សម្តេចតេជោៈកម្ពុជាកំពុងផ្តោតលើផលិតកម្មកសិកម្ម ខណៈពិភពលោកប្រឈមកង្វះស្បៀងអាហារ

0

ដោយៈ សុផារី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឥទ្ធិពលនៃសង្គ្រាមរុស្សី អ៊ុយក្រែន អាចបណ្តាលឱ្យពិភពលោកប្រឈមនឹងបញ្ហាកង្វះស្បៀងអាហារ ខណៈប្រទេសកម្ពុជាកំពុងផ្តោតលើផលិតកម្មកសិកម្ម។

នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅទូទាំងប្រទេសនាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ។

សម្តេចតេជោបានថ្លែងថា សង្គ្រាមរុស្សី អ៊ុយក្រែន បាននឹងកំពុងបង្កផលប៉ះពាល់លើការផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ប្រជាជននៅក្នុងពិភពលោកទាំងមូល ខណៈពេលដែលប្រទេសកម្ពុជា កំពុងតែផ្តោតទៅលើផលិតកម្មនៃផលិតផលកសិកម្ម ដើម្បីត្រៀមនឹងផ្គត់ផ្តង់តម្រូវការ។

សម្តេចបានមានប្រសាសន៍ថា “បញ្ហាអន្តរជាតិ ដែលបង្កភាពស្មុគស្មាញមកដល់យើងកូវីដ១៩ម្យ៉ាង។ សង្គ្រាមរុស្ស៊ី អ៊ុយក្រែនកើតឡើង។ ផលប៉ះពាល់តម្លៃប្រេង នឹងអាចធ្វើឱ្យពិភពលោកខ្វះស្បៀងអាហារ។ អញ្ជឹង បានជាខ្ញុំផ្តោតឱ្យយកចិត្តទុកដាក់លើផលិតកម្មកសិកម្ម”។

សម្តេចបន្តថា នៅក្នុងឆ្នាំ២០២៣ខាងមុខ ពិភពលោកអាចនឹងមានបញ្ហាស្បៀងអាហារ ដោយសារតែប្រទេសរុស្សី និងប្រទេសអ៊ុយក្រែនគឺជាប្រទេសផលិតស្រូវសាលីច្រើន ប៉ុន្តែដោយសារសង្គ្រាម ប្រទេសទាំងពីរមិនអាចផលិតបានទៀតទេ។

យ៉ាងណាក្តី ប្រទេសកម្ពុជានឹងមិនមានបញ្ហាអ្វីនោះទេ គ្រាន់តែទទួលរងនូវផលប៉ះពាល់ពីឥទ្ធិពលនៃសង្គ្រាមនេះ ដោយសារតែនេះគឺជាបញ្ហាដែលពិភពលោកទាំងមូលកំពុងប្រឈម។

សម្តេចតេជោបានបន្ថែមថា “យើងនៅទីនេះ មិនមានបញ្ហាទេ ប៉ុន្តែឥទ្ធិពលរបស់វា អាចនឹងធ្លាក់មកដល់យើងដែរ។ រឿងនេះមិនមែនតែរឿងកម្ពុជាទេ វាជារឿងទូទៅលើពិភពលោក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here