ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា អាជីវកម្មអចលនទ្រព្យក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ហើយអ្នកមានៗ ក្នុងប្រទេសកម្ពុជា ក៏បានសម្រុកទៅធ្វើអាជីវកម្ម និងចាប់យកអាជីវកម្មដីធ្លី អចលនទ្រព្យ ដើម្បីរកប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនខ្លួនផងដែរ។

-->
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodiaបានមានប្រសាសន៍ឱ្យដឹងថា វិស័យណាដែលមានការរីកចម្រើន វិស័យនោះនឹងស្រូបទាញអ្នកវិនិយោគកាន់តែច្រើនផងដែរ ក្នុងនោះវិស័យអចលនទ្រព្យប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងសង្កេតឃើញថាមានការរីកចម្រើនខ្ពស់ ដូច្នេះហើយទើបយើងមើលឃើញថា វិនិយោគិនជាច្រើនបានសម្រុកទៅអភិវឌ្ឍន៍វិស័យនេះ សម្រាប់រកប្រាក់ចំណេញរបស់ខ្លួនផងដែរ ។
លោកបន្តថា “អ្នកមានគេមានក្រុមហ៊ុនបួន ដប់ក្នុងដៃរបស់គេ ហើយនៅពេលវិស័យអចលនទ្រព្យរីកចម្រើន និងរកលុយបានច្រើន គេនឹងសម្រុកទៅធ្វើអាជីវកម្មលើវិស័យនោះ”។ លោកបន្តថា “ដោយឡែកវិស័យផ្សេងមិនមែនគេលែងធ្វើលែងវិនិយោគនោះដែរ តែគេធ្វើធម្មតាៗ គ្រាន់តែគេដកដៃមកធ្វើអាជីវកម្មអចលនទ្រព្យច្រើនជាងមុនប៉ុណ្ណោះ”។
លោកឧកញ៉ាបណ្ឌិតគគីម ហ៊ាង បានបន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា វិស័យដីធ្លីនិងអចលនទ្រព្យនៅមានសន្ទុះ និងល្អប្រសើរតែសម្រាប់ប្រទេសរីកចម្រើនហើយ វិស័យនេះក្លាយជាធម្មតាទៅហើយ តែគេទៅអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាជំនួសវិញ ពីព្រោះថាវិស័យបច្ចេកវិទ្យា មានសក្ដានុពលខ្លាំងលើប្រទេសអភិវឌ្ឍន៍។
ដូចគ្នានេះដែរ កម្ពុជាពេលនេះ ដីធ្លីជាផ្នែកសំខាន់មួយក្នុងការទាក់ទាញអ្នកវិនិយោគ ប៉ុន្តែនៅពេលកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍន៍ដូចប្រទេសអភិវឌ្ឍន៍ដទៃ ទីផ្សារដីធ្លីនឹងលែងមានការទាក់ទាញវិនិយោគិនច្រើនទៀតទេ តែវិស័យផ្សេងនឹងមកជំនួស និងទាក់ទាញការវិនិយោគច្រើនវិញ ហើយអ្នកមានបើវិស័យណារីកចម្រើនគេទៅហ្នឹងហើយ ។
ជាការកត់សម្គាល់ ក្នុងរយៈពេលប្រមាណជាង២ឆ្នាំមកនេះ អ្នករកស៊ីក្នុងវិស័យផ្សេងជាច្រើន បានងាកមកប្រឡូកក្នុងវិស័យអចលនទ្រព្យ ដើម្បីរកប្រាក់ចំណេញ ហើយក៏មានបុគ្គលខ្លះបានជោគជ័យ ក្នុងមុខជំនួញនេះ និងមានបុគ្គលមួយចំនួនទៀត បានត្រឹមចិញ្ចឹមគ្រួសារតែប៉ុណ្ណោះ ៕