អន្តរក្រសួងគាំទ្រដល់ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់មកពីបណ្តាក្រសួងពាក់ព័ន្ឋបានគាំទ្រដល់ការបង្កើតតំបន់បេតិកភ័ណ្ឌធម្មជាតិ និងវប្បធ៌មប្រវត្តិសាស្រ្ត នគរភ្នំឈើកាច់បាភ្នំ។

កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី២០ មេសាកន្លងមកនេះ ក្រោម​ការដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពិភា​ក្សាស្តីពី ការសិក្សាកំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតនៅក្នុងឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងទេសចរណ៍ និងតំណាងរដ្ឋបាលខេត្តព្រៃវែង។ កិច្ចប្រជុំបានធ្វើឡើងនាទីស្តីការក្រសួងបរិស្ថាន។

ក្រុមមន្រ្តីអន្តរក្រសួងបានគាំទ្រចំពោះការសិក្សា កំណត់ និងរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ដែលជាទីតាំងដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃ នគរគោកធ្លក ឬនគរភ្នំ ដើមកំណើតទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

អង្គប្រជុំបានឯកភាពជូនក្រុមការងារអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធចុះពិនិត្យ សិក្សាចុងក្រោយលើទីតាំងជាក់ស្ដែង និងកំណត់តំបន់គ្រប់គ្រង ព្រមទាំងដោះស្រាយផលប៉ះពាល់នានា មុននឹងក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល លើការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here