អាជ្ញាធរខេត្តកែបបើកសម្ភោធរូបសំណាក “ព្រាប ស”សមិទ្ឋផលថ្មី របស់ខេត្ត

 ដោយៈ គង់ សូរិយា

       ខេត្តកែបៈ ថ្នាក់ដឹកនាំខេត្តកែប បានប្រារពពិធីសម្ពោធរូបសំណាក “ព្រាប ស” ត្រង់ចំណុចផ្លូវលេខ ១៣៣៥ ចូលទៅកាន់តំបន់ភ្នំវល្លិ៍

ខេត្តកែប​ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣​ នេះ។

លោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល​ នៃគណ:អភិបាលខេត្ត បានអញ្ជើញសម្ពោធរូបសំណាក “ព្រាប ស” ត្រង់ចំណុចផ្លូវលេខ១៣៣៥​ ចូលទៅកាន់តំបន់ភ្នំវល្លិ៍។

យោងតាមរបាយការណ៍របស់លោក ឆាង ឆៃ​អភិបាលនៃណ:អភិបាលស្រុក ដំណាក់ចង្អើរបានអោយដឹងថា រូបសំណាក​ “​ព្រាប ស “​ នេះជាគំនិតផ្ដួចផ្ដើមរបស់​ លោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធា​រណ:ការ​ និងដឹកជញ្ជូន នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា។

សម្រាប់ការចាប់ផ្តើមដំណើរការសាងសង់ រូបសំណាកនេះគឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ និងបញ្ចប់ការងារសាងសង់ជាស្ថាពរ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ​ ដោយចំណាយថវិការសរុប ១៤,៣០០ដុល្លារគត់​។

លោកសោម ពិសិដ្ឋ បានមានប្រសាសន៍ថា ការសាងសង់រូបសំណាក​ “​ ព្រាបស “​ នៅលើទីតាំងនេះ គឺចង់បញ្ជាក់អំពីតម្លៃ និងនិមិត្តរូបនៃសន្តិភាព ដែលបង្កឱកាសឱ្យយើងទាំងអស់គ្នា អភិវឌ្ឍសហគមន៍​ ក៏ដូចជាប្រទេសជាតិយើងឱ្យមានការរីកចម្រើន។​

លោកបានរំលឹកថា តំបន់ភ្នំវល្លិ៍នេះធ្លាប់ជាទីតាំង សមរភូមិសង្គ្រាមដ៏ក្តៅគគុក និងជាកន្លែងលាក់ខ្លួន ធ្វើសកម្មភាពរបស់កងទ័ពខ្មែរក្រហម ប៉ុន្តែក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៤ កម្លាំងទ័ពខ្មែរក្រហម បានធ្វើសមាហរណកម្ម ចូលរួមជាមួយរដ្ឋាភិបាល ភ្លើងសង្គ្រាមនៅទីតាំងនេះក៏បានរលត់ ប្រជាជនរស់នៅបានសុខសន្តិភាព ហើយបច្ចុប្បន្ន បានប្រែក្លាយជាតំបន់អភិវឌ្ឍកសិកម្ម ដ៏មានសក្តានុពលរបស់ខេត្តកែប។

លោកបានបន្ថែមថា រូបសំណាក​”​ ព្រាបស”​ ត្រដាងស្លាប នាដើមផ្លូវលេខ១៣៣៥នេះ នឹងធ្វើឱ្យអ្នកដំណើរតាមផ្លូវជាតិលេខ៣៣ ងាកមកចាប់អារម្មណ៍ទីតាំងនៃតំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ភ្នំវល្លិ៍ ដែលពោរពេញដោយ ទេសភាពដ៏ស្រស់បំព្រង ដែលគ្របដណ្តប់ទៅដោយដំណាំកសិកម្ម ព្រៃភ្នំដ៏ខៀវស្រងាត់ និងខ្យល់អាកាសបរិសុទ្ធ ហើយទៅថ្ងៃអនាគត ទីតាំងនេះ ក៏នឹងក្លាយទៅជាតំបន់កសិឧស្សហកម្មផងដែរ។

លោកសោម ពិសិដ្ឋបានបញ្ជាក់អះអាងថា លោកនឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់ភ្នំវល្លិ៍ឱ្យដូចជាសរសៃឈាម និងជាផ្នែកមួយនៃតំបន់ទេសចរណ៍របស់ខេត្តកែប ដែលភ្ញៀវទេសចរអាចមកលេង ទឹកសមុទ្រ ញ៉ាំអាហារសមុទ្រដ៏មានឱជារស ហើយបន្តដើរកំសាន្តអេកូទេសចរណ៍ លើខ្នងភ្នំវល្លិ៍ និងកសិទេសចរណ៍នៃតំបន់នេះថែមទៀត៕

ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យចិនហក់ឡើងខ្ពស់ ក្រោយរដ្ឋាភិបាលបន្ធូរបន្ថយលក្ខខណ្ឌកម្ចីទិញផ្ទះសម្រាប់អ្នកទិញ

ដោយៈ សុខុម

ហុងកុង: ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងប្រទេសចិន បានហក់ឡើងស្រឺតៗកាលពីថ្ងៃសុក្រ ទី៦ ខែមករា ក្រោយពីរដ្ឋាភិបាលចិន បានដាក់ចេញវិធានការគាំទ្របន្ថែមទៀត ដើម្បីជំរុញវិស័យអចលនទ្រព្យ ដែលកំពុងជាប់ផុងក្នុងបំណុល ខណៈប្រទេសចិន ត្រៀមបើកសេដ្ឋកិច្ច ដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩ របស់ខ្លួនឡើងវិញ។

សន្ទស្សន៍ផ្សារហ៊ុនអចលនទ្រព្យចិនដីគោក ដែលចុះបញ្ជីនៅហុងកុង Hang Seng Mainland Properties Index បានហក់ឡើងស្រឺតៗជិតដល់៤%ភ្លាមៗ ក្រោយពីទីផ្សារបើកដំណើរការឡើងវិញ ដោយក្នុងនោះភាគហ៊ុននៃក្រុមហ៊ុនអចលនទ្រព្យ Logan Group បានហក់ឡើង១១% ចំណែកឯក្រុមហ៊ុន CIFI Holdings បានហក់ឡើង៦,៣%។

ធនាគារកណ្តាលចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ថា សម្រាប់បណ្ដាទីក្រុង ដែលតម្លៃលក់ផ្ទះថ្មីធ្លាក់ថ្លៃរយៈពេល៣ខែជាប់គ្នា អត្រាការប្រាក់អប្បបរមា លើកម្ចីទិញផ្ទះអាចបញ្ចុះបន្ថែមទៀត ឬលុបតែម្ដង សម្រាប់អ្នកទិញផ្ទះដំបូងជាដំណាក់កាលៗ។

វិស័យអចលនទ្រព្យ ដែលគ្របដណ្ដប់រហូតដល់ទៅ១ភាគ៤ នៃសេដ្ឋកិច្ចដ៏ធំសម្បើមរបស់មហាយក្សចិន បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ២០២២ បន្ទាប់ពីបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យមិនអាចបញ្ច​​ប់គម្រោងសាងសង់ឱ្យទាន់ពេលវេលា ជាហេតុនាំឱ្យអ្នកទិញផ្ទះយ៉ាងច្រើនងើបឡើងបះបោរផ្អាកបង់កម្ចីទិញផ្ទះ។

ទន្ទឹមនេះ ការបិទខ្ទប់ និងវិធានការត្រួតពិនិត្យ ការចល័តរបស់ប្រជាជន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ក៏បានធ្វើឱ្យប៉ះពាល់ទំនុកចិត្តរបស់អ្នកទិញផងដែរ ដែលធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរថែមទៀត។

អាជ្ញាធរលំនៅដ្ឋានក៏បានប្តេជ្ញាចិត្តខ្ពស់ដែរថា នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់អ្នកទិញផ្ទះដំបូង តាមរយៈការអនុញ្ញាតឱ្យបង់លុយកក់ ឬ Down Payment តិចតួច និងបញ្ចុះអត្រាការប្រាក់កម្ចីទិញផ្ទះជាដើម។

លោក Ni Hong ប្រធាននិយ័តករលំនៅដ្ឋាននៃប្រទេសចិន បានប្រាប់ទូរទស្សន៍រដ្ឋ CCTV ថា ការគាំទ្រ “សមស្រប” ចាំបាច់ត្រូវផ្តល់ដល់អ្នកទិញផ្ទះទី២ ទោះបីជាមិនមែនសម្រាប់ការទិញផ្ទះ៣ ឬអ្នកទិញផ្ទះច្រើនជាងនេះយ៉ាងណាក្ដី៕ Reuters៕

អាជ្ញាធរខេត្តបាត់ដំបងពង្រឹងការរៀបចំសោភ័ណភាពខេត្តនិងរមណី យដ្ឋានដ៏ល្បីមួយ

ដោយៈ គង់ ម៉ាលីនណា

       បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូបានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការអនុវត្ត ការងាររៀបចំសណ្ដា​ប់ធ្នាប់ សោភ័ណភាព របៀបរៀបរយក្នុងក្រុងបាត់ដំបង និងនៅតំបន់ទេស​ចរណ៍ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ ដែលមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ បានប្រព្រឹត្តទៅនៅថ្ងៃទី៦ មករា ម្សិលម៉ិញនេះ។

យោងតាមការរាយការណ៍ តាមរយៈក្រុមការងារទទួលបន្ទុករៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងបាត់ដំបងបានលើកឡើងថា ចំពោះផ្លូវលេខ១ និងលេខ១កន្លះ ផ្ទះដែលបានរុះរើសំយាបរួច បានចំនួនស្មើនឹង៩៩,៤៥% និងមិនទាន់បានរុះរើមានចំនួន២ខ្នង ដោយសារតែជាផ្ទះដែលមិនមានម្ចាស់រស់នៅ ហើយផ្ទះដែលបានដំឡើងសំយាបរួចមានចំនួន២៥ខ្នង (៦,៨៩%​) និងមិនដំឡើងសំយាបមានចំនួន ៣៣៨ខ្នង (៩៣,១១%) ។

ចំពោះបរិវេណជុំវិញផ្សាណាត់ ចំនួនផ្ទះសរុប៨២ផ្ទះ (ខាងជើងផ្សារ ៤២ផ្ទះ)ផ្ទះមួយចំនួនធំ បានរៀបចំសំយ៉ាបស្រប តាមគម្រូណែនាំរបស់រដ្ឋបាលខេត្តផងដែរ ។ សម្រាប់កំណាត់ផ្លូវលេខ២ និងផ្លូវលេខ២កន្លះ ម្ចាស់ផ្ទះទាំងអស់បានស្ម័គ្រចិត្ត រុះរើសំយ៉ាបបានរួចរាល់១០០%តែម្ដង។

ចំណែកបណ្ដោយផ្លូវលេខ៣ ចំនួនខ្នងផ្ទះមាន៣៥៥ខ្នង ផ្ទះបានរុះរើសំយាបរួចរាល់ និងមិនដំឡើងសំយាបមានចំនួន ២៥៩ខ្នង ផ្ទះដែលដំឡើងសំយាប តាមគម្រូរបស់រដ្ឋបាលខេត្តមានចំនួន៦៩ខ្នង ផ្ទះដែលមិនទាន់រុះរើសំយាប និងទុកសំយាបរវៃចេញមានចំនួន៧ខ្នង។ ចំពោះបណ្ដោ​យផ្លូវព្រះវិហា និងផ្លូវឡាអេ ផ្លូវកាត់ទទឹងផ្លូវព្រះវិហារ មានចំនួន ១១៣ខ្នងផ្ទះ ជាលទ្ធផលប្រជាពលរដ្ឋ ដែលម្ចាស់អាជីវកម្ម ក្រុមហ៊ុន ធនាគារ ប្រមា​ណ៩៥%គាំទ្រ និងចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ។

មានប្រសាសន៍នាឱកាសនោះ លោកសុខ លូ បានណែនាំដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ ដែលទទួលបន្ទុកទៅតាមតំបន់នានាទាំងអស់នោះ ក៏ដូចជាចៅសង្កាត់ទាំងអស់ ត្រូវបន្តធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងអំពីការរៀបចំសណ្ដាប់ធ្នាប់ និងគោលបំណងអំពីការរៀបចំសណ្ដាប់ធ្នាប់នេះ ពិសេសត្រូវទប់ស្កាត់ការងើបឡើងវិញនូវការសាងសង់សំយ៉ាបផ្ទះ ការលក់ដូរនៅលើចិញ្ចើមផ្លូវដោយមិនត្រូវព្រលែងដៃឡើយ។

លោកបន្តថា “ត្រូវធ្វើដូចភ្លៀងរលឹម និងត្រូវណែនាំដល់អាជីវករទាំងអស់ដែលដាក់តាំងលក់ផ្សេងៗ ត្រូវរៀបចំឱ្យមានការលក់នៅខាងក្នុងផ្ទះជំនួសវិញ”។

ក្នុងនោះដែរ លោកសុខ លូបានណែនាំដល់អង្គភាពអគ្គិសនីខេត្ត ពិនិត្យមើល និងសិក្សាអំពីលទ្ធភាព ដែលអាចដកបង្គោលភ្លើងចាស់ៗចោល ព្រោះបន្ទាប់ពីធ្វើការរៀបចំកាត់ខ្សែកាប ខ្សែអិនធឺណេតចេញអស់ហើយ គឺនៅសល់បង្គោលភ្លើងដែលនៅសល់ ហើយបើសិនជាអាចធ្វើការដកបានរដ្ឋបាលខេត្ត នឹងសិក្សាអំពីការដាំដើមឈើជំនួសវិញ ដើម្បីលើកកម្រិតសោ​ភ័ណភាពក្រុងឱ្យកាន់តែស្រស់ស្អាតទៀត។

លោកបានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែង ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅតំបន់អភិរក្សទាំងអស់ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការចូលរួមកាត់សំយ៉ាបផ្ទះ ការកាត់ផ្លាកសញ្ញាពាណិជ្ជកម្មធំៗចេញពីខាងមុខផ្ទះរបស់ខ្លួន និងយល់ដឹងអំពីគោលបំណងនៃការរៀបចំសណ្ដាប់ធ្នាប់នេះ ៕

 

ក្រុមហ៊ុនចិនធំមួយគ្រោងឈានជើងចូលទីផ្សារកម្ពុជា ដើម្បីជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារចិន

  ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ក្រុមហ៊ុនឡានតុន ក្លោដ សឺវីស ថេកណូឡូជី របស់ប្រទេសចិន បានបង្ហាញពីបំណងក្នុងការធ្វើប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា និងការជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជា ចូលទៅក្នុងទីផ្សារប្រទេសចិន និងពិភពលោក។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជាក្រោយជំនួប រវាងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ និងលោកលី គន់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនឡានតុនក្លោដសឺវីសថេកណូឡូជី។

លោកប៉ាន សូរស័ក្តិ បានមានប្រសាសន៍រំលឹកផងដែរ អំពីសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងការជម្រុញនូវសកម្មភាពសេដ្ឋកិច្ច តាមរយៈការនាំចេញផលិតផលពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិននិងពិភពលោក តួយ៉ាង ដូចជាផ្លែមៀនប៉ៃលិន ចេក គ្រាប់ស្វាយចន្ធី និងអាហារកញ្ចាប់ផ្សេងទៀត ដែលផលិតចេញពីផលិតផលកសិកម្មកម្ពុជា ជាដើម និងបានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន អំពីសក្តានុពល នៃផលិតផលកសិកម្មរបស់  កម្ពុជានិងតម្រូវការនៃការវិនិយោគបន្ថែមលើការកែច្នៃដើម្បីនាំចេញទៅក្រៅប្រទេស។

លោកបានណែនាំ និងប្រគល់ភារកិច្ចជូន រដ្ឋលេខាធិការក្រសួងពាណិ​ជ្ជកម្មមួយរូប គឺលោក សុខ សុភ័ក្រ ដើម្បីដឹកនាំក្រុមការងាររៀបចំអនុស្សរណៈយោគយល់ រវាងក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុនឡានតុន ក្លៅ សឺវីស ថេកណូឡូជី ឯ.ក ដោយត្រូវដាក់បញ្ចូលនូវចំណុចសំខាន់ៗ ដូចជា ការគាំទ្រដល់ក្រសួងពាណិជ្ជកម្ម លើការធ្វើការផ្សព្វផ្សាយលើផលិតផលកម្ពុជា ការជម្រុញចលនាភូមិ១ផលិតផល១ ការជម្រុញទំនាក់ទំនងជាមួយនឹងអ្នកផលិតក្នុងស្រុកដើម្បីនាំចេញ ការបង្កើតឃ្លាំងស្តុកទំនិញ ការផ្សព្វផ្សាយនិងប្រើប្រាស់ផលិតផល ក្នុងអាកាសចរណ៍ Lanmei Airlines  ការធ្វើកិច្ចសហការ ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅបរទេស ការភ្ជាប់ទំនាក់ទំនងជាមួយនឹងApp ដ៏ទៃទៀតដែលមានស្រាប់។

ការកសាងគម្រោងកិច្ចសហប្រតិបត្តិការ រយៈពេលវែងក្នុងក្របខណ្ឌភាពជាដៃគូ រវាងវិស័យសាធារណៈនិងឯកជន(PPP) ដូចជាការជួយគាំទ្រក្នុងការទិញផលិតផលរបស់កសិករ និងសមាគមផលិត ការជម្រុញកិច្ចសហការលើបញ្ហាកិច្ចការពារអ្នកប្រើប្រាស់ ការសម្របសម្រួលលើការអនុវត្តគោលនយោបាយពន្ធដារនិងគយ ការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួង ក្នុងការគ្រប់គ្រងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការបណ្តុះបណ្តាលសហគ្រាស ដើម្បីឱ្យមានសមត្ថភាពចូលក្នុងប្រព័ន្ធផ្គត់ផ្គង់ទីផ្សារអន្តរជាតិ និងទីផ្សារប្រទេសចិន និងកិច្ចគាំទ្រដទៃទៀតរបស់ក្រុមហ៊ុន មកលើបេសកកម្មរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

លោកប៉ាន សូរស័ក្តិ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រដល់វិស័យឯកជន តាមរយៈការបង្កើតនូវច្បាប់ និងគោលនយោបាយចាំបាច់នានា ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសកម្ពុជា៕

ផ្នែកចំនួន២នៃអចលនទ្រព្យក្នុងខេត្តសៀមរាប កំពុងបង្ហាញសញ្ញាល្អប្រសើរបណ្តើរៗ

ដោយ: សុផារី

សៀមរាបៈ ដោយទទួលបានការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពល្អប្រសើរ នៃវិស័យទេសចរណ៍ បានជំរុញឱ្យអចលនទ្រព្យសៀមរាប ចាប់ផ្តើមមានការងើបឡើងវិញហើយ ជាពិសេសប្រភេទ ផ្ទះអាជីវកម្ម និងផ្ទះសម្រាប់ស្នាក់នៅតម្លៃមធ្យម។

លោកស៊ា សុផល ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនKW ប្រចាំខេត្តសៀ​មរាបបានមានប្រសាសន៍នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះថា ចាប់ពីចុងឆ្នាំ២០២២ រហូតមកដល់ ដើមឆ្នាំ២០២៣ ចរន្តនៃការទិញលក់អចលនទ្រព្យពីរប្រភេទ ទទួលបានការគាំទ្រខ្លាំងជាងគេ រួមមាន ផ្ទះអាជីវកម្ម និងផ្ទះលំនៅឋាន។

លោកបន្តថា “ផ្ទះអាជីវកម្មហាក់មានសន្ទុះខ្លាំងជាងគេ ដែលជំរុញដោយកំណើនទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាខេត្តសៀម​រាប ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២”។ លោកបន្ថែមថា “ចំណែក ផ្ទះលំនៅឋាន មានការស្វែងរកដីធ្លីទំហំមធ្យម ដើម្បីសាងសង់ថ្មីៗច្រើនផងដែរ”។

លោកបានបញ្ជាក់ប្រាប់ថា “ផ្ទះអាជីវកម្មមានគេស្វែងរកច្រើន។ ភាគច្រើនជាអតិថិជន ដែលមានថវិកាច្រើន មិនសូវទទួលផលប៉ះពាល់ខ្លាំងពីកូវីដ១៩ គេរកមើលតំបន់ទាំងឡាយណា នៅជាប់នឹងផ្លូវជាតិ ផ្លូវធំៗ ដើម្បីពង្រីកអាជីវកម្ម របស់គេ”។

ជាមួយគ្នានេះ លោក បាន ធារ៉ា ប្រធានផ្នែកលក់នៃក្រុមហ៊ុនអចលនទ្រព្យ SR Property បានមានប្រសាសន៍ឲ្យដឹងនៅដដែលថា លោកសង្គេតឃើញថា សកម្មភាពទិញ លក់ ជួល អចលនទ្រព្យគ្រប់ប្រភេទនៅក្នុងខេត្តសៀមរាប នាពេលប៉ុន្មានខែចុងក្រោយនេះ មានកំណើនល្អប្រសើរច្រើនជាងពេលមុនៗ។

លោកអះអាងថា “សន្ទុះល្អប្រសើរនេះ ចំពោះអចលនទ្រព្យនេះ ជំរុញដោយកំណើនទេសចរ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងខេត្ត”៕

លោក យិន លាងគង់ អគ្គនាយកសាពត័មាន Property Area Asia និង Cambodia Financial Time សូមផ្ញើសារអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃជ័យជំនះ៧មករា

ភ្នំពេញ៖ នាឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្ដម នៃខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៣, ខ្ញុំបាទ យិន លាងគង់ អគ្គនាយកសាពត័មាន Property Area Asia និង Cambodia Financial Time និង បុក្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ សូមសម្តែងនូវគារវភក្តី និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដើម្បីឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ចាប់ពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ។

ថ្ងៃជ័យជំនះ ៧មករា ជាមហាជោគជ័យដ៏ឧត្តុងឧត្តមរបស់គណបក្សប្រជាជនកម្ពុជា លើរបបអាវខ្មៅ ប៉ុល ពត និងជាកំណើតទី២ ដែលមិនអាចបំភ្លេចបានរបស់ប្រជាជនកម្ពុជាគ្រប់រូប។

ជាថ្មីម្ដងទៀត នាឱកាសដ៏មហោឡារិកនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់របស់សម្ដេច សូមបានសមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ថ្មីៗថែមទៀត ក្នុងបេសកកម្មដឹកនាំប្រទេសជាតិ មាតុភូមិ ឆ្លងកាត់ឧបសគ្គនានា ដើម្បីរក្សាសន្តិភាពឲ្យបានគង់វង្ស ស្ថិតស្ថេរជានិច្ចនិរន្តរ៍លើគ្រប់វិស័យ ឲ្យកាន់តែសម្បូររុងរឿង៕

កម្ពុជាដាក់គោលដៅទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​៧​លាន​នាក់​នៅ​ឆ្នាំ​២០២៥

ដោយ: គង់ លាងហួរ

ភ្នំពេញ: ខណៈដែលកម្ពុជាត្រៀមស្វាគមន៍លំហូរទេសចរចិន ក្រសួងទេសចរណ៍បានរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរប្រមាណ៧លាននាក់នៅឆ្នាំ២០២៥។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា កម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ការតភ្ជាប់ ការហោះហើរ និងការដឹកជញ្ជូន ជាពិសេសទំនាក់ទំនងដ៏រឹងមាំ ដែលជាយុទ្ធសាស្ត្រសហគមន៍ជោគវាសនារួម ដែលបង្ហាញយ៉ាងច្បាស់ថា ទីផ្សារទេសចរណ៍ចិន គឺជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន រួមទាំងប្រទេសកម្ពុជាផងដែរ។

មុនពេលមានជំងឺកូវីដ-១៩ ភ្ញៀវទេសចរចិនចំនួន១៥៥លាននាក់ បានធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗជុំវិញពិភពលោក ដែលស្មើនឹង១០ភាគរយ នៃទេសចរណ៍ពិភពលោកសរុប និងបង្កើតបានចំណូលបាន២៥៨ពាន់លានដុល្លារ នៅក្នុងឧស្សាហកម្មទេសចរណ៍។ ក្នុងនោះបណ្តាប្រទេសអាស៊ានក៏ទទួលបានភ្ញៀវទេសចរចិនចំនួន៣២,២លាននាក់ផងដែរ។

ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ស្ថានភាពនៃទីផ្សារទេសចរណ៍ចិនបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែប្រទេសចិនបានបិទព្រំដែនរបស់ខ្លួន។

បើតាមក្រុមមន្ត្រីបានឱ្យដឹងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផ្សេងទៀត មកទស្សនាប្រទេសនេះ ដោយមិនមានការរឹតត្បិតផ្នែកសុខភាពឡើយ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តជាបន្តបន្ទាប់នូវការសម្រួលការធ្វើដំណើរចាប់តាំងពីឆ្នាំ២០២២ ស្របពេលដែលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ៕

អាជ្ញាធរអចលនទ្រព្យឧស្សាហកម្មថៃដាក់ចេញវិធានការដើម្បីទាក់ទាញវិនិយោគិន

ដោយ: គង់ លាងហួរ

បាងកក: អាជ្ញាធរ​អចលនទ្រព្យឧស្សាហកម្ម​នៃ​ប្រទេស​ថៃ (IEAT) កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ ​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​អចលនទ្រព្យចំនួន​៤របស់​ខ្លួន ដើម្បី​ទាក់ទាញ​វិនិយោគិនថៃ និង​បរទេស​ឱ្យ​កាន់​តែ​ច្រើន។

កញ្ចប់ថ្មីនេះផ្តល់ការបញ្ចុះតម្លៃលើការលក់ដីឧស្សាហកម្ម និងការលើកលែងលើការជួលដី និងថ្លៃសេវា សម្រាប់ការប្រើប្រាស់គ្រឿងបរិក្ខារនៅលើអចលនទ្រព្យ សម្រាប់រយៈពេលជាក់លាក់មួយត្រូវបានដាក់ឱ្យដំណើរការ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។

លោក Veeris Ammarapala អភិបាលនៃ IEAT បានមានប្រសាសន៍ថា “យើងរំពឹងថាកញ្ចប់ទាំងនេះនឹងជួយដល់វិនិយោគិន ក្នុងការធ្វើការសម្រេចចិត្តរបស់ពួកគេឱ្យកាន់តែងាយស្រួល ដើម្បីវិនិយោគនៅក្នុងប្រទេសថៃ”។ កញ្ចប់នេះមានសុពលភាពតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ហើយផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

អចលនទ្រព្យឧស្សាហកម្មទាំង៤នោះ រួមមាន ឧស្សាហកម្មភូមិភាគខាងត្បូង និងតំបន់ឧស្សាហកម្មសុងក្លា ដែលតំបន់ទាំង២មានទីតាំងនៅភាគខាងត្បូងនៃខេត្តសុងក្លា ក៏ដូចជា ឧស្សាហកម្មស្រះកែវនៅភាគខាងកើត និងតំបន់ឧស្សាហកម្មភីឈីតនៅភាគខាងជើង។

លោក Veeris បានបន្តថា វិនិយោគិនថ្មី ដែលមានបំណងទិញដីឧស្សាហកម្មនៅក្នុងតំបន់ឧស្សាហកម្មភាគខាងត្បូង នឹងទទួលបានការបញ្ចុះតម្លៃពី១៥ ទៅ២០ភាគរយ។ ថ្លៃសេវាសម្រាប់ការប្រើប្រាស់គ្រឿងបរិក្ខារត្រូវបានលើកលែង សម្រាប់រយៈពេលមួយឆ្នាំ។

ក្រុមហ៊ុនផលិតដែលមានស្រាប់ និងបានជួលដីនៅតំបន់ឧស្សាហកម្មភាគខាងត្បូងក៏នឹងត្រូវបានលើកលែងផងដែរ លើការជួលដីសម្រាប់រយៈពេល២ឆ្នាំ និងសម្ភារៈប្រើប្រាស់៕

IEAT unveils drive to woo investors

The Industrial Estate Authority of Thailand (IEAT) is utilising marketing tactics at four of its industrial estates to attract more Thai and foreign investors.

 

New packages granting discounts on industrial land sales and exemptions pertaining to land rental and fees for the use of facilities on the estates for specific periods have been launched in the effort to attract more

investment.

 

“We expect the packages to help investors make their decisions more easily to invest in Thailand,” said Veeris Ammarapala, governor of the IEAT.

 

The packages have been in place since Oct 1, 2022 and expire on Sept 30 this year.

The four industrial estates covered are the Southern Region Industrial Estate and the Songkhla Industrial Estate, which are both located in the southern province of Songkhla, as well as the Sa Kaeo Industrial Estate in the East and the Phichit Industrial Estate in the North.

 

New investors who want to purchase industrial land within the Southern Region Industrial Estate will receive discounts of between 15% and 20%, said Mr Veeris.

 

Fees for the use of facilities have been waived for one year.

 

Existing manufacturers who lease land in the Southern Region Industrial Estate will also be granted exemptions on the land rental for a period of two years and facility fees for one year, according to the IEAT.

 

Source: Bangkok Post

ចរន្តទិញលក់អចលនទ្រព្យក្នុងខេត្តភាគខាងកើតចំនួនពីរចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមាននៅដើមឆ្នាំ២០២៣

ដោយ៖ សុផារី

ស្ទឹងត្រែង៖ ដើមឆ្នាំ២០២៣ ចរន្តទិញលក់នៅខេត្តភាគខាងកើតចំនួនពីរ រួមមាន ខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាម ចាប់ផ្តើមងើបឡើងវិញបណ្ដើរៗវិញ ស្របពេលមានការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជំរុញការទិញលក់អចលនទ្រព្យក្នុងតំបន់។ អ្នកជំនាញបង្ហាញក្តីរំពឹងថា ទីផ្សារនៅក្នុងឆ្នាំ២០២៣នឹងមានសញ្ញាវិជ្ជមានបន្ថែមទៀត។

លោក ជុំ វិចិត្រ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្ទឹងត្រែង បានមានប្រសាសន៍នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះថា “ការលក់អចលនទ្រព្យ ទិញលក់ដីធ្លីតម្លៃសមរម្យ មានចរន្តទិញលក់ងើបឡើងវិញខ្លះ។ ចំណែក តម្លៃដីធ្លីមានការកើនឡើងបន្តិចបន្តួច ប្រហែលជា១០ភាគរយ តំបន់ខ្លះនៅទ្រឹង”។

លោកបានបង្ហាញក្តីសង្ឃឹមចំពោះកំណើននិងការផ្លាស់ប្តូរនៃទីផ្សារអចលនទ្រព្យនៅក្នុងខេត្តស្ទឹងត្រែង នៅក្នុងឆ្នាំ២០២៣ ខណៈបច្ចុប្បន្ននេះសញ្ញាវិជ្ជមានចាប់ផ្តើមងើបឡើងបន្តិចម្តងៗហើយ ក្រោយប៉ះពាល់ខ្លាំងនាពេលកន្លងមក។

បើក្រលេកមើលខេត្តកំពង់ចាម ដែលទើបទទួលបានការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធនានា គឺគម្រោងលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៧ បានកំពុងបង្កើនភាពទាក់ទាញចំពោះតំបន់មួយចំនួននៅតាមបណ្តោយផ្លូវជាតិមួយនេះ។

លោកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះថា បច្ចុប្បន្ននេះ គម្រោងប្រភេទតម្លៃសមរម្យទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកមានថវិកា និងស្វែងរកការវិនិយោគ នៅក្នុងខេត្តកំពង់ចាម ជាពិសេសក្នុងឃុំល្វា មកដល់ស្គន់។

លោកស្រីបញ្ជាក់ថា ដោយសារសក្តានុពលផ្លូវថ្នល់ និងការអភិវឌ្ឍបានជំរុញឱ្យមានគម្រោងវិនិយោគធំច្រើនចូលមកបោះទុន រួមមាន សកម្មភាពពាណិជ្ជកម្ម រោងចក្រ សហគ្រាស ។ល។

លោកស្រីបញ្ជាក់ថា “មានរោងចក្រមួយចំនួនធំ និងគម្រោងនានាបានចូលមក ធ្វើឲ្យមានចរន្តទិញលក់ និងអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ”។

រដ្ឋបាលខេត្តនីមួយៗ ក៏បានចាប់ផ្តើមជុសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈនានា ដើម្បីជំរុញការអភិវឌ្ឍ និងសម្រស់ខេត្ត ដើម្បីទាក់ទងការវិនិយោគពីសំណាក់អ្នកវិនិយោគពីគ្រប់ទិសទី៕