ដោយៈ សុផារី
ភ្នំពេញៈ ក្រៅពីជំនាញ និងឯកទេសដែលមានស្រាប់ ចរិកលក្ខណៈរបស់បុគ្គលជាធាតុផ្សំដ៏សំខាន់ ដែលជួយឱ្យលោក អ្នកឆ្ពោះទៅរកគោលដៅដែលចង់សម្រេច។ ខាងក្រោមនេះជា ចរិកលក្ខណៈចាំបាច់៦យ៉ាង ដែលភ្នាក់ងារអចលនទ្រព្យគួររៀនសូត្រ និងប្រតិបត្តិដើម្បីសម្រេចគោលដៅ។
ដោយៈ សុផារី
ភ្នំពេញៈ ក្រៅពីជំនាញ និងឯកទេសដែលមានស្រាប់ ចរិកលក្ខណៈរបស់បុគ្គលជាធាតុផ្សំដ៏សំខាន់ ដែលជួយឱ្យលោក អ្នកឆ្ពោះទៅរកគោលដៅដែលចង់សម្រេច។ ខាងក្រោមនេះជា ចរិកលក្ខណៈចាំបាច់៦យ៉ាង ដែលភ្នាក់ងារអចលនទ្រព្យគួររៀនសូត្រ និងប្រតិបត្តិដើម្បីសម្រេចគោលដៅ។
១) ជាបុគ្គលមានសេចក្តីទៀងត្រង់ (integrity)
ជំហ៊ាន ដំបូងមុននឹងឈានដល់ដំណាក់កាលបិទបញ្ចប់ នៃការលក់ឬភាសាអង់គ្លេសហៅថា Close Deal មិនថាជាផ្ទះ ឬដីធ្លីនោះទេ គឺ ធ្វើម៉េចត្រូវយកឈ្នះលើទំនុកចិត្តរបស់អតិថិជនឱ្យបានសិន ព្រោះអតិថិជនអាចមើលដឹង ប្រសិនបើភ្នាក់ងារអចលនទ្រព្យនោះធ្វើការយកលុយជាធំ ហើយមនុស្សប្រភេទនេះអតិថិជនមិនចង់សហការជាមួយទេ។ ដូច្នេះត្រូវសាងក្តេរិ៍ឈ្មោះឱ្យបានល្អ ហើយត្រូវប្រកាន់ភ្ជាប់នូវសុច្ចរិតភាព។
២) ត្រូវធ្វើជាបុគ្គល ប្រូអាក់ទីវ (proactive)
មនុស្ស proactive នេះជាប្រភេទបុគ្គល ដែលចេះទទួលខុសត្រូវ គ្រប់គ្រងស្ថានការណ៍ និងធ្វើអ្វីមួយឱ្យសម្រេចឡើងដោយខ្លួនឯង ដែលខុសពីមនុស្សប្រភេទ reactive ជាបុគ្គលអង្គុយរង់ចាំឱ្យអ្វីមួយកើតឡើង ហើយចូលចិត្តទំលាក់កំហុសលើអ្នកដទៃ។
ភ្នាក់ងារអចលនទ្រព្យ ដែលសម្រេចបាននូវសមិទ្ធិផលដុំគំភូន ដឹងពីរបៀបពីការត្រួសត្រាយផ្លូវរបស់ពួកគេ ក្នុងការធ្វើការជាមួយអតិថិជន មិនមែនអង្គុយរង់ចាំឱ្យអតិថិជនទូរស័ព្ទមករកនោះទេ។ ភ្នាក់ងារអចលនទ្រព្យ ដែលមានចរិកលក្ខណៈproactive នេះតែងមាន ម្ចាស់ការលើខ្លួនឯង ហើយមិន រង់ចាំឱកាសហុចដល់ដៃទេ ដូចជាការណាត់ជួបយ៉ាងសកម្មជាមួយម្ចាស់ទ្រព្យ ព្រោះបើមានការជួបជជែកជាមួយម្ចាស់ទ្រព្យ កាន់តែច្រើន នោះឱកាសជោគជ័យក៏ហុចឱ្យទៅតាមហ្នឹងដែរ។
៣) អត់ធ្មត់ មិនបោះបង់ (persistence)
ភ្នាក់ងារអចលនទ្រព្យដែលសម្រេ ចកិច្ចការល្អជាងគេ តែងប្រកាន់ភ្ជាប់នូវភាពអំណត់ ដូចជាការបន្តសាកសួរព័ត៌មាន (follow up) ជាមួយអតិថិ ជនពីការទិញ ឬលក់អចលនទ្រព្យ បើទោះបីពេលខ្លះត្រូវចំណាយពេលបី-បួនសប្តាហ៍ ឬអាចលើសពីនេះ។ បើទោះមិនមានការសម្រេចចិត្តណាមួយពីអតិថិជន ក៏កំឡុងពេលនេះជាការប្រើប្រាស់ពេលវេលាកសាងទំនាក់ទំនងជាមួយអតិថិជន ដើម្បីឱកាសក្រោយដែរ។
៤) ចូលចិត្តប្រកួតប្រជែង (competition)
នៅក្នុងសង្វៀនអាជីវកម្មអចលនទ្រព្យនេះ មានរឿងរ៉ាវជាច្រើនដែលត្រូវប្រឈម ព្រោះជា វិស័យដែលពោរពេញដោយការប្រកួតប្រជែង។ ហេតុដូច្នេះហើយ ភ្នាក់ងារអចលនទ្រព្យត្រូវជាមនុស្សមានមហិច្ឆតា ហើយខិតខំនិងបេ្តជ្ញាដើម្បីជោគជ័យ។ ភ្នាក់ងារអចលនទ្រព្យដែលជោគជ័យ គេមិនត្អួញត្អែរ និងបន្ទោសលើរឿងឧបសគ្គនោះទេ ផ្ទុយទៅវិញគេខំគាស់កកាយ ហើយយកឈ្នះលើឧបសគ្គនោះឱ្យដល់ទីបញ្ចប់។
៥) រួសរាយរាក់ទាក់ និងមានការទំនាក់ទំនងល្អជាមួយអ្នកដទៃ
ជាភ្នាក់ងារអចលនទ្រព្យ មិនអាចជាមនុស្សមានចរិក អៀនខ្មាស់ច្រើនពេកនោះទេ។ ដើម្បីពូកែលក់អចលនទ្រព្យជាផ្ទះ ឬដីធ្លី ត្រូវជាមនុស្សពូកែនិយាយ។ បើមិនទាន់ពូកែនិយាយ ឬមិនសូវចូលចិត្តនិយាយទៅកាន់អ្នកដទៃទេ គួរចាប់ផ្តើមពីឥឡូវ។ បន្ថែមពីនេះ ភ្នាក់ងារអចលនទ្រព្យចំណាន ចូលចិត្តបង្កើតមិត្តភ័ក្ក ហើយទៅដល់ទីណា តែងពង្រីកបណ្តាញទំនាក់ទំនងនៅទីនោះ ។ ម៉្យាងទៀតពួកគេមិននឿយណាយ នឹងការលើកទទួលទូរស័ព្ទ ហើយណាត់ជួបជាមួយអ្នកដទៃ ដើម្បីបង្កើតការទំនាក់ទំនងនោះទេ។
៦) ហ្មត់ចត់នឹងការងារ (detail-oriented)
ភាពច្បាស់លាស់ និងល្អិតល្អន់ចំពោះការងារ ជាកត្តាល្អបំផុតមួយសម្រាប់ភ្នាក់ងារអចលនទ្រព្យ ក្នុងការផ្តល់ទំនុកចិត្ត និងរក្សាចំណង់មិត្តភាពយូរអង្វែងជាមួយអតិថិជន៕