ដោយ វុត្ថា
ភ្នំពេញ៖ យោងតាមទិន្ន័យរបស់អាជ្ញាធរអភិវឌ្ឍន៍ឡើងវិញ នៃប្រទេសសឹង្ហបុរីបានបញ្ចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះ ថា កំណើននៃការលក់លំនៅដ្ឋានឯកជននៅក្នុងប្រទេសសឹង្ហបុរី បានកើនឡើងចំនួន៤២ភាគរយ ក្នុងខែកញ្ញាឆ្នាំ២០១៨ កន្លងទៅនេះ ដោយក្នុងនោះអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបានលក់ចេញចំនួន៩៣២ យូនីត ពោលគឺកើនឡើង៦៥៧បើធៀបនឹងឆ្នាំ២០១៧។
អ្នកវិភាគអចលនទ្រព្យនៅក្នុងប្រទេសសឹង្ហបុរី បានប្រាប់សារព័ត៌មាន Bloomberg ថា លំនឹងទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសឹង្ហបុរី នៅតែមានការរីកចម្រើន បើទោះបីអាជ្ញាធរនៅក្នុងប្រទេសមួយនេះ មានការរឹតបន្តឹងទៅលើលក្ខន្ធមួយចំនួន ចំពោះអ្នកទិញ និងអ្នកអភិឌ្ឍន៍អលចនទ្រព្យយ៉ាងក្តី។
លោក Ong Teck Hui ប្រធានអ្នកស្រាវជ្រាវ និងពិគ្រោះយោបល់ជាតិប្រចាំក្រុមហ៊ុន JLL បញ្ជាក់ថា មានគម្រោងលំនៅដ្ឋានឯកជនចំនួន៧ ត្រូវបានសម្ភោធដាក់អោយដំណើរការជាផ្លូវការកាលពីខែមុននេះ។
សន្ទស្សន៍នៃតំលៃលំនៅដ្ឋានឯកជននៅក្នុងប្រទេសសឹង្ហបុរី បានកើនឡើង០.៥ភាគរយ កាលពីត្រីមាសទី៣ ឆ្នាំ២០១៨ ពោលគឺធ្លាក់ចុះពី៣.៤ ភាគរយក្នុងត្រីមាសទី ។
តែយ៉ាងណាក៏ដោយ ក្រុមហ៊ុន Morgan Stanley បានទស្សន៍ទាយថា តំលៃលំនៅដ្ឋាន នៅក្នុងប្រទេសសឹង្ហបុរីនឹងកើនឡើងរហូតដល់១០ភាគរយ នៅបំណាច់ឆ្នាំ ២០១៩ និងកើនឡើងទ្វេដងនៅក្នុងឆ្នាំ២០៣០ ដោយសារកំណើននៃប្រាក់ចំណូលកើនឡើងលឿន៕