ដោយៈសុផារី
ភ្នំពេញៈ ក្តីរំពឹងរបស់កម្ពុជានៅក្នុងឆ្នាំនេះ នៅមិនទាន់ទទួលបានភ្ញៀវទេសចរច្រើននោះទេ បើទោះបីជាសន្ទុះនៃភ្ញៀវទេសចរជាតិមានខ្ពស់នៅក្នុងកំឡុងពេល នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក៏ដោយ។
លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១២ មេសានេះថា នៅក្នុងឆ្នាំ២០២២នេះ សកម្មភាពទេសចរណ៍របស់កម្ពុជា មានភាពប្រសើរឡើងជាងឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងមក ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីជំងឺរាតត្បាត។
លោកជឿជាក់ថា ចាប់ពីពេលនេះតទៅ សកម្មភាពអាជីវកម្ម ដែលពាក់ព័ន្ធនឹងទេសចរណ៍ នឹងវិលត្រឡប់មកកាន់ប្រក្រតីភាព ក្នុងពេលឆាប់ៗខាងមុខនេះ។
ចំណែកបញ្ហាសាំងឡើងថ្លៃ លោកបានអះអាងថា មិនមែនជារបាំងរារាំងប្រជាជនកម្ពុជា មិនឱ្យធ្វើដំណើរកំសាន្តនោះទេ។ លោកបន្តថា “សាំងឡើងថ្លៃមិនមែនជាបញ្ហា ឬរនាំងក្នុងការធ្វើដំណើរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរឡើយ ដោយសារកន្លងមករយៈពេល២ឆ្នាំហើយ បងប្អូនប្រជាពលរដ្ឋខ្មែរ មិនបានធ្វើដំណើរទៅកំសាន្ត នៅតាមស្រុកកំណើត ខ្លះទៅដែរ តែមិនបានចូលរួមប្រារព្ធពិធីមហាសង្ក្រាន្ត”។
ជាមួយគ្នានេះ លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា សកម្មភាពទេសចរណ៍សំដៅសម្រាប់ការងារជាអចិន្ត្រៃយ៍ជាបន្តបន្ទាប់ នៅក្នុងរដូវកាលបុណ្យទាន ឬHigh Season រមែងតែងតែមានសកម្មភាពទេសចរណ៍ផ្ទុះឡើងជាធម្មតា។
លោកបណ្ឌិតមានប្រសាសន៍ថា សកម្មភាពទេសចរណ៍ ដែលមានចរន្តជាហូរហែ គឺជាចរន្តសេដ្ឋកិច្ចដែលមាននិរន្តរភាពល្អ។ ដំណើរការរីកចម្រើននៃទេសចរក្នុងស្រុក ក៏នឹងឱ្យមានការហូរចូលនូវទេសចរបរទេស ដែលចាក់បញ្ចូលនូវ រូបិយប័ណ្ណបរទេស ក្នុងវិស័យទេសចរណ៍កម្ពុជាផងដែរ។
យ៉ាងណាក្តី “ក្តីរំពឹងរបស់កម្ពុជានៅក្នុងឆ្នាំនេះ នៅមិនទាន់ទទួលបានភ្ញៀវទេសចរបរទេសច្រើននោះទេ បើទោះបីជាសន្ទុះនៃភ្ញៀវទេសចរជាតិមានខ្ពស់ នៅក្នុងកំឡុងពេលនៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរក៏ដោយ”។
យោងតាមទិន្នន័យចំនួនទេសចររបស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា បានឱ្យដឹងថា ចរន្តភ្ញៀវទេសចរផ្ទៃក្នុង ថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២២ មានចំនួនជិត៤០ម៉ឺននាក់ កើនឡើនដល់ទៅជាង៧៤% ក្នុងនោះភ្ញៀវជាតិមានចំនួន៣៥៦.៥៤០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៤.២១៨នាក់ ត្រូវជា៣,៨៣ភាគរយតែប៉ុណ្ណោះ នៃចំនួនទេសចរសរុប ដែលនេះគឺជាចំនួនតិចតួចមួយ។
លើកឡើងពីមូលហេតុ ដែលបណ្តាលឱ្យចំនួនភ្ញៀវទេសចរបរទេសមានចំនួនតិចតួច លោកបណ្ឌិតហុង វណ្ណៈបានបញ្ចាក់ថា មិនមែនដោយសារតែបញ្ហាកូវីដ១៩ មួយមុខនោះទេ តែក៏ដោយសារសង្គ្រាមនៅអឺរ៉ុប ដែលធ្វើឱ្យប្រេងនិងទំនិញមួយចំនួនឡើងថ្លៃ ជម្លោះពាណិជ្ជរវាងអាមេរិកនិងចិន ជាដើម។
លោកបណ្ឌិតមានប្រសាសន៍ថា “ប្រជាពលរដ្ឋរបស់យើងមួយចំនួនក៏អាចនឹងកាត់បន្ថយ ការចំណាយក្នុងការកំសាន្ត ហើយបរទេសមួយចំនួនក៏កំពុងតែមានភាពវឹកវរដែរ មិនមែនតែកម្ពុជាយើងនោះទេ ព្រោះនៅក្នុងពេលនេះ គឺជាដំណាក់កាលកសាងសកម្មភាពទេសចរណ៍ក្នុងស្រុក ដែលអាចឈាន ទៅកាន់កំណើនទេសចរក្នុងស្រុកជានិរន្តរ៍ រួមទាំងទេសចរណ៍បរទេស ដែលនឹងបន្តធ្វើដំណើរមកកាន់កម្ពុជានៅពេលខាងមុខផងដែរ៕