ដោយៈសុខុម
អន្តរជាតិ: ប្រធានធនាគារកណ្តាលរុស្ស៊ី បានព្រមានកាលពីថ្ងៃច័ន្ទ ទី១៨ ខែមេសា ថា ផលវិបាកនៃទណ្ឌកម្មជុំទិសរបស់លោកខាងលិច ទើបតែចាប់ផ្តើមបញ្ចេញឥទ្ធិពលប៉ុណ្ណោះ ហើយអភិបាលក្រុងមូស្គូនិយាយថា ការងារចំនួន២០០.០០០កន្លែង កំពុងប្រឈមហានិភ័យបាត់បង់គ្រាន់តែនៅក្នុងទីក្រុងនេះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nytimes បង្ហាញថា ការទទួលស្គាល់ការពិតយ៉ាងមុតមាំទាំងនេះ ហាក់ផ្ចាញ់បុរសខ្លាំង វ៉្លាឌីមៀ ពូទីន ដែលបានអះអាងថា ទណ្ឌកម្មនានាមិនបានធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ី អស្ថិរភាព។
ការវាយតម្លៃដ៏ក្រៀមក្រំ ពីសំណាក់មន្ត្រីជាន់ខ្ពស់ទាំង២រូបខាងលើនេះ គឺស្របគ្នាទៅនឹងការព្យាករណ៍ របស់អ្នកជំនាញជាច្រើន ដែលលើកឡើងថា ប្រទេសរុស្ស៊ី ប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង ខណៈស្តុកទំនិញ និងគ្រឿងបន្លាស់នាំចូលនៅសល់តិចតួច។
ប្រតិកម្មរបស់ពលរដ្ឋរុស្ស៊ី តបទៅនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីបុរសខ្លាំង វ៉្លាឌីមៀ ពូទីន បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែនមួយអន្លើ នឹងធ្វើឱ្យការក្ដោបក្តាប់អំណាចរបស់មេដឹកនាំរុស្ស៊ី រូបនេះចុះខ្សោយជាងមុន ឬបំផ្លាញការគាំទ្រសម្រាប់សង្គ្រាមនេះ។
សេដ្ឋកិច្ចរបស់រុស្ស៊ី បានជៀសផុតពីការដួលរលំ ជាបណ្ដោះអាសន្ន ប៉ុន្តែការដាក់ទណ្ឌកម្មបន្ថែមទៀត កំពុងតែត្រៀមមកដល់ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចដាំក្បាលចុះកាន់តែខ្លាំង។
សហភាពអឺរ៉ុប កំពុងបង្កើតផែនការទប់ស្កាត់ ការនាំចូលប្រេងពីប្រទេសរុស្ស៊ី។
មន្ត្រីរតនាគារមួយរូបបានទម្លាយឱ្យដឹងថា រដ្ឋមន្ត្រីរតនាគារអាមេរិក លោកស្រី Janet L. Yellen ត្រូវបានរំពឹងថានឹងអំពាវនាវឱ្យបណ្ដាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បង្កើនការដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី នៅឯកិច្ចប្រជុំរបស់ធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅសប្តាហ៍នេះ។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរុស្ស៊ី នឹងធ្លាក់ចុះចន្លោះពី១០%ទៅ១៥%នៅឆ្នាំនេះ។ កាលពីថ្ងៃច័ន្ទ ទី១៨ ខែមេសា ធនាគារកណ្តាលរុស្ស៊ី បាននិយាយលើគេហទំព័ររបស់ខ្លួនថា តម្លៃទំនិញប្រើប្រាស់ជាមធ្យម គឺខ្ពស់ជាង១៦,៧%បើធៀបនឹងឆ្នាំមុន។
*តើប្រទេសណាខ្លះនៅតែបន្តទិញប្រេងរុស្ស៊ី ហើយប្រទេសណាខ្លះដែលបានឈប់ទិញ?
ប្រទេសអូស្ត្រាលី អង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក បានដាក់បម្រាមទាំងស្រុង លើការទិញប្រេងពីរុស្ស៊ី បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូ បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន ប៉ុន្តែសហភាពអឺរ៉ុប នៅតែខ្វែងគំនិតគ្នាជុំវិញបម្រាមនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីកាលពីថ្ងៃទី៦ ខែមេសា។
សមាជិកទាំង២៧ នៃសហភាពអឺរ៉ុប មិនអាចព្រមព្រៀងលើបម្រាមនេះឡើយ ដោយប្រទេសអាល្លឺម៉ង់ បានព្រមានប្រឆាំងវិធានការដ៏ប្រញាប់ប្រញាល់បែបនេះ ដែលអាចរុញច្រានសេដ្ឋកិច្ចឱ្យធ្លាក់ចូលក្នុងវិបត្តិ ហើយប្រទេសមួយចំនួន ដូចជា ហុងគ្រី ជាដើមបានប្រឆាំងនឹងបម្រាមណាមួយបែបនេះ។
ទោះជាយ៉ាងណា ប្រទេសអាល្លឺម៉ង់ មានបំណងឈប់នាំចូលប្រេងពីរុស្ស៊ី នៅត្រឹមដំណាច់ឆ្នាំនេះ ហើយប្រទេសប៉ូឡូញក៏ដូចគ្នាដែរ។
រហូតមកទល់ពេលនេះ ប្រទេសមួយចំនួនដូចឥណ្ឌា មហាយក្សចិន ក្រិច អ៉ីតាលី ក្រូអាស៊ី ហុងគ្រី និស្លូវាគី ជាដើមនៅតែបន្តទិញប្រេងរុស្ស៊ី រហូតមកទល់ពេលនេះ៕