលយពាក្យថា គាត់សុខចិត្តបោះបង់ការប្រកួតប្រជែង ដណ្ដើមតំណែងប្រធានាធិបតី ប្រសិនបើគាត់ទទួលបានការឱ្យសញ្ញាពីព្រះជាម្ចាស់៕ Yahoo News៕