ដំណឹងល្អ៖ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ បានតភ្ជាប់ជើងហោះហើរត្រង់អន្តរជាតិចំនួន ៣ ទីក្រុងបន្ថែមទៀតនៅឆ្នាំ២០២៥នេះ

0

(ខេត្តព្រះសីហនុ)៖ វិស័យអាកាសចរណ៍របស់កម្ពុជា កំពុងរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិចំនួន ៤ ដែលកំពុងដំណើរការ។ អាកាសយានដ្ឋានទាំងនេះ មានតួនាទីសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ តភ្ជាប់កម្ពុជាទៅកាន់គោលដៅអន្តរជាតិ និងភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស។ ខាងក្រោមនេះជាអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ដែលកំពុងលេចរូបរាងឡើង បាននិងកំពុងទាក់ទាញភ្ញៀវទេចរណ៍មកពីគ្រប់តំបន់។ បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ បានតភ្ជាប់ការហោះហើរត្រង់អន្តរជាតិចំនួន ៣ ទីក្រុងបន្ថែមទៀត ដោយ៖

១. អាកាសចរណ៍ Ruili Airlines របស់ប្រទេសចិនបានធ្វើការហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅទីក្រុងគុនមីន ដោយមានចំនួន ២ជើងក្នុងមួយសប្តាហ៍ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែសីហាតទៅ

២. អាកាសចរណ៍ជាតិកម្ពុជា Air Cambodia នឹងធ្វើការហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅទីក្រុងសិនជិន ដោយមានចំនួន ១ជើងក្នុងមួយសប្តាហ៍ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកញ្ញាតទៅ

៣. អាកាសចរណ៍ Sky Angkor Airlines របស់កម្ពុជា នឹងធ្វើការហោះត្រង់ពីខេត្តព្រះសីហនុ ទៅទីក្រុងម៉ាកាវ ដែលមានចំនួន ២ជើងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី០២ ខែតុលាតទៅ។

យ៉ាងណាម៉ិញ អាកាសយានដ្ឋាននៅក្នុងខេត្តព្រះសីហនុមួយនេះ បានកំពុងតភ្ជាប់ការហោះហើរត្រង់រួចរាល់ពីខេត្តព្រះសីហនុ ទៅកាន់ ខេត្តសៀមរាប ទីក្រុងហូជីមិញ ទីក្រុងបាងកក ទីក្រុងកូឡាឡាំពួរ ទីក្រុងគុនមីន និងទីក្រុងវ៉ូស៊ី។

អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ឬហៅថា អាកាសយានដ្ឋានកេងកង ត្រូវបានសាងសង់ដំបូងនៅទសវត្សរ៍ទី៦០ ដោយមានជំនួយពីសហភាពសូវៀត។ បន្ទាប់ពីត្រូវបានបិទក្នុងសម័យសង្គ្រាម អាកាសយានដ្ឋាននេះបានបើកដំណើរការឡើងវិញនៅខែមករា ឆ្នាំ២០០៧។ វាដើរតួនាទីសំខាន់ក្នុងការតភ្ជាប់ខេត្តព្រះសីហនុទៅកាន់គោលដៅក្នុងតំបន់ ជំរុញទេសចរណ៍ និងសេដ្ឋកិច្ចនៅតំបន់ឆ្នេរសមុទ្រ៕

ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅប្រទេសម៉ាឡេស៊ីបន្តមានភាពរីកចម្រើន ខណៈការបណ្តាក់ទុនវិនិយោគកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់ប្រទេសម៉ាឡេស៊ីបន្តមានភាពរីកចម្រើន ក្រោយពីបានស្រូបទាញបានទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើការសាងសង់មជ្ឈមណ្ឌលទិន្នន័យ។

ក្នុងនោះ រដ្ឋសំខាន់ៗចំនួន៤ រួមមានរដ្ឋ Selangor រដ្ឋ Johor រដ្ឋ Penang និងរដ្ឋ Sabah កំពុងក្លាយជាម៉ាស៊ីនកំណើនសេដ្ឋកិច្ច និងទទួលបានទំនុកចិត្តពីបណ្តាអ្នកវិនិយោគ ខណៈសួនបច្ចេកវិទ្យា Kota Petra Green របស់រដ្ឋ Sarawak បានផ្តោតលើនិរន្តរភាព និងឌីជីថលូបនីយកម្ម។

ទន្ទឹមនឹងនេះ ការចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) រវាងប្រទេសម៉ាឡេសុីជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួមក្នុងខែមករា ឆ្នាំ២០២៥ រួមទាំងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីរវាងម៉ាឡេសុីជាមួយកូរ៉េខាងត្បូង និងការធ្វើជាប្រធានប្តូរវេនអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥នេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មពិភពលោកកាន់តែមានភាពស៊ីជម្រៅ។

ក្រុមហ៊ុន Knight Frank រាយការណ៍ថា ការវិនិយោគផ្នែកឌីជីថលក្នុងប្រទេសម៉ាឡេសុីបានកើនឡើង៣ដងកាលពីឆ្នាំ២០២៤ ដល់ទំហំទឹកប្រាក់ចំនួន១៦៣,៦ពាន់លានរីងហ្គីត ខណៈការវិនិយោគលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធ Cloud បានគ្របដណ្តប់ចំណែក៧៦,៨ភាគរយនៃទំហំទុនវិនិយោគសរុប។

ជាមួយគ្នានេះ រដ្ឋាភិបាលម៉ាឡេសុីនៅតែបន្តប្តេជ្ញាចិត្តក្នុងការទាក់ទាញការវិនិយោគថ្មីៗ ក្នុងគោលបំណងបង្កើតការងារ និងផ្តោតលើការចាប់យកប្រភពថាមពលកកើតឡើងវិញ និងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងបន្តថា “នៅឆមាសទី១ ឆ្នាំ២០២៥នេះ ការវិនិយោគផ្នែកឌីជីថលក្នុងទំហំទឹកប្រាក់ចំនួន៤២,៦ពាន់លានរីងហ្គីតត្រូវបានអនុម័ត។ ទុនវិនិយោគជាង៧០ភាគរយផ្តោតទៅលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ Cloud”៕ប្រភព: The Edge Malaysia៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ សង្គ្រាមរវាងរុស្សុី និងអ៊ុយក្រែននៅតែបន្តកើនឡើងកំដៅ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ខណៈសង្គ្រាមរវាងរុស្សុី និងអ៊ុយក្រែននៅតែបន្តអូសបន្លាយ និងបង្កជាកំដៅនៃភាពតានតឹង។ ជាមួយគ្នានោះ ក្រុមអ្នកវិនិយោគមានសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក(Fed)នឹងបញ្ចុះអត្រាការប្រាក់ក្នុងខែកញ្ញានេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៩ភាគរយដល់៣.៤៩៣ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៤៧៥,៨៧ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,៣៤ភាគរយដល់៣៥៦៣,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣២នាទីព្រឹកដូចគ្នា។

យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៩,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញា។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៧,៨៥ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៧,៧៧ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕

ខេត្តកំពង់ធំនឹងមានរោងចក្រកែច្នៃដំឡូងមីទំហំ៥ហិកតា ស្របពេលខេត្តប្រមូលផលដំឡូងបានជាង១លានតោនក្នុងឆ្នាំ

0

ដោយៈ ម៉ាណា

    កំពង់ធំៈ អភិបាលខេត្តកំពង់ធំ លោកនួ​ន ផារ័ត្ន បានអញ្ជើញចុះពិនិត្យ និងជំរុញការងារសាងសង់រោងចក្រកែច្នៃដំឡូងមី នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ក្នុងពេលចុះពិនិត្យនេះ អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថា រោងចក្រនេះ នឹងអាចជួយស្រូបយកដំឡូងមី របស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំយើងដាំបាន ដែលសព្វថ្ងៃបានដាំដុះលើផ្ទៃដីប្រមាណ៥ ម៉ឺនហិកតា និងមានទិន្នផលប្រមាណជាង១លានតោន។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានឆ្លៀតចុះមកពិនិត្យចំការកៅស៊ូ និងរោងចក្រកែច្នៃកៅស៊ូរបស់ក្រុមហ៊ុនCRCK ដោយបានពិភាក្សាជាមួយលោកនាយកក្រុមហ៊ុន ក្នុងការធ្វើយ៉ាងណាប្រែក្លាយចំការកៅស៊ូនេះ ជាកន្លែងបណ្តុះបណ្តាលបងប្អូនប្រជាកសិករផងដែរ៕

តើផ្នែកណាមួយនៃវិស័យអចលនទ្រព្យ ដែលមានសក្តានុពលវិនិយោគសម្រាប់ចុងឆ្នាំ២០២៥និងឆ្នាំ២០២៦ខាងមុខ?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកវិនិយោគទាំងឡាយ ប្រសិនបើអ្នកកំពុងពិចារណាផ្នែកណាមួយ នៃទីផ្សារអចលនទ្រព្យ ដែលត្រូវវិនិយោគក្នុងប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ2025-2026ខាងមុខ សូមពិចារណា និងសិក្សាលើទិដ្ឋភាពមួយចំនួន។

ចំណុចទាំងអស់នេះ ជាទិដ្ឋភាពទូទៅដែលបានវិភាគដោយផ្អែកលើនិន្នាការបច្ចុប្បន្ន និងប្រភពដែលអាចទុកចិត្តបាន។

  1. លំនៅឋានតម្លៃសមរម្យ និងលំនៅឋានមធ្យម

ដោយការសារការកើនឡើងនូវលំនៅដ្ឋានតម្លៃខ្ពស់ មិនស្របគ្នានឹងជីវភាពប្រជាជនថ្នាក់កណ្តាលភាគច្រើន លំនៅដ្ឋានបែបនេះគឺមានតម្រូវការខ្ពស់ ដោយសារវណ្ណៈកណ្តាល ដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជា ស្វែងរកជម្រើសនៃការរស់នៅ ប្រកបដោយគុណភាព ប៉ុន្តែតម្លៃសមរម្យ។

ការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងការផ្តល់ហិរញ្ញប្បទាន ប្រកប​ដោយភាពច្នៃប្រឌិត កំពុងជួយធ្វើឱ្យដំណើរការនេះមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ខុនដូតម្លៃសមរម្យ បានឃើញការបើកដំណើរការច្រើននៅដើមឆ្នាំ2025 ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ អ្នកអភិវឌ្ឍន៍ កំពុងកែតម្រូវជាមួយគ្រឿងតូចៗ និងកំណត់គោលដៅទីផ្សារដែលប្រកាន់យកតម្លៃនេះ។

ការវិនិយោគនៅក្នុងផ្នែកនេះ ជាជម្រើសដ៏ត្រឹមត្រូវជាមួយនឹងតម្រូវការស្ថិរភាព និងការគាំទ្រគោលនយោបាយ។

  1. ភស្តុភារ និងអចលនទ្រព្យឧស្សាហកម្ម

ការរីកចម្រើននៃវិស័យឧស្សាហកម្ម និងភស្តុភារកម្ម បាននិង

កំពុ​ង​ធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ កំណើនត្រូវបានជំរុញដោយការពង្រីកតំបន់សេដ្ឋកិច្ចពិសេស ការកើនឡើងនៃការវិនិយោគពីបរទេ​ស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិតេជោជាដើម។

ស្របពេលជាមួយគ្នានេះ តំបន់ឧស្សាហកម្ម និងឃ្លាំងកំពុងកើនឡើង ដើម្បីបំពេញតម្រូវការខ្សែសង្វាក់ផ្គត់ផ្គង់។ ទោះបីជាមានការប្រុងប្រយ័ត្នទាក់ទងនឹងពន្ធមួយចំនួនក៏ដោយ សក្តានុពលរយៈពេលវែងនៅតែរឹងមាំ។

រដ្ឋាភិបាលបាននិងកំពុងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋយ៉ាងច្រើន ដែលជម្រុញឲ្យអចលនទ្រព្យក្នុងផ្នែកនេះ សក្តានុពលកំណើនខ្ពស់ ជាពិសេសប្រសិនបើហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មបន្តពង្រីក។

  1. អចលនទ្រព្យទាក់ទងនឹងទេសចរណ៍

ការកើនឡើងនូវភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប ការផ្គត់ផ្គង់ខុនដូមានកម្រិត បានធ្វើឲ្យមានលំហរតម្រូវការខុនដូស្នាក់នៅកាន់តែច្រើន  ពិសេសបញ្ហាការដាក់ដែនកំណត់កម្ពស់ ដែលគាំទ្រដោយបេតិកភណ្ឌ បានធ្វើឲ្យខេត្តនេះ មានតែគម្រោងខុនដូមួយចំនួនប៉ុណ្ណោះ ដែលមានត្រឹមឆ្នាំ2025។

ផលចំណេញត្រលប់ពីការវិនិយោគReturn On Investmentនៅខេត្តនេះ មានអត្រាចន្លោះពី៧ទៅ៨ភាគរយ ជាមួយនឹងការកើនឡើងនៃការលក់បន្ត មានផលចំណេញពីការវិនិយោគ ក្នុងអត្រារហូតដល់ចន្លោះពី២០ ទៅ៣០ភាគរយក្នុងករណីខ្លះ។

ជាមួយគ្នានេះផងដែរ ខេត្តព្រះសីហនុ តម្រូវការលំនៅដ្ឋាន ខុនដូ ក៏មានតម្រូវការ និងរបៀបរស់នៅក៏កើនឡើងផងដែរ ជាពិសេសសម្រាប់វីឡាបែបលោកខាងលិច ដែលផ្តល់ផលចំណេញត្រលប់ពីការវិនិយោគចន្លោះពី៥ទៅ៩ភាគរយ។

ការស្ទុះងើបឡើងវិញនៃទីផ្សារខុនដូ ជាមួយនឹងចំណាប់អារម្មណ៍របស់វិនិយោគិនថ្មី ជាពិសេសនៅក្នុងការអភិវឌ្ឍឡើងវិញ នៃគម្រោងដែលជាប់គាំង។

ការរីកចម្រើននេះ ត្រូវបានគេមើលឃើញថា វាគាំទ្រដោយតំណភ្ជាប់ដឹកជញ្ជូនប្រសើរឡើង និងការពង្រីកកំពង់ផែ។

  1. Repurposing/Renovation & Niche Housing

ក្រុមហ៊ុនCBRE Cambodiaផ្តល់អនុសាសន៍ ឲ្យអ្នកវិនិយោគ ផ្តោតលើការរៀបចំអគារ ដែលមានស្រាប់ឡើងវិញលើអគារថ្មី ជាពិសេ​សនៅក្នុងទីផ្សារ ដែលមានភាពឆ្អែតដូចជាខុនដូ និងការិយាល័យប្រណីត។

  • លំនៅដ្ឋានពិសេសៈ ជាលំនៅដ្ឋានសម្រាប់និស្សិត ការរស់នៅជាន់ខ្ពស់ និងលំនៅដ្ឋានម៉ាកយីហោ បាននិងកំពុងលេចចេញជារូបរាងឡើង ជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំង និងការប្រកួតប្រជែងតិចតួច នៅក្នុងទីផ្សារដែលវិនិយោគិន និងអ្នកអភិវឌ្ឍន៍គួរផ្តោតចាប់អារម្មណ៍៕

ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មចុះសិក្សាពីក្រុមហ៊ុនអានគ្រុបAnt Groupរបស់លោកJack Ma

0

ដោយៈ ចំណាន

ប្រទេសចិន គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ាលី ឃុនថៃអនុប្រធានសភាពាណិជ្ជកម្មបានចុះសិក្សាស្វែងយល់ពីក្រុមហ៊ុនធំមួយរបស់មហាសេដ្ឋីJack Ma។

ការចុះពិនិត្យ និងសិក្សាស្វែងយល់នេះ ក្នុងឱកាសដែលប្រតិភូសភាពាណិជ្ជកម្មបានអញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចនៅទីក្រុងធានជីន ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលបូកនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។

អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ច ក្រុមហ៊ុនអានគ្រុប (Ant Group) ដើម្បីពិភាក្សាលើវិស័យហិរញ្ញវត្ថុឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងដំណោះស្រាយបច្ចេកវិទ្យា។

គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីការគាំទ្រដល់ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម តាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល និង ដកស្រង់បទពិសោធន៍ នៃដំណើរវិវត្តន៍សេដ្ឋកិច្ចឌីជីថល។

ក្រុមអានគ្រុប(Ant Group)ជាក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយដែលជាសម្ព័ន្ធក្រុមហ៊ុនអាលីបាបាគ្រុប( Alibaba Group)។ ក្រុមហ៊ុននេះ ផ្តល់សេវាកម្មហិរញ្ញវត្ថុឌីជីថល និងសេវាជីវិតឌីជីថល តាមរយៈកម្មវិធី Alipay ដែលជាកម្មវិធីឈានមុខគេ នៅលើពិភពលោក និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដែលផ្តល់ជូនសេវាកម្មជាច្រើនដូចជា៖ ការទូទាត់ឌីជីថល ហិរញ្ញវត្ថុសម្រាប់អតិថិជន ការគ្រប់គ្រងទ្រព្យសម្បត្តិ ធានារ៉ាប់រង និងដំណោះស្រាយឥណទាន ដល់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក៕

រដ្ឋត្រៀមដីបម្រុងទុកសម្រាប់ដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅមុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

0

ដោយៈ ម៉ាណា

    ព្រះសីហនុៈ ទីស្តីការគណៈរដ្ឋមន្រ្តី បានយល់ព្រមជាគោលការ​ណ៍ឲ្យក្រសួងបរិស្ថានត្រៀមដី សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីអាកាសយានដ្ឋានខេត្តព្រះសីហនុ។

យោងតាមបណ្តាញទំនាក់ទំនងសង្គម របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានចេញផ្សាយបានឲ្យដឹងថា សូមជម្រាបជូន លោក-លោកស្រី ជាប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ជាប់របងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជ្រាបថា អនុលោមតាមលិខិតលេខ៦៥៥ សជណ.ដប ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានសម្រេចយល់ព្រមជាគោលការណ៍ ជូនក្រសួងបរិស្ថាន សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំដីបម្រុងទុក សម្រាប់ដោះស្រាយផលប៉ះពាល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមុខ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ទោះជាយ៉ាងណាសេចក្តីជូនដំណឹងនេះ មិនបានបញ្ជាក់លំអិតពីចំនួនប្រជាពលរដ្ឋប៉ុន្មានគ្រួសារ ដែលរងផលប៉ះពាល់នៅឡើយទេ។

សូមអានលំអិតនូវសេចក្តីជូនដំណឹង……………….

មន្រ្តីជាន់ខ្ពស់លើកទឹកចិត្តឲ្យក្រុមហ៊ុនធំមួយវិនិយោគលើមជ្ឈមណ្ឌលសន្និបាត និងពិព៌ណនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    អូស្រ្តាលីៈ ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល បាន​លើកទឹកចិត្តឱ្យក្រុមហ៊ុន Plenary Group មក​ពិនិត្យលទ្ធភាព​វិនិយោគ លើការអភិ​វឌ្ឍមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​នៅក្នុងប្រទេសកម្ពុជា ដោយ​ធ្វើ​ឱ្យ​​មាន​ភាព​ទាក់​ទាញ​ស្រដៀងគ្នា​ នឹង​មជ្ឈមណ្ឌល Melbourne Convention and Exhibition Centre (MCEC) នៅក្នុង​ប្រទេស​អូស្រ្តាលី​។

ការលើក​ឡើង​នេះ ​បាន​ធ្វើ​ឡើង​​ក្នុង​ឱកាស​ដែល​លោក​​​ដឹកនាំ​គណៈប្រតិភូរដ្ឋាភិបាល​កម្ពុជា ព្រម​ទាំង​ផ្នែក​ឯកជនកម្ពុជា-អូស្ត្រាលីជាច្រើនរូប​ ទៅ​ទស្សនកិច្ចស្វែងយល់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍មែលប៊ន MCEC។

MCEC មានទីតាំងធំទូលាយ និងធ្លាប់បានប្រើប្រាស់សម្រាប់រៀបចំ​ព្រឹត្តិការណ៍កម្រិតជាតិ និង​អន្តរជាតិ ​ជាច្រើនដូចជា សន្និ​បាត និងសន្និសីទអន្តរជាតិ ពិព័រណ៍ ការតាំងបង្ហាញផលិតផល នវានុវត្តន៍បច្ចេកវិទ្យា ការប្រគំតន្ត្រី និងកម្មវិធីជួប​ជុំផ្គូផ្គងអាជីវកម្មនានា។

Plenary Group គឺជាក្រុមហ៊ុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធឯករាជ្យដ៏លេចធ្លោមួយ ដែលមានជំនាញក្នុងការអភិវឌ្ឍ វិនិយោគ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេសគម្រោងនៅក្រោមទម្រង់ភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships – PPP)។

Plenary Group មានទីស្នាក់ការកណ្តាលនៅទីក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី និងមានប្រតិបត្តិការនៅ​ប្រទេស​ជា​ច្រើន ​ដូចជា អាមេរិក អូស្ត្រាលី នូវែលសេឡង់ អាស៊ី មជ្ឈិមបូព៌ា និងចក្រភពអង់គ្លេស។

ក្រុមហ៊ុននេះផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តល់ផលចំណេញរយៈពេលវែង និងមានស្ថិរភាព ហើយគំរូអាជីវកម្មរបស់ពួកគេ គឺគ្របដណ្តប់លើគ្រប់ដំណាក់កាល នៃគម្រោងចាប់ពីការរចនា ការសាងសង់ ការផ្តល់ហិរញ្ញប្បទាន រហូតដល់ការគ្រប់​គ្រង និងថែទាំរយៈពេលវែង។ ក្រុមហ៊ុនបានចូលរួម ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនប្រភេដូចជា មន្ទីរពេទ្យ សាលារៀន តុលាការ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ផ្លូវថ្នល់ ផ្លូវរថភ្លើង (Sydney Metro) ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងការគ្រប់គ្រងទឹក-កាកសំណល់។

នៅឆ្នាំ២០២៥នេះ កម្ពុជាបានទាក់ទាញទុន​វិនិយោគិន​មក​ពី​ប្រទេស​ចិន កម្ពុជា សិង្ហបុរី កោះ Cayman ម៉ាឡេស៊ី ជប៉ុន អាមេរិក ឥណ្ឌា អូស្រ្តាលី កាណាដា ជប៉ុន និង​កូរ៉េ ជាដើម​៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនJDIពិភាក្សាដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានធ្វើការណាត់ជួប ដើម្បីពិភាក្សាការងារជាមួយនឹងក្រុមហ៊ុន Japan Development Institute Ltd (JDI)របស់ប្រទេសជប៉ុនដើម្បីលើកឡើងពីសក្តានុពលកម្ពុជា និងទាក់ទាញអ្នកធុរកិច្ចជប៉ុនមកវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនេះ ភាគីជប៉ុនបានធ្វើការបង្ហាញពីបច្ចេកវិទ្យានៃប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុនSkymatiX,. inc។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសនឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីព្រឹកថ្ងៃទី១ កញ្ញា បន្ទាប់ពីជំនួបថា កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ រវាងបុរីវិមានសំណាង និងក្រុមហ៊ុនជប៉ុន ពិសេសលោកបានលើកទឹកចិត្តក្រុមហ៊ុននេះ ឲ្យជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញអ្នកធុរកិច្ចជប៉ុន មកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើន៕

ការលក់ផ្ទះប្រភេទទី២ នៅសហរដ្ឋអាមេរិកបានកើនឡើងក្នុងល្បឿនយ៉ាងសន្សឹមៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះប្រភេទទី២ នៅសហរដ្ឋអាមេរិកបានកើនឡើងកាលពីខែកក្កដា។ ប៉ុន្តែ កំណើននៃការលក់ផ្ទះនៅតែមានល្បឿនយឺត ខណៈក្រុមអ្នកទិញខ្វះលទ្ធភាព ដោយសារផ្ទះមានតម្លៃខ្ពស់កប់ពពក ហើយអត្រាការប្រាក់លើកម្ចីទិញផ្ទះនៅតែបន្តមានកម្រិតខ្ពស់។

ការ​លក់​ផ្ទះ​បាន​កើន​ឡើង​២ភាគ​រយ​កាល​ពី​ខែ​កក្កដាដល់​ចំនួន៤,០១លាន​យូនីត បើធៀបនឹងផ្ទះចំនួន៣,៩៣លាន​យូនីត ដែលបានលក់ចេញកាលពី​ខែ​មិថុនា។ ការកើនឡើងនេះជារឿងនឹកស្មានមិនដល់ ខណៈក្រុមសេដ្ឋវិទូធ្លាប់បានព្យាករណ៍ថា ការលក់ផ្ទះកាលពីខែកក្កដានឹងស្ថិតនៅទ្រឹង។

ជាមួយគ្នានេះ លោក Lawrence Yun ប្រធានសេដ្ឋវិទូរបស់សមាគមអ្នកអចលនទ្រព្យសហរដ្ឋអាមេរិក (NAR) បានព្យាករណ៍ថា បញ្ហាប្រឈមមួយចំនួន ដូចជា អត្រាការប្រាក់លើកម្ចីទិញផ្ទះមានកម្រិតខ្ពស់ តម្លៃផ្ទះខ្ពស់កប់ពពក និងកង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋាន អាចនឹងធូរស្រាល។

ក្នុងរយៈពេល២ឆ្នាំកន្លងមក ការលក់ផ្ទះនៅសហរដ្ឋអាមេរិកសម្រេចបានចំនួនជាមធ្យមប្រហែល៤លានយូនីតក្នុងមួយខែ។ តួលេខនេះមានកម្រិតទាបជាងការលក់ផ្ទះចន្លោះពីឆ្នាំ២០០៧ដល់ឆ្នាំ២០០៩ ក្នុងកំឡុងពេលមានវិបត្តិលំនៅដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានរាលដាលទៅជាវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៨។

យោងតាមក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក Freddie Mac បានឱ្យដឹងថា អត្រាការប្រាក់លើកម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានធ្លាក់ចុះមកនៅត្រឹម៦,៥៨ភាគរយ។ ប៉ុន្តែ អត្រានេះនៅតែមានកម្រិតខ្ពស់នៅឡើយ បើធៀបនឹងកម្រិតមុនផ្ទុះជំងឺរាតត្បាតកូវីដ-១៩៕ប្រភព: Reuters៕