ដោយ៖ សុផារី
ភ្នំពេញ: សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២២ រយៈពេល៣ថ្ងៃនេះ ប្រៀបបាននឹងថ្ងៃ ០៧ មករា ១៩៧៩ និងការបិទបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ។
នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ គូសបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងឆ្នាំ២០២២ រយៈពេល៣ថ្ងៃកន្លងមក ប្រៀបធៀបបានទៅនឹងថ្ងៃ ០៧ មករា ១៩៧៩ ដែលប្រជាជនខ្មែររួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងសម័យកាល ដែលប្រជាជនរួចផុតពីសង្គ្រាម ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា “ថ្ងៃចូលឆ្នាំនេះ ប្រជាកម្ពុជាហាក់ដូចជាបានចេញពីការគៀបសង្កត់នៃកូវីដ១៩ ជាងពីរឆ្នាំ ដែលអត់បានចេញទៅណា”។
សម្តេចបន្តថា “ពេលនេះគឺបងប្អូនសប្បាយ សប្បាយលើសពីអ្វីដែលធ្លាប់ធ្វើកន្លងមក ទម្លាប់ចូលឆ្នាំកន្លងមកមិនសប្បាយដូចចូលឆ្នាំឆ្នាំនេះទេ”។
សម្តេចតេជោបន្តបន្ថែមថា “ពីរឆ្នាំកន្លងមក បងប្អូនមិនបានលេងចូលឆ្នាំ ពេលនេះបងប្អូនបានយល់ហើយថាហេតុអ្វីបានជារារាំងមិនឱ្យមានលេង គឺដើម្បីការងារអាយុជីវិតរបស់បងប្អូនប្រជាជន”។
តាមរយៈស្ថិតិរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរសរុបចំនួន ៥,១៧លាននាក់ បានដើរកម្សាន្ត និងចំណាយថវិកាផ្ទាល់ប្រមាណ ២៧៥.៣៦៧.១១៥ដុល្លារ (ចំណាយទេសចរជាតិប្រមាណ ២៦៤លានដុល្លារ និងចំណាយទេសចរបរទេសផ្ទៃក្នុងប្រមាណ ១១,៧លានដុល្លារ)។
សម្តេចបានថ្លែងបន្តថា “នៅថ្ងៃឡើងស័ក ឆ្នាំ១៩៧៥ ចំនួន៤៧ឆ្នាំមុនប្រជាជនសម្រុកចេញពីទីក្រុង ឯ ៤៨ឆ្នាំក្រោយប្រជាសម្រុកចូលភ្នំពេញវិញ ក្រោយពេលសប្បាយរីករាយ។ ស្ថានភាពខុសគ្នាបែបនេះរវាងស្ថានភាពមានសន្តិភាព និងគ្មានសន្តិភាព”៕