ដោយ គង់ ម៉ាលីន
ភ្នំពេញៈ អ្នករស់នៅក្នុងទីក្រុងមានក្ដីស្រមៃនៃអនាគតមួយដែលគ្មានសំឡេងកងរំពង និងផ្សែងអាប់អួចេញពីយានយន្តនៅតាមដងវិថី។ ដោយជំនួសមកជាចលនាស្ងាត់ជ្រងំ និងគ្មានផ្សែងពុលចេញពីម៉ូតូ និងឡាន។ នេះគឺជាការផ្លាស់ប្ដូរដ៏ល្អប្រសើរមួយសម្រាប់ពេលអនាគតដែលយានយន្តអគ្គិសនីអាចនាំក្ដីស្រមៃមួយនេះ ឱ្យក្លាយជាការពិតបាន។
ចក្ខុវិស័យនេះ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែង កម្ពុជាបានក្លាយជាប្រទេសហត្ថលេខីនៃសេចក្តីប្រកាស COP26 ស្ដីពីការបញ្ចប់ការប្រើប្រាស់យានយន្ត ប្រើប្រាស់ឥន្ធនៈត្រឹមឆ្នាំ ២០៤០ ដោយងាកទៅរកការប្រើប្រាស់យានជំនិះ គ្មានបំភាយចំហេះឥន្ធនៈ ១០០% វិញ។ ចំពោះការផ្លាស់ប្ដូរប្រភេទយានជំនិះទាំងនេះ ក៏មានកំណើនគាំទ្រពីសំណាក់វិស័យឯកជនផងដែរ។
ទោះជាមានការប្ដេជ្ញា និងការគាំទ្រឱ្យងាកមកប្រើប្រាស់ យានយន្តអគ្គិសនីនៅកម្ពុជានាពេលអនាគត ប៉ុន្តែដំណើរទៅកាន់អនាគតមួយនេះ នៅតែមានភាពស្រពេចស្រពិលច្រើន។ ដោយហេតុថា នៅមានគោលនយោបាយសំខាន់ៗមួយចំនួន ដែលប្រទេសកម្ពុជាមិនទាន់បានសិក្សា និងអនុម័ត ដូច្នេះប្រទេសកម្ពុជា គួរតែរៀនសូត្រពីបទពិសោធប្រទេសដទៃទៀត ដែលបាននាំមុខក្នុងការដាក់ប្រើប្រាស់យានយន្តអគ្គិសនី។
ការពង្រីកបណ្ដាញស្ថានីយបញ្ចូលអគ្គិសនី
ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ សម្រាប់យានយន្តអគ្គិសនី មានសារៈសំខាន់បំផុត។ស្ថានីយបញ្ចូលភ្លើង គឺជាផ្នែកដ៏ចាំបាច់មួយ ហើយគួរទទួលអាទិភាព ក្នុងការពង្រីកសាងសង់ពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងពង្រីកសាងសង់ស្ថានីយបញ្ចូលអគ្គិសនីយ៉ាងសកម្ម ដោយសហការជាមួយ UNDP និង GGGI។ កិច្ចសហប្រតិបត្តិការនេះ មានគម្រោងសាងសង់ស្ថានីយ បញ្ចូលអគ្គិសនីចំនួន៥នៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តសៀមរាប បាត់ដំបង និងព្រះសីហនុ។
ចំពោះស្ថានីយចំនួន៥ គឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ រាជរដ្ឋាភិបាលគួរតែសិក្សា និងអនុវត្តយុទ្ធសាស្ត្រ ពង្រីកបណ្ដាញស្ថានីយបញ្ចូលអគ្គិសនីទូទាំងប្រទេស ដើម្បីទ្រទ្រង់ការប្រើប្រាស់យានយន្តអគ្គិសនីតាមគ្រប់ទីប្រជុំជន និងតាមបណ្ដាខេត្តនានា។
វាជាភ័ព្វសំណាង ដែលភូមិសាស្ត្រប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរ ដោយចម្ងាយរវាងទីប្រជុំជនធំៗមិនសូវឆ្ងាយពីគ្នាពេក។ បើមិនដូច្នេះទេ ប្រាកដជាមានបញ្ហាក្នុងការបង្កើត បណ្ដាញស្ថានីយដូចនៅសហរដ្ឋអាមេរិក ដែលភូមិសាស្ត្រខ្លះ មានទីប្រជុំជនតិច ហើយនៅដាច់ស្រយាលពីគ្នាពេក។
ការចាប់ដៃគូជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ក៏ជាដំណោះស្រាយមួយ ដែលយើងគួរតែយកមកពិចារណា ព្រោះថា ស្ថានីយប្រេងឥន្ធនៈសព្វថ្ងៃ អាចកែច្នៃទៅជាទីតាំងបញ្ចូលអគ្គិសនីវិញ។ សហប្រតិបត្តិការបែបនេះ នឹងចៀសវាងការបោះបង់ ចោលស្ថានីយប្រេងឥន្ធនៈចាស់ និងជួយពង្រីកបណ្ដាញបញ្ចូលអគ្គិសនីឱ្យបានកាន់តែលឿន។
ទីក្រុងណានជីង ប្រទេសចិន កំពុងសាកល្បងកែច្នៃស្ថានីយឥន្ធនៈ ឱ្យក្លាយទៅជាស្ថានីយបញ្ចូលអគ្គិសនីវិញ ដោយក្រុមហ៊ុនប្រេងឥន្ធនៈ PetroChina សហការជាមួយ CATL ដែលជាក្រុមហ៊ុនផលិតថ្មអគ្គិសនី។
ស្ថានីយបញ្ចូលអគ្គិសនីទាំងនេះ មិនប្រើប្រាស់ភ្លើងអគ្គិសនីផ្គត់ផ្គង់ពីរដ្ឋនោះទេ ដោយសារក្រុមហ៊ុន CATL បានបង្កើតបច្ចេកវិទ្យាផលិត និងផ្ទុកអគ្គិសនីនៅតាមទីតាំងបញ្ចូលនីមួយៗ ដោយប្រើមេតាណុល។ នេះគឺជាវិធីសាស្ត្រសមស្របមួយ ព្រោះការប្រើប្រាស់មេតាណុល ដែលជាផលិតផលប្រេងកាតជួយសម្រួលឱ្យក្រុមហ៊ុនប្រេងឥន្ធនៈ ផ្លាស់ប្ដូរគម្រោងអាជីវកម្មប្រេងកាតទៅអគ្គិសនីសុទ្ធ។ ដូច្នេះការពង្រីកបណ្ដាញស្ថានីយបញ្ចូលអគ្គិសនី ត្រូវអនុវត្តក្រោមយុទ្ធសាស្ត្រ និងការដឹកនាំរបស់រាជរដ្ឋាភិបាលគួរតែបង្កើតសហប្រតិបត្តិការជាមួយ វិស័យឯកជនក្នុងលក្ខណៈសមស្របមួយ។
ជ្រើសរើសស្តង់ដាដែលត្រឹមត្រូវ
ការសាងសង់ស្ថានីយបន្ថែម គឺគ្រាន់តែជាផ្នែកមួយ នៃហេដ្ឋារចនាសម្ព័ន្ធរបស់យានយន្តអគ្គិសនីប៉ុណ្ណោះ រីឯការអនុវត្តសំខាន់មួយទៀត គឺការជ្រើសរើសយកប្រភេទមុខខ្សែបញ្ចូលអគ្គិសនី។ ការរើសយកប្រភេទមុខខ្សែ១ ជាស្តង់ដាមានសារៈសំខាន់ណាស់ ដើម្បីធានាភាពងាយស្រួលក្នុងការប្រើប្រាស់យានយន្តអគ្គិសនី។ ជាមួយគ្នានេះដែរ បច្ចុប្បន្ននេះ មានស្តង់ដាជាច្រើនកំពុងប្រកួតប្រជែងគ្នា ដែលប្រទេសកម្ពុជាត្រូវជ្រើសរើស។
សហភាពអឺរ៉ុបបានដាក់ជាស្តង់ដា ឱ្យប្រើប្រាស់តែមុខខ្សែប្រភេទ Type2CCS តែប៉ុណ្ណោះ។
នៅអាស៊ីរថយន្តអគ្គិសនីមួយចំនួន ប្រើប្រាស់ខ្សែ CHAde-MOរបស់ជប៉ុន។ ប្រទេសចិនដែលជាទីផ្សាររថយន្តអគ្គិសនីធំបំផុត បានដាក់កម្រិតប្រើប្រាស់មុខ GB/T ជាស្តង់ដា។
ផ្ទុយទៅវិញនៅសហរដ្ឋអាមេរិក មិនបានអនុវត្តស្តង់ដានោះទេ មានន័យថា ទោះបីជាមុខខ្សែប្រភេទ Type1 មានការប្រើប្រាស់ទូលំទូលាយជាងគេក៏ដោយ រថយន្តអគ្គិសនីដែលនាំមកពីអាស៊ី និងអឺរ៉ុបសុទ្ធតែមានមុខខ្សែបញ្ចូលខុសៗគ្នា ដែលបង្កើតភាពស្មុគស្មាញដល់អ្នកប្រើប្រាស់។ លើសពីនេះក្រុមហ៊ុន Tesla បានប្រើប្រាស់មុខខ្សែប្លែកពីស្តង់ដាដទៃៗទៀតដែលបណ្ដាលឱ្យរថយន្ដអគ្គិសនីផ្សេងៗទៀតមិនអាចបញ្ចូលអគ្គិសនីតាមស្ថានីយដែល Tesla សាងសង់នោះទេ។
ដោយសារតែរថយន្តអគ្គិសនី ដែលផលិតនៅប្រទេសកម្ពុជាបានទទួលបរាជ័យ ប្រទេសកម្ពុជានឹងត្រូវនាំចូលរថយន្តអគ្គិសនីពីអឺរ៉ុប អាស៊ី និងសហរដ្ឋអាមេរិកជាដើម។ ដូច្នេះ ការដាក់កម្រិតស្តង់ដាមុខខ្សែបញ្ចូលអគ្គិសនី មានសារៈសំខាន់ណាស់ ដើម្បីបង្កើនភាពងាយស្រួល នឹងជៀសវាងភាពស្មុគស្មាញដល់អ្នកប្រើប្រាស់។
រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន MG និងក្រុមហ៊ុន Jaguar ដែលបានដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជាប្រើប្រាស់មុខខ្សែ Type2CCS។ រីឯក្រុមហ៊ុន Tesla នៅកម្ពុជាប្រើប្រាស់ស្តង់ដា GB/T របស់ប្រទេសចិន។
នាពេលខាងមុខនេះ រថយន្ដអគ្គិសនីមកពីប្រទេសចិន នឹងមកដល់ប្រទេសកម្ពុជាហើយប្រាកដជាភ្ជាប់មកជាមួយនឹងស្តង់ដា GB/T ដែរ។
ក្នុងការជ្រើសរើសស្តង់ដាមុខខ្សែប្រភេទ GB/T ប្រហែលជាជម្រើសល្អជាងគេសម្រាប់ប្រទេសកម្ពុជា។ ដោយសារតែរថយន្តអគ្គិសនី របស់ក្រុមហ៊ុនសហរដ្ឋអាមេរិក និងអឺរ៉ុបចាប់ផ្ដើមប្រដាប់ដោយមុខខ្សែ GB/T រួចមកហើយ។ លើសពីនេះការនាំចូលរថយន្តអគ្គិសនី ផលិតនៅប្រទេសចិនប្រាកដជាប្រដាប់ដោយមុខខ្សែប្រភេទ GB/T ទាំងអស់។
ដំណោះស្រាយកាកសំណល់ថ្ម និងអាគុយរថយន្តអគ្គិសនី
ដើម្បីត្រៀមខ្លួន ក្នុងការដាក់ឱ្យប្រើប្រាស់រថយន្តអគ្គិសនីឱ្យទូលំទូលាយ បញ្ហាកាកសំណល់ថ្ម និងអាគុយ ក៏ជាកត្តាប្រឈមមួយដែលកម្ពុជាត្រូវគិតគូរ។ បើគ្មានដំណោះស្រាយ ចំពោះបញ្ហាសំណល់ខាងលើនេះទេ នោះ បញ្ហាបរិស្ថានបណ្ដាលមកពីកាកសំណល់ថ្ម និងអាគុយនឹងបង្កទៅជាការបំពុលវិញ។
ប្រទេសចិន ដែលជាទីផ្សាររថយន្តអគ្គិសនីច្រើនបំផុត ត្រូវប្រឈមមុខដោះស្រាយកាកសំណល់ថ្មជាង ២០០ ០០០ តោនក្នុងឆ្នាំ ២០២០។ អាស្រ័យហេតុនេះនៅឆ្នាំ ២០១៨ ក្រសួងឧស្សាហកម្ម និងទូរគមនាគមន៍នៃប្រទេសចិន បានអនុម័តគោលនយោបាយដោះស្រាយ កាកសំណល់ថ្មដែលពឹងផ្អែកលើទ្រឹស្ដី EPR ឬការទទួលខុសត្រូវបន្ថែមលើអ្នកផលិត។ គោលដៅរបស់ EPR គឺដើម្បីរុញកាតព្វកិច្ចកែច្នៃថ្មឡើងវិញ ទៅលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងក្រុមហ៊ុនផលិតថ្ម។ ការបង្កើតច្បាប់បែបនេះ នឹងជំរុញឱ្យក្រុមហ៊ុនផលិតថ្ម ចាប់យកស្តង់ដាបច្ចេកទេសផលិតថ្មមួយ ដែលនាំឱ្យមានភាពងាយស្រួលក្នុងការកែច្នៃវា។
នៅក្រោមគម្រោងនេះ ក្រុមហ៊ុនផលិតថ្មនឹងប្រើប្រាស់ស្តង់ដា បច្ចេកទេសមួយសម្រាប់ផលិតថ្ម ហើយផ្ដល់ជំនួយបច្ចេកទេស ទៅដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដើម្បីបំបែក និងកែច្នៃថ្មគោលឡើងវិញដោយសុវត្ថិភាព។
ជំនួយនេះ នឹងបង្កើតភាពងាយស្រួល ក្នុងការរៀបចំបណ្ដាញទទួលយកថ្មចាស់ៗ និងកែច្នៃវាឡើងវិញ។
ប្រទេសកម្ពុជាគួរអនុវត្តគោលនយោបាយ ដែលប្រើប្រាស់យុទ្ធសាស្ត្រ EPR ដែរ ដើម្បីបង្កើតបណ្ដាញទទួលយក និងកែច្នៃថ្មចាស់ៗវាឡើងវិញ។
ក្រុមហ៊ុននាំចូលរថយន្ដអគ្គិសនីមកប្រទេសកម្ពុជា គួរមានកាតព្វកិច្ចរៀបចំសេវាកម្មប្ដូរថ្មចាស់ៗ និងយកទៅកែច្នៃឡើងវិញ។ លើសពីនេះ រាជរដ្ឋាភិបាលគួរលើកទឹកចិត្តជំរុញ ការបង្កើតក្រុមហ៊ុនផ្សេងៗទៀត ដែលមានជំនាញក្នុងការកែច្នៃកាកសំណល់ថ្ម និងអាគុយ និងកាកសំណល់អេឡិចត្រូនិកជាដើម។
នៅក្នុងពេលឆាប់ៗនេះ ប្រទេសកម្ពុជាត្រូវប្រឈមមុខនឹងកាកសំណល់ថ្ម និងអាគុយពីប្រភេទរថយន្ត Hybrid ជំនាន់ដំបូងដែលត្រូវបញ្ចប់ការប្រើប្រាស់ ហើយជាប្រភេទរថយន្តមានប្រជាប្រិយភាពខ្លាំងជាងគេនៅប្រទេសកម្ពុជា។
ដូច្នេះវិបត្តិកាកសំណល់ថ្ម និងអាគុយគឺជាបញ្ហាបន្ទាន់មួយ តែវាក៏ជាឱកាសមួយសម្រាប់ចាប់ផ្ដើមទាញយកបទពិសោធន៍ ក្នុងការរៀបចំប្រព័ន្ធប្រមូលយក និងកែច្នៃសំណល់ថ្ម និងអាគុយដែរ។
ជម្រើសមួយទៀតដែលគួរតែពិចារណាមើលគឺថ្ម និងអាគុយចាស់ដែលនៅដំណើរការអាចយកមកប្រើប្រាស់ ក្នុងបណ្ដាញផ្ទុកថាមពលអគ្គិសនី។ នៅក្នុងដំណើរការបែបនេះ ថ្មរថយន្តចាស់ៗអាចបន្តជីវិតប្រើប្រាស់បានហើយ ជួយកាត់បន្ថយតម្រូវការកែច្នៃផងដែរ។ ក្រុមហ៊ុន B2U ផ្ដល់សេវាកម្មផ្ទុកថាមពលអគ្គិសនីនៅរដ្ឋកាលីហ្វ័រនីញ៉ា។
ក្រុមហ៊ុននេះ ប្រើប្រាស់ថ្មចាស់ពីរថយន្តអគ្គិសនីម៉ាក NissanLeaf ដើម្បីផ្ទុកថាមពលអគ្គិសនីនៅពេលផលិតងាយស្រួល ហើយលក់ចេញទៅវិញពេលមានតម្រូវការអគ្គិសនីខ្ពស់។ ដោយសារតែតម្លៃទាបក្នុងការទិញថ្មចាស់ៗ នឹងដំណើរការគម្រោងមានលក្ខណៈសាមញ្ញ គំរូអាជីវកម្មនេះទទួលផលចំណេញហើយមិនសូវជួបហានិភ័យនោះទេ។
ដំណោះស្រាយដ៏ឈ្លាសវៃនេះ ក៏អាចជួយប្រទេសកម្ពុជា ដើម្បីបំផ្លាស់ទៅការប្រើប្រាស់ថាមពលកកើតឡើងវិញផងដែរ។ វាជាកត្តាសំខាន់មួយ ដើម្បីកុំឱ្យរថយន្តអគ្គិសនីបង្កើតឧស្ម័នកាបូនដោយប្រយោល។
សរុបសេចក្តី
រថយន្តអគ្គិសនី ជាក្ដីសង្ឃឹមនៃបរិយាកាសស្ងប់ស្ងាត់ និងស្អាតបរិសុទ្ធនាពេលអនាគត។ យ៉ាងណាមិញ ចំពោះការប្រើប្រាស់ និងទ្រទ្រង់រថយន្តអគ្គិសនី មានបញ្ហាប្រឈមមួយចំនួនដែលកម្ពុជាត្រូវគិតគូរឱ្យបានល្អជាមុនសិន។
អំឡុងពេលដែលរដ្ឋាភិបាល វិស័យឯកជន និងអ្នកប្រើប្រាស់ព្យាយាមងាកទៅរករថយន្តអគ្គិសនី ពួកគាត់ គួរសិក្សាពីបទពិសោធរបស់ប្រទេសដទៃផងដែរ ដើម្បីចៀសវាងកំហុសច្រំដែល។ ដើម្បីឱ្យរថយន្តអគ្គិសនី ក្លាយទៅជាជម្រើសប្រកបដោយនិរន្តរភាព ប្រទេសកម្ពុជាគួរតែមានគំនិតលើសពីគោលនយោបាយសាមញ្ញទូទៅ និងរុករកយុទ្ធសាស្ត្រ ដើម្បីចាប់ផ្ដើមទ្រទ្រង់ និងកែច្នៃ។ មានតែការគ្រោងទុកជាមុនឱ្យបានហ្មត់ចត់តែប៉ុណ្ណោះ ដែលអាចចៀសវាងការងាកចេញ ពីប្រភពបំពុលទៅរកប្រភពបំពុលមួយទៀត៕
សែស អរុណសក្ដា អ្នកស្រាវជ្រាវអង្គការវេទិកាអនាគត៕