ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានបញ្ជាក់ថា តំបន់ឆ្នេរសមុទ្រកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏កំពុងក្លាយជាប៉ូលទាក់ទាញដ៏សំខាន់មួយទៀត ដោយតំបន់កោះមួយចំនួន ក៏កំពុងធ្វើការអភិវឌ្ឍឲ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍ (Tourism Resort) ដែលមានផលិតផល និងសេវាកម្មកំរិតស្ដង់ដារអន្តរជាតិ។
លើសពីនេះ រដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ពិសេសខេត្តនេះក៏មានអាកាសយានដ្ឋានអន្តរជាតិកងកេង ដែលអាចអោយទេសចរធ្វើដំណើរតាមផ្លូវអាកាស មកពីរាជធានីភ្នំពេញ តំបន់សៀមរាបអង្គរ និងទីក្រុងមួយចំនួនក្នុងតំបន់បានយ៉ាងងាយស្រួល។
មានប្រសាសន៍នៅក្នុងពិធីលាងសោយភោជន៍ ជូនដល់ប្រតិភូជាតិ និងអន្តរជាតិ ដែលចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី២ ឆ្នាំ២០១៨ ឬហៅកាត់ថា CTM 2018 (Cambodia Travel Mart 2018)នៅសណ្ឋាគារសូហ្វីតែល កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨កន្លងមក លោក ថោង ខុន ថ្លែងថា ជាមួយគ្នានេះដែរ តំបន់ឆ្នេរក៏នឹងមានការរៀបចំ ពិធីបុណ្យសមុទ្រ (Sea Festival) លើកទី៧ ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង ដែលជាខេត្តមួយដ៏ស្រស់ស្អាតនៅភូមិភាគនារតីនៃប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ កម្ពុជាពិតជានៅបន្តត្រូវការអ្នកវិនិយោគ ពីបរទេសបន្ថែមទៀតដើម្បីធ្វើការវិនិយោគលើផលិតផល និងសម្បទាទេសចរណ៍ចាំបាច់ជាច្រើន ដូចជា សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ ភោជនីយដ្ឋានលំដាប់ខ្ពស់ ហាងលក់ដូរទំនិញ (Shopping Mall) ទំនើបៗ រមណីយដ្ឋាន មជ្ឈមណ្ឌលវិស្សមកាលកម្សាន្ត និងកីឡាទេសចរណ៍ សួនកម្សាន្តរបស់កុមារនៅតំបន់ទេសចរណ៍ ទាំងនៅតំបន់សៀមរាបអង្គរ ទាំងតំបន់ភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងរួមទាំងតំបន់អេកូ។
លោកថោង ខុនបានបន្តថា រដ្ឋាភិបាលបានប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាពក្នុងតំបន់ សម្រាប់ការទស្សនារបស់ភ្ញៀវទេសចរគ្រប់ទិសទីក្នុងពិភពលោក ហើយកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ។ កម្ពុជាមានមរតវប្បធម៌ដ៏ល្បីល្បាញលើពិភពលោក គឺប្រាសាទអង្គរវត្ត ជាផលិតផលដ៏ពិសិដ្ឋបំផុតសម្រាប់កម្ពុជា ដែលបានផ្ដល់នូវថាមភាពយ៉ាងខ្លាំង ក្នុងការទាក់ទាញទេសចរមកពីជុំវិញពិភពលោក កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ កំពុងតែខិតខំបន្ថែមទៀតដើម្បីធ្វើការអភិវឌ្ឍផលិតផល នៅតាមគោលដៅទេសចរណ៍សំខាន់ផ្សេងៗទៀត ដូចជា តំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍៕