ធនាគារ ហត្ថា ទទួលបានវិញ្ញាបនប័ត្រ PCI PIN សម្រាប់ការការពារទិន្នន័យមានសុវត្ថិភាពខ្ពស់

0

ភ្នំពេញ ថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG  មានកិត្តិយសក្នុងការទទួលបានវិញ្ញាបនប័ត្រ Payment Card Industry  – Personal Identification Number (PCI PIN) Certificate ពីក្រុមហ៊ុន SISA Information Security ជាដៃគូសហការណ៏ជាមួយ

ក្រុមហ៊ុន SoftFlex Solutions Co., Ltd. ដែលបង្ហាញពីសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងទិន្នន័យសម្ងាត់ របស់អតិថិជននៃធនាគារ ហត្ថា ។

វិញ្ញាបនប័ត្រនេះ គឺជាការទទួលស្គាល់ថា ធនាគារ ហត្ថា  បានអនុលោមតាមច្បាប់អន្តរជាតិស្តង់ដារ PCI PIN ក្នុងការគ្រប់គ្រង និងការពារទិន្នន័យរបស់អតិថិជន ដោយមានសុវត្ថិភាពខ្ពស់ ដែលសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន SISA Information Security និង  SoftFlex Solutions Co., Ltd. ក្នុងការពង្រឹង សុវត្ថិភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ, ប្រព័ន្ធឌីជីថល និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែល ទុកចិត្តបាន, សុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជន។

លោក មិន សុផា ប្រធានាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “ការទទួលបានវិញ្ញាបនប័ត្រ PCI PIN តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន SISA Information Security និង SoftFlex SolutionsCo., Ltd ជាការបញ្ជាក់យ៉ាងច្បាស់ថា ធនាគារ ហត្ថា បានឈានទៅមុខក្នុងស្តង់ដារសន្តិសុខ

អន្តរជាតិដើម្បីការពារទិន្នន័យអតិថិជននិងបង្កើនទំនុកចិត្តក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល។​” ​លោក យឹម ទិត្យា, អគ្គនាយកឌីជីថល​ និង បច្ចេកវិទ្យាព័ត៌មាន បានរួមបន្ថែមថា“ការវិនិយោគនេះបង្ហាញពីការ

ប្តេជ្ញាចិត្តរបស់ធនាគារហត្ថា ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលទុកចិត្តបាន សុវត្ថិភាព និងងាយស្រួល សម្រាប់អតិថិជន លើប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធការពារហានិភ័យផ្សេងៗ។”

លោក អ៊ុយ​ ទ្រី ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន SoftFlex Solutions Co., Ltd. បានប្រសាសន៍ថា៖ “យើងមានកិត្តិយសក្នុងការសហការជាមួយធនាគារ ហត្ថា និងក្រុមហ៊ុន SISA Information Security នៅក្នុងការពារទិន្នន័យអោយកាន់តែមានសុវត្ថិភាពខ្ពស់។ ក្រុមហ៊ុន SoftFlex Solutions និងក្រុមហ៊ុន SISA Information Security ស្តីអំពី ​Cybersecurity and Compliance មិនត្រឹមតែបង្កើនសមត្ថភាព ការពារប្រព័ន្ធឌីជីថលរបស់ធនាគារ ហត្ថា ប៉ុណ្ណោះទេ ប៉ុន្តែនឹងធានាសុវត្ថិភាព និងភាពជឿជាក់ខ្ពស់បំផុត សម្រាប់អតិថិជនផងដែរ។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ដំណោះស្រាយ និង ច្នៃប្រឌិតដែលជំរុញភាពជោគជ័យក្នុងអាជីវកម្ម។”

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំ

មកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជា

លក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។ ធនាគារ ហត្ថា គឺជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំមួយ របស់ប្រទេសជប៉ុន ដែលមាន សាខាប្រហែល ​ ២000 ទីតាំង ស្ថិតនៅក្នុងទីផ្សារជាង ៤០ ប្រទេសក្នុងពិភពលោក ។ សម្ព័ន្ធក្រុមហ៊ុនផ្តល់

សេវាកម្មហិរញ្ញវត្ថុ MUFG បានការចុះបញ្ជីនៅលើផ្សារហ៊ុន (Tokyo Stock Exchange), ណាហ្គូយ៉ា (Nagoya Stock Exchange) និងញូយ៉ក (New York Stock Exchange) ដោយមានតម្លៃទីផ្សាររហូតដល់ ២៤.២៧ កោដិយាន់ និងប្រាក់ចំណេញសុទ្ធចំនួន ១.៥៩១,១ ពាន់លានយាន់ នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៥ ៕

ផ្លូវជាតិលេខ៣១មានសក្តានុពលបែបណា និងតភ្ជាប់ពីតំបន់ណា ទៅតំបន់ណា?

0

ដោយៈ និរតី

    កំពតៈ ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) គឺជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅកាន់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក)។

ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

ផ្លូវជាតិមួយខ្សែរនេះ ផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ដែលបាននឹងកំពុងប្រែក្លាយតំបន់ឆ្នេរ ឱ្យក្លាយទៅជាតំបន់ ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរនិងប្រទាក់ក្រឡាគ្នា ដើម្បីរួមចំណែកនៅក្នុងការជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

ក្រសួងបានឲ្យដឹងទៀតថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបចំនួន ៥៣,៥៣ គីឡូម៉ែត្រមានចំណុចចាប់ផ្ដើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់៧សង់ទីម៉ែត្រ និងទទឹង១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ ខណៈហានិភ័យសេដ្ឋកិច្ចជំរុញឱ្យតម្រូវការទិញមាសកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ស្របពេលក្រុមអ្នកវិនិយោគសម្រុកទិញមាស ដោយសារក្តីសង្ឃឹមចំពោះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងការព្រួយបារម្ភអំពីហានិភ័យនយោបាយ និងហានិភ័យសេដ្ឋកិច្ច ដែលកើតចេញពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៤ភាគរយដល់៣៥៤១,៤៩ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៥៣២,៩២ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤១ភាគរយដល់៣.៦០៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៧នាទីព្រឹកដូចគ្នា។

យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩១,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញា។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៨,៤៤ពិន្ទុនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៨,៣៩ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕

កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន៤ដែលមានសក្តានុពលវិនិយោគនិងការរីកចម្រើនផ្នែកបដិសណ្ឋារកិច្ច

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ កំណើនភ្ញៀវទេសចរណ៍អន្តរជាតិ និងការមកដល់នៃអ្នកធ្វើធុរកិច្ចចម្រុះជាតិសាសន៍ បានធ្វើឲ្យសេវាកម្មបដិសណ្ឋារកិច្ចនៅកម្ពុជាមានភាពរីកចម្រើន។

ការសិក្សារបស់ក្រុមហ៊ុនអន្តរជាតិមួយបានរកឃើញថា ទីក្រុងភ្នំពេញ ស្ថិតក្នុងចំណោមគោលដៅទីក្រុង ដែលមានឱកាសរីកចម្រើនផ្នែកបដិសណ្ឋារកិច្ចជាមួយទីក្រុងធំៗចំនួន៤ទៀត រួមមាន កោះបាលី ទីក្រុងឌូបៃ និងទីក្រុងមួយចំនួននៅប្រទេសវៀតណាម។

ការសិក្សាបានរកឃើញផងដែរថា ការស្ទុះងើបនៃការធ្វើដំណើរងើបឡើងវិញយ៉ាងខ្លាំងនៅអាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងត្បូង ដែលធ្វើឲ្យសណ្ឋាគារ រមណីយដ្ឋាន និងសេវាកម្មអាផាតមិន នៅក្នុងគោលដៅទេសចរណ៍សំខាន់ៗ (ឧ. បាលី ឌូបៃ កម្ពុជា វៀតណាម) មានភាពទាក់ទាញ។

ជាមួយគ្នានេះ គំរោងអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះមានភាពទាក់ទាញនៅកម្ពុជាផងដែរ ដែលការអភវឌ្ឍបែបនេះផ្តល់នូវបរិយាកាសការងារផ្ទាល់ និងបរិស្ថានអំណោយផល។

ការរួមបញ្ចូលលំនៅដ្ឋាន ការិយាល័យ ការលក់រាយ និងការកម្សាន្តនៅក្នុងលំហតែមួយ ធានានូវលំហូរប្រាក់ចំណូលថេរ។

ការសិក្សាបានរកឃើញថា ការវិនិយោគរយៈពេលខ្លី (2025-2026): ផ្តោតលើការដឹកជញ្ជូន លំនៅដ្ឋានតម្លៃសមរម្យ និងការងើបឡើងវិញនៃបដិសណ្ឋារកិច្ចនៅកម្ពុជា ហើយការវិនិយោគរយៈពេល មធ្យម/វែង (លើសពីឆ្នាំ 2026) បានផ្តោតលើមជ្ឈមណ្ឌលទិន្ន​ន័យ ការថែទាំសុខភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕

រាប់ថយក្រោយ! សល់រយៈពេល៦ថ្ងៃទេអាកាសយានដ្ឋានអន្តរជាតិតេជោនឹងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ តោះរាប់ថយក្រោយ! អាកាសយានដ្ឋានអន្តរជាតិតេជោដ៏ល្បីរន្ទឺ បាននិងកំពុងត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ និងធុរជនជាតិនិងអន្តរជាតិ ពីគ្រប់ទិសទីនៅលើពិភពលោក។

ប្រតិភូរាជរដ្ឋាភិបាល ពីបណ្តាក្រសួងមួយចំនួនបានអញ្ជើញទស្សនាព្រលានយន្តហោះលំដាប់4Fនេះ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៥ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករសិល្បការិនី នៃសមាគមសិល្បករកម្ពុជាប្រមាណ១០០នាក់ អញ្ជើញធ្វើដំណើរទស្សនកិច្ច និងសិក្សាស្វែងយល់ពីដំណើរការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិ និងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទពីគ្រប់ទិសទី នៅលើពិភពលោក មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខ។

ក្នុងឱកាសនោះ លោកហាប់ ទូចបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ  និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះ គឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានវិ​និយោគក្នុងទំហំទឹកប្រាក់ប្រមាណ២០០០លានដុល្លារអាមេរិក នៅលើផ្ទៃដីទំហំ២៦០០ហិកតា ដែលអាចអនុញ្ញាត្តឲ្យយន្តហោះលំដាប់យក្សចុះចតបាន និងមាន​បទដ្ឋានអន្តរជាតិ។ ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន​១៣លាននាក់ក្នុងមួយឆ្នាំ៕

រដ្ឋាភិបាលរក្សាទំហំផ្ទៃដីជិត២០០០០ហិចតានៅស្រុកលំផាត់ខេត្តរតនគីរីសម្រាប់អភិវឌ្ឍន៍ព្រលានយន្តហោះនាពេលអនាគត

0

(ភ្នំពេញ)៖ រាជរដ្ឋាភិ​បាលកម្ពុជា បានឯកភាពជាគោលការណ៍កំណត់ទីតាំងដីជិត ២០០០ហិកតា នៅស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តរតនគិរីថ្មី តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ នេះបើយោងតាមលិខិត (ស.ជ.ណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។

ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា រដ្ឋាភិបាល​បានឯកភាពជាគោលការណ៍នូវការកំណត់ទីតាំងដីទំហំ ១ ៩០៥ ហិកតា នៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ជាទីតាំងសម្រាប់​គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីខេត្តរតនគិរី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈគាំទ្រ ដោយតម្រូវឱ្យធ្វើការសិក្សាបន្ថែម ទៅលើផលប៉ះពាល់សង្គម-បរិស្ថាន សម្រាប់ទីតាំងគម្រោង។

ផ្អែកលើលទ្ធផលនៃការសិក្សាផលប៉ះពាល់បរិស្ថានខាងលើ ក្រុមការងារអន្តរក្រសួងត្រូវរាយការណ៍ជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីស្នើសុំការសម្រេច លើនិតិវិធីបន្តសម្រាប់ការរៀបចំអភិវឌ្ឍគម្រោងនេះ។

ជាមួយគ្នានេះ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពគ្រប់គ្រងគម្រោងសម្រាប់រៀបចំអភិវឌ្ឍគម្រោងអាកាសយានដ្ឋានរតនគិរីថ្មី (អ.គ.គ) តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន បានបើកកិច្ចប្រជុំពិភាក្សា លើកទី១ ​ដឹកនាំដោយលោក តិក សាលី រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធាននៃ អ.គ.គ. ​និងមានការចូលរួមពី លោក ឈឹម សុចរស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និង ឯកជន (អ.រ.ជ.) និង ជាអនុប្រធាននៃអង្គភាពគ្រប់គ្រងគម្រោង (អ.គ.គ.) ​ព្រមទាំងវត្តមានរបស់ សមាជិក និង សមាជិកានៃ អ.គ.គ. និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ៕

លំហូរមូលធនក្នុងស្រុករំពឹងជួយជំរុញការវិនិយោគលើទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆមាសទី២នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានវាយតម្លៃថា បើទោះជាមានភាពមិនប្រាកដប្រជាជាសកលយ៉ាងណាក្តី ក៏ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់។

ការបន្ធូរបន្ថយអត្រាការប្រាក់ និងស្ថិរភាពអតិផរណាក្នុងតំបន់ ជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារអចលនទ្រព្យ ខណៈបណ្តាអ្នកវិនិយោគកំពុងបត់បែនយុទ្ធសាស្រ្តទៅរកគុណភាព ការធ្វើពិពិធកម្ម និងផលចំណេញរយៈពេលវែង។

ក្រុមហ៊ុន Colliers បានកត់សម្គាល់ថា ធនាគារកណ្តាលភាគច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ ប្រការនេះនឹងធ្វើឱ្យអត្រាការប្រាក់មានស្ថិរភាពយ៉ាងសន្សឹមៗក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខ។

កាលពីឆមាសទី១ ទីផ្សារការិយាល័យក្នុងតំបន់បានទាក់ទាញទំហំទឹកប្រាក់នៃការវិនិយោគចំនួន២៥,៩ពាន់លានដុល្លារអាមេរិក ខណៈទីផ្សារអចលនទ្រព្យឧស្សាហកម្ម និងភស្តុភារបានទាក់ទាញទំហំទុនវិនិយោគចំនួន១៣,៣ពាន់លានដុល្លារ។

ក្រុមហ៊ុន Colliers រំពឹងថា លំហូរមូលធនក្នុងស្រុកនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការវិនិយោគអចលនទ្រព្យនៅឆមាសទី២ ឆ្នាំនេះ។ទន្ទឹមនឹងនោះ បណ្តាអ្នកវិនិយោគបានបង្ហាញចំណាប់អារម្មណ៍ចំពោះការវិនិយោគលើមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងលំនៅដ្ឋានរបស់សិស្ស។

លោកស្រី Lucy Mallick អ្នកជំនាញនៅក្រុមហ៊ុន Colliers បានលើកឡើងថា “បណ្តាអ្នកវិនិយោគកំពុងធ្វើពិពិធកម្មផលបត្ររបស់ពួកគេ ដើម្បីដើរឱ្យស្របទៅនឹងសក្ដានុពលទីផ្សារ ដែលកំពុងវិវឌ្ឍន៍ទៅមុខឥតឈប់ឈរនាពេលបច្ចុប្បន្ន”។

លោកស្រីរំពឹងថា សកម្មភាពនៃការវិនិយោគលើទីផ្សារអចលនទ្រព្យក្នុងតំបន់អាសុីប៉ាសុីហ្វិកនឹងស្ទុះងើបឡើងវិញបន្តិចម្តងៗ ស្របពេលស្ថានភាពផ្នែកម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពប្រសើរជាងមុន៕ប្រភព: Edgeprop៕

ការសិក្សាថ្មី: មហាសេដ្ឋីអង់គ្លេសជាច្រើនគ្រោងផ្លាស់ប្តូរទីលំនៅទៅក្រៅប្រទេស ដើម្បីបញ្ចៀសការបង់ពន្ធលើទ្រព្យសម្បត្តិ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាដោយក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុសកល Arton Capital បានបង្ហាញថា ចំនួនមហាសេដ្ឋីអង់គ្លេសជាង៥០ភាគរយកំពុងពិចារណាចាកចេញពីប្រទេសអង់គ្លេស ប្រសិនបើពន្ធលើទ្រព្យសម្បត្តិត្រូវបានដាក់ឱ្យអនុវត្តន៍។

ក្រោយពេលត្រូវបានសាកសួរថា តើប្រទេសណា ដែលអ្នកចាប់អារម្មណ៍ខ្លាំងជាងគេក្នុងការផ្លាស់ទីលំនៅទៅកាន់ទីនោះ ការស្ទង់មតិបានរកឃើញថា សហរដ្ឋអាមេរិកឈរនៅលំដាប់លេខ១ តាមពីក្រោយដោយប្រទេសកាណាដានៅចំណាត់ថ្នាក់លេខ២ និងអូស្ត្រាលីស្ថិតនៅលំដាប់ទី៣។

ចំណែក ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) បានជាប់ចំណាត់ថ្នាក់លេខ៤ ខណៈរបៀបនៃការរស់នៅក្នុងទីក្រុងធំៗ ដូចជាទីក្រុងឌូបៃ មានភាពប្រណីត និងភាពទាក់ទាញចំពោះជនបរទេស។

លោក Armand Arton នាយកប្រតិបត្តិនៃក្រុមហ៊ុន Arton Capital បានអះអាងថា “មហាសេដ្ឋីអង់គ្លេសជាច្រើនកំពុងបង្ហាញអារម្មណ៍មិនសប្បាយចិត្តកាន់តែខ្លាំងឡើងចំពោះទិសដៅគោលនយោបាយ ដែលរដ្ឋាភិបាលអង់គ្លេសកំពុងអនុវត្តន៍”។

រដ្ឋាភិបាលរបស់ប្រទេសអង់គ្លេសត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការដាក់ចេញពន្ធថ្មីលើទ្រព្យសម្បត្តិរបស់បុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភក្នុងគោលបំណងបង្កើនប្រាក់ចំណូលសាធារណៈ។

កាលពីដើមខែសីហា កាសែត Financial Times បានរាយការណ៍ថា ថ្នាក់ដឹកនាំរបស់បណ្តាក្រុមហ៊ុនអង់គ្លេសមួយចំនួនកំពុងផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេស UAE ដើម្បីបញ្ចៀសការបង់ពន្ធខ្ពស់នៅតំបន់អឺរ៉ុប។

របាយការណ៍បានកត់សម្គាល់ថា នាយកក្រុមហ៊ុនចំនួន៣.៧៩០នាក់(Company directors) បានប្រកាសថា ពួកគេបានចាកចេញពីប្រទេសអង់គ្លេស ដោយជ្រើសរើសប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) ជាគោលដៅកំពូលមួយ៕ប្រភព: Khaleej Times៕

តើអ្នកអភិវឌ្ឍន៍អចលនទ្រព្យគួរពិចារណាលើផ្នែកអ្វីក្នុងវិស័យ អចលនទ្រព្យមុនសម្រេចចិត្តវិនិយោគ?

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ក្នុងទិដ្ឋភាពទីផ្សារជាក់ស្តែង ផ្នែកមួយចំនួននៃទីផ្សារអចលនវត្ថុកម្ពុជា បាននិងកំពុងមានការផ្គត់ផ្គង់លើសតម្រូវការហើយ ដែលទីផ្សារនេះមានភាពឆ្អែត។

តើអ្នកមានបំណងអភិវឌ្ឍន៍ គួរប្រុងប្រយ័ត្ន និងពិចារណាលើផ្នែកអ្វីខ្លះក្នុងវិស័យនេះ ដើម្បីកុំឲ្យមានហានិភ័យក្នុងការវិនិយោគ?។

ការិយាល័យពាណិជ្ជកម្ម

ក្នុងស្ថានភាពបច្ចុប្បន្ននេះ ទីផ្សារការិយាល័យបានកើនលើស១លានម៉ែត្រការ៉េរួចហើយ។ ទិន្នន័យនេះ កំពុងប្រឈមមុខនឹងបញ្ហាការផ្គត់ផ្គង់លើសចំនួន ការកាន់កាប់ទាប និងអត្រាជួលធ្លាក់ចុះ។

អត្រាជួលនៅតាមផ្សារទំនើប

    ការសិក្សាបានបង្ហាញថា ការថមថយចុះនូវអំណាចនៃការទិញ ការកើនឡើងនូវការធ្វើពាណិជ្ជកម្មតាមអនឡាញ បានធ្វើឲ្យអត្រាគ្របដណ្តប់ការប្រើប្រាស់នៅតាមទីតាំងលក់រាយ ស្ថិតនៅក្នុងអត្រាត្រឹម៥៩ភាគរយប៉ុណ្ណោះ ដែលនិន្នាការនេះកំពុងធ្វើឲ្យទីផ្សារ ស្ថិតក្នុងហានិភ័យ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ។

ទោះជាយ៉ាងណា ការសិក្សាបានរកឃើញថា ហានិភ័យនេះមានរយៈពេលខ្លី ប៉ុន្តែល្អប្រសើរជាងមុន ដើម្បីជៀសវាងលុះត្រាតែនៅក្នុងទីតាំងសំខាន់ តម្រូវការខ្ពស់ ឬប្រសិនបើផ្តល់តម្លៃបុព្វលាភ៕

អុីតាលី​គ្រោង​សាងសង់​ស្ពាន​ព្យួរ​ដោយខ្សែកាបវែងជាងគេលើពិភពលោក ​តម្លៃ១៥,៥ ពាន់​លាន​ដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រោយពីបានរៀបចំផែនការគ្រោងទុកអស់ជាច្រើនឆ្នាំ នៅទីបំផុត ប្រទេសអុីតាលីបានអនុម័តគម្រោងសាងសង់ស្ពានព្យួរដោយខ្សែកាបវែងជាងគេលើពិភពលោក ដោយតភ្ជាប់ពីតំបន់អុីតាលីដីគោកទៅកាន់កោះស្វយ័ត Sicily ឆ្លងកាត់ច្រកសមុទ្រ Messina។

បច្ចុប្បន្ន អ្នកដំណើរត្រូវឆ្លងកាត់ច្រកសមុទ្រ Messina ដោយជិះទូក ឬជិះកាណូតចំនួន២០នាទីពីទីក្រុង Villa San Giovanni ដើម្បីធ្វើដំណើរទៅកាន់កោះ Sicily ដែលជាកោះធំជាងគេបំផុតនៅសមុទ្រមេឌីទែរ៉ាណេ។

ដើម្បីសម្រួលដល់ការធ្វើដំណើរ រដ្ឋាភិបាលអុីតាលីនឹងសាងសង់ស្ពានព្យួរដោយខ្សែកាបចម្ងាយ៣,៣គីឡូម៉ែត្រ ឆ្លងកាត់ច្រកសមុទ្រ Messina ដោយគ្រោងបញ្ចប់រួចរាល់នៅឆ្នាំ២០៣៣ខាងមុខ។

ការ​សាងសង់​ស្ពាន​នេះ​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ខែ​ឧសភា​ ឆ្នាំ២០២៦ខាង​មុខ ដោយ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ នឹង​ចំណាយ​ទុនវិនិយោគចំនួន១៣ពាន់​លាន​អឺរ៉ូ (ប្រហែល១៥,៥ពាន់​លាន​ដុល្លារ)។

ថ្លែងនៅក្នុងសន្និសីទជាមួយសារព័ត៌មាន Associated Press(AP) លោកស្រីនាយករដ្ឋមន្រ្តីអុីតាលី Giorgia Meloni បានចាត់ទុកគម្រោងស្ពាននេះថា ជាភាពអស្ចារ្យផ្នែកវិស្វកម្មដ៏មានសារៈសំខាន់ជាសកល។

គម្រោងនេះត្រូវបានព្យាករណ៍ថា នឹងបង្កើតការងារបានប្រមាណ១២០.០០០កន្លែងក្នុងមួយឆ្នាំក្នុងអំឡុងពេលសាងសង់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ឱកាសការងារ និងជំរុញឧស្សាហកម្មនានា ដូចជាការដឹកជញ្ជូន ផលិតកម្ម និងទេសចរណ៍៕ប្រភព: Aviation A2Z៕