ដោយៈសុខុម
ភ្នំពេញ: ពិធីបុណ្យសែន ឆេងម៉េង (Qingming Festival ឬ ពិធីបុណ្យសែនផ្នូរ គឺជាប្រពៃណីទំនៀមទម្លាប់ចិនសុទ្ធសាធ ប៉ុន្តែដោយសារទទួលរងឥទ្ធិពលវប្បធម៌ពីប្រទេសចិន ប្រជាជនខ្មែរជាច្រើនដែលអះអាងថា ខ្លួនជាប់សែស្រឡាយចិន ក៏នាំគ្នាប្រារព្ធពិធីសែនផ្នូរនេះ ស្ទើរតែមិនដែលខានជារៀងរាល់ឆ្នាំ។
តើអ្នកទាំងអស់គ្នាដឹងទេថាពិធីសែន ឆេងម៉េង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃអាទិត្យ ទី៣ ដល់ថ្ងៃអង្គារ ទី៥ ខែមេសា កន្លងទៅថ្មីៗនេះ ប្រជាជនចិន ទូទាំងប្រទេសចំណាយអស់ច្រើនកម្រិតណា?។
ក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសចិនបានបញ្ជាក់ថា វិស័យទេសចរណ៍ចិន ទទួលបានប្រាក់ចំណូលរហូត ដល់ទៅ២,៩៥ពាន់លានដុល្លារអាមេរិក ពីទេសចរក្នុងស្រុក ដែលបានចំណាយលុយយ៉ាងច្រើនអំឡុងពិធីបុណ្យរយៈពេល៣ថ្ងៃនេះ។ ទោះជាយ៉ាងណា តួលេខនេះបង្ហាញពីការធ្លាក់ចុះការចំណាយ រហូតដល់ទៅ៣០,៩%បើធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី៧ ខែមេសា។