ឯកសារផ្លូវច្បាប់ចំនួន៥ដែលអ្នកមិមគួរមើលរំលងមុនសម្រេចចិត្ត ទិញផ្ទះក្នុងបុរី

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បុរី ជាអចលនទ្រព្យដែលពេញនិយមមួយ សម្រាប់ប្រជាជនខ្មែរ មូលហេតុដោយសារតែផ្ទះនៅជាប់ដី មានទំហំធំទូលាយ និងពិសេសមានតម្លៃទាប បើប្រៀបធៀបទៅនឹងខុនដូក្នុងក្រុង។

ទោះបីជាបច្ចុប្បន្នបុរីភាគច្រើន ត្រូវបានអភិវឌ្ឍនៅឆ្ងាយពីទីក្រុងប្រមាណ១០ ទៅ១៥គីឡូម៉ែត្រក្ដី។

ក្នុងនាមយើងជាអ្នកទិញ តើមានចំណុចសំខាន់អ្វីខ្លះដែលត្រូវតែដឹងមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី? មនុស្សភាគច្រើន គឺផ្ដោតលើទីតាំង តម្លៃ និងម៉ូតផ្ទះ ប៉ុន្តែពេលខ្លះពួកគេមិនបានស្វែងយល់ អំពីឯកសារច្បាប់សំខាន់ៗមួយចំនួន ពីសំណាក់អ្នកអភិវឌ្ឍន៍គម្រោងនោះទេ។

ក្រៅពីទីតាំង តម្លៃ និងម៉ូតគេហឋាន អ្នកទិញក៏គួរសួរនាំអ្នកអភិវឌ្ឍន៍បុរីអំពីឯកសារផ្លូវច្បាប់សំខាន់៥ ដើម្បីប្រាកដថា គម្រោងនេះអាចទុកចិត្តបាន។ ឯកសារទាំងនោះរួមមាន៖

ប័ណ្ណចុះបញ្ជីក្រុមហ៊ុន

មុនពេលចាប់ផ្តើមសាងសង់បុរី ក្រុមហ៊ុនអភិវឌ្ឍន៍មានកាតព្វកិច្ចត្រូវតែចុះបញ្ជីឱ្យរួចរាល់ ជាមួយក្រសួងពាក់ព័ន្ធជាមុនសិន ទើបអាចមានសិទ្ធិចាប់ផ្តើមសាងសង់គម្រោងបាន។ ការស្នើសុំពិនិត្យមើលប័ណ្ណចុះបញ្ជីក្រុមហ៊ុនស្របច្បាប់ គឺដើម្បីធានាបានថាគម្រោងនោះ អាចដំណើរការដោយស្របច្បាប់។

លិខិតអនុញ្ញាតសាងសង់

មុននឹងផ្តល់លិខិតអនុញ្ញាតសាងសង់ដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រួតពិនិត្យលើគម្រោងនោះយ៉ាងហ្មត់ចត់ ទាំងការរចនា និងគុណភាព រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដូចជា ប្រព័​ន្ធទឹក ភ្លើង និងលូជាដើម។

ដូច្នេះ ការដែលក្រុមហ៊ុនមានលិខិតអនុញ្ញាតសាងសង់ គឺជាចំណុចកក់ក្ដៅមួយទៀតសម្រាប់អ្នកទិញ។

អាជ្ញាប័ណ្ណបុរី

ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍បុរី បានបំពេញគ្រប់នូវតម្រូវការទាំងអស់ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ផែនការលក់ និងឯកសារចាំបាច់ផ្សេងៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាជ្ញាប័ណ្ណបុរីដល់ពួកគេ។ ដូច្នេះអ្នកក៏ត្រូវសុំមើលឯកសារនេះផងដែរ។

ប្លង់មេ

ប្លង់មេមានសារៈសំខាន់បំផុត ចំពោះគម្រោងបុរីនីមួយៗ ដូច្នេះអ្នកត្រូវសុំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ បង្ហាញប្លង់មេនេះ។ ប្លង់នេះទៀតសោត គឺត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម ជាមុនសិន មុននឹងបុរីណាមួយអាចសាងសង់បាន។

ប្លង់រ៉ឹង

មុននឹងទិញលំនៅឋានក្នុងគម្រោងបុរីណាមួយ អ្នកគួរតែសួរអំពីប្លង់មេ និងប្លង់រឹងនីមួយៗ ពីអ្នកអភិវឌ្ឍន៍គម្រោងមួយនោះ។ ប្លង់មេគ្របដណ្តប់លើដីទាំងអស់ សម្រាប់ការអភិវឌ្ឍន៍បុរីទាំងមូល ខណៈដែលប្លង់កម្មសិទ្ធិនីមួយៗត្រូវបានបែងចែកជាយូនីតផ្សេងៗគ្នា។

ដូច្នេះ អ្នកត្រូវប្រាកដថាអ្នកអភិវឌ្ឍន៍គម្រោងនោះ មានឯកសារច្បាប់ផ្លូវការ ដើម្បីបញ្ជាក់ពីប្លង់រឹងទាំងពីរប្រភេទនេះ៕

អ្នកឧកញ៉ាសុខ គង់សាងសង់រូបព្រះពុទ្ឋបដិមាខ្ពស់ជាងគេលើពិភពលោកនៅលើកំពូលភ្នំបូកគោ

ដោយៈ ជេស៊ីកា
កំពតៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តឲ្យអ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែលសាងសង់ រូបសំណាកព្រះពុទ្ឋបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលមានកំពស់រហូតដល់១០៨ម៉ែត្រ ដែលនឹងក្លាយជាព្រះពុទ្ឋបដិមា ទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក។
អ្នកឧកញ៉ាសុខ គង់បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៦ ធ្នូកន្លងមកថា គោលបំណងនៃការសាងសង់ រូបសំណាកព្រះពុទ្ឋបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

អ្នកឧកញ៉ាបានបន្ថែមថា ម្យ៉ាងវិញទៀត ព្រះពុទ្ឋបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ឋសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ហើយជាពិសេសទៀតនោះ គឺជាការទាក់ទាញយ៉ាងធំធេងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ឱ្យមកកាន់តំបន់នេះយ៉ាងច្រើនកុះករ ហើយក៏ជាប្រភពចំណូលយ៉ាងធំ ដែ លនឹងទទួលបានពីភ្ញៀវទេសចរទាំងនោះ។

 

អ្នកឧកញ៉ាសុខ គង់ បានឱ្យដឹងទៀតថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានទទួលការអនុម័ត លើរចនាបទពុទ្ឋបដិមា ពីក្រុមការងារអន្តរក្រសួងរួចហើយ ដែលការរចនាថ្មីគឺធ្វើយ៉ាងណាឲ្យពុទ្ឋបដិមានេះ សមស្របនឹងវប្បធ៌មខ្មែរយើង។
អ្នកឧកញ៉ាសុខ គង់ ក៏បានបង្ហើបឱ្យដឹងថា គម្រោងនេះគ្រោងនឹងចំណាយថវិកាប្រមាណពី៣០ ទៅ៤០លានដុល្លារអាមេរិក ដោយការសាងសង់នឹងចាប់ផ្តើម ក្នុងពេលឆាប់ៗតាមតែអាចធ្វើទៅបាន។
កិច្ចប្រជុំដ៏សំខាន់ ដែលបានធ្វើកាលពីថ្ងៃទី២៧ ឧសភាកន្លងមកនេះ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពត និងក្រុមការងារបច្ចេកពាក់ព័ន្ឋ និងតំណាងក្រុមហ៊ុនសុខាអូតែល។

តាមរយៈកិច្ចពិភាក្សាក្នុងអង្គប្រជុំនេះ គណៈកម្មការអន្តរក្រសួងបានគាំទ្រ ចំពោះសំណើរសុំសាងសង់ពុទ្ឋបដិមាខ្ពស់ ជាងគេលើពិភពលោករបស់របស់ក្រុមហ៊ុនសុខាអូតែល។
អ្នកឧកញ៉ាសុខ គង់់បានបញ្ជាក់ថា ពុទ្ឋបរិស័ទដែលមានសទ្ឋាជ្រះថ្លា អាចចូលរួមជាវិភាគទាន ឬចាប់មគ្គផល ដើម្បីចូលរួមសាងសង់ពុទ្ឋបដិមានេះ ដើម្បីនាំមកនូវកិត្តិយស និងមោទនភាពជាតិខ្មែរយើងទាំងអស់គ្នា៕

 

ឧកញ៉ាឈាង រ័ត្នៈបុរីបុស្បាកសាងឡើងដោយផ្តោតលើគុណតម្លៃនិងឆ្លើយតបនឹងរសនិយមរបស់អតិថិជន

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាមួយទស្សនវិស័យវែងឆ្ងាយ និងការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ លោកឧកញ៉ាឈាង រ័ត្នអ្នកគ្រប់គ្រងទូទៅនៃបុរីបុស្បាបាន និងកំពុងសម្រេចក្តីសុបិនសម្រាប់អតិថិជន។

តើអ្វីជាក្តីសុបិនសម្រាប់អតិថិជន? លោកឧកញ៉ាឈាង រ័ត្នបានលើកឡើងកាលពីដើមសប្តាហ៍នេះថា មុនសម្រេចចិត្តវិនិយោគលើបុរីនេះឡើង យើងបានគិតគូមុនគេពីការរចនាម៉ូតផ្ទះ ដើម្បីឲ្យសមស្របនឹងរសនិយមសម័យថ្មី សិក្សាពីបររិស្ថាន ដើម្បីធ្វើយ៉ាងណាឲ្យផ្ទះនិមួយៗសាងសង់ឡើង​មានភាពស្រស់ស្អាតផង មានផាសុខភាពក្នុងការរស់នៅផង និងគិតគូរដល់ភាពសុខដុមរបស់អ្នករស់នៅ តាមរយៈការសាងសង់ដោយមានបង្អួច និងម៉ូតផ្ទះធំ ស្រលះល្អ ដើម្បីឲ្យពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់។

លោកបន្តថា “ការកសាងគុណតម្លៃបុរីមួយ មិនមែនគិតពីប្រាក់ចំណេ​ញតែម្យ៉ានោះទេ ប៉ុន្តែយើងគិតគូរធ្វើយ៉ាងណាឲ្យផ្ទះ និងសហគមន៍របស់យើងមានភាពរីកចម្រើន និងផាសុខភាព”។ លោកបន្តថា “យើងបានគិតគូពីហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងដាំដើមឈើព៌ណខៀវស្រង៉ាត់ ដើម្បីឲ្យអ្នករស់នៅផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិស្រស់បំព្រង”។

បុរីបុស្បាមានទីតាំងស្ថិតនៅសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ជាតំបន់មួយដែលមានសហគមន៍ពាណិជ្ជកម្មព័ទ្ឋជុំវិញ ដូចជាផ្សារទំនើបAEON Mall3 ផ្សារLucky ភោជនីយដ្ឋានទំនើបៗ និងសហគមន៍ពាណិជ្ជកម្មជាច្រើនទៀត ពិសេសតំបន់នេះមានភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយផ្លូវក្រវ៉ាត់ក្រុងទី២ និងទី៣ ផ្លូវជាតិលេខ២ លេខ៣ ផ្លូវជាតិលេខ៤ជាដើម។

លោកឧកញ៉ាឈាង រ័ត្នបានបន្តថា ដោយសារសិក្សាពីរសនិយម និងចំណង់ចំណូលចិត្តរបស់អតិថិជនបែបនេះហើយ ទើបយើងសម្រេចបាននូវវឌ្ឍនភាពនៃការសាងសង់ និងការបញ្ជាទិញពីអតិថិជនយ៉ាងច្រើន ធ្វើឲ្យគំ​រោងរបស់យើងលក់បានលឿន និងសម្រេចបានតាមផែនការដែលបានគ្រោ​ងទុក ទោះបីជាមានវិបត្តិមួយចំនួនកើតមាននៅលើសាកលលោកក្តី៕

រដ្ឋាភិបាលកាត់ដីទំហំជិត៦០០ហិកតាជូនសហគមន៍ជនជាតិភាគតិច នៅខេត្តរតនៈគិរី

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលបានសម្រេចកាត់ដីទំហំជិត៦០០ហិកតា ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចចារាយ ស្ថិតក្នុងភូមិប៉ាតាង ឃុំសសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដីផងដែរ។

យោងតាមអនុក្រឹត្យលេខ ២២២ អនក្រ.បក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២បានឲ្យដឹងថា ទំហំដីដែលកាត់នេះ ត្រូវបានកាត់ចេញពី២ទីតាំង ដោយកាត់ផ្ទៃដីទំហំ១៨៩ហិកតា៧៤អា និង៥៥សង់ទីអា ចេញពីដែនគម្របពឈើឆ្នាំ២០០២។

ដោយឡែក មួយទីតាំងទៀត គឺកាត់ផ្ទៃដីទំហំ៤០១ហិកតា ៧២អា និង១៦សង់ទីអា ចេញពីសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន៧មករា ផារី។

អនុក្រិតដដែលបានឲ្យដឹងថា ផ្ទៃដីដែលបានកាត់នេះ នឹងត្រូវធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ផ្តល់សិទ្ធិជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចចារាយ១សហគមន៍ មានចំនួន៦៥គ្រួសារ លើក្បាលដីសរុប២៧ក្បាលដី ដែលរួមមានដីលំនៅឋានចំនួន២ក្បាលដី និងដីកសិកម្ម២៥ក្បាលដី៕

ដំណឹងល្អៈប្រទេសចិនចាប់បង្កើនការគាំទ្រដល់ក្រុមហ៊ុននានាដែលកំពុងស្វែងរកឱកាសវិនិយោគនៅក្រៅប្រទេស

ដោយ: លាងហួរ

ប៉េកាំង: ក្រុមប្រឹក្សាពាណិជ្ជកម្មរបស់ប្រទេសចិន បានរាយការណ៍ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួនបានចាត់ចំណាត់ការ ដើម្បីស្ដារឡើងវិញនូវពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្រៅប្រទេស ដើម្បីជួយដល់អ្នកធុរកិច្ចចិន ក្នុងការស្វែងរកឱកាសវិនិយោគ នៅក្នុងបណ្តាប្រទេសផ្សេងទៀត។

ក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ បានអនុម័ត លើគម្រោងពិព័រណ៍សេដ្ឋកិច្ច  និងពាណិជ្ជកម្មក្រៅប្រទេសចំនួន១៥ដែលគ្រោងនឹងរៀបចំ ធ្វើឡើងក្នុងប្រទេសចំនួន៨ រួមមាន ប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប់រួម ចាប់ពីចន្លោះខែវិច្ឆិកា ឆ្នាំ២០២២នេះរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។

គម្រោងទាំងនោះផ្តោតលើវិស័យជាច្រើន រួមមាន ដូចជា វិស័យវាយនភ័ណ្ឌ ការផលិតគ្រឿងបន្លាស់រថយន្ត កីឡា អេឡិចត្រូនិក  និងទំនិញប្រើប្រាស់។

គិតរហូតមកដល់ពេលនេះ គម្រោងចំនួន៦នៃគម្រោងទាំងនោះត្រូវបានចាប់ផ្តើម បើកដំណើរការឡើងដោយក្រុមហ៊ុន ដែលចូលរួមផ្តល់មតិយោបល់វិជ្ជមាន។

ក្រុមប្រឹក្សាបានបន្ថែមថា ខ្លួននឹងផ្តល់អាទិភាពដល់ប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសមានទីផ្សារកំពុងរីកចម្រើន និងឧស្សាហកម្ម ដែលកំពុងរីកចម្រើនជាយុទ្ធសាស្ត្រ  ខណៈដែលការធ្វើជាម្ចាស់ផ្ទះ នៃការតាំងពិពណ៌ និងលើកទឹកចិត្តឱ្យក្រុមហ៊ុននានាចូលរួមនៅឆ្នាំក្រោយ៕

ប្រធានាធិបតីបារាំងសន្យាជំរុញក្រុមហ៊ុនបារាំងមកស្វែងរកឱកាស វិនិយោគបន្ថែមនៅកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញ  ឱ្យអ្នកវិនិយោគិនបារាំងសិក្សាស្វែងយល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា។

ឆ្លើយតបនឹងសំណើរនេះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានា​ធិបតីបារាំង បានសន្យាថា នឹងជំរុញក្រុមហ៊ុនបារាំងមកពិនិត្យមើល ឱកាសវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

លោក អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងដូច្នេះក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីបារាំង បានអបអរសាទរ និងពេញចិត្ត ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព និងប្រវត្តិសាស្ត្រដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសយើងទាំងពីរ ជាពិសេស នៅក្នុងវិស័យសេដ្ឋកិច្ច ធុរកិច្ច អប់រំ ទឹកស្អាត ធារាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ការប្រែប្រួលអាកាសធាតុ ថាមពលកកើតថ្មី (កើតចេញពីពន្លឺ ព្រះអាទិត្យ) កសិកម្ម កសិ-ឧស្សាហកម្ម វប្បធម៌ បេតិកភណ្ឌ ទេសចរណ៍ ។ល។

ដោយឡែក នៅក្នុងកិច្ចប្រជុំរៀបចំឡើង ដោយសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) សម្តេចតេជោក៏បានធ្វើបទអន្តរាគម៍បង្ហាញដល់ធុរជន និងវិនិយោគិន ប្រធាននិងជាតំណាងក្រុមហ៊ុនបារាំង អំពីលទ្ធភាព ដែលកម្ពុជាអាចងើបចេញពីវិបត្តិកូវីដ១៩ ទាំងនេះបានយ៉ាងឆាប់រហ័ស ដោយរក្សាបាននូវភាពធន់នៃសេដ្ឋកិច្ច និងដែលបានអនុញ្ញាតឱ្យកម្ពុជា នៅតែអាចឈរជើងជាគោលដៅវិនិយោគ ដ៏មានសក្តានុពលមួយនៅក្នុងតំបន់។

សម្ដេចតេជោក៏បានបញ្ជាក់ផងដែរ អំពីសក្តានុពលវិនិយោគនិងឧត្តមភាពសំខាន់ៗរបស់កម្ពុជា និងបានអំពាវនាវឱ្យក្រុមហ៊ុនបារាំង អញ្ជើញមកធ្វើការសិក្សាស្វែងយល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ជាពិសេសក្នុងវិស័យកែច្នៃចំណីអាហារ វិស័យវេជ្ជសាស្ត្រនិងឱសថ វិស័យកម្មន្តសាលធុន ស្រាល និងវិស័យយានយន្តជាដើម។

សម្តេចតេជោ បានធានាជូនវិនិយោគិនគ្រប់រូប នូវបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល ជាពិសេស សន្តិភាព សន្តិសុខ និងស្ថិរភាព នយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌច្បាប់ ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕

គម្រោងពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣

ដោយៈ សុផារី

ព្រះសីហនុៈ  គម្រោងពង្រីកព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ ក្នុងទ្រង់ទ្រាយធំដែលអាចអនុញ្ញាត្ត ឲ្យយន្តហោះអន្តរទ្វីបចុះចតបាន នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ ខាងមុខនេះ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុន Vinci Airports របស់បារាំង ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូបានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីវឌ្ឍនភាព នៃភាពជាដៃគូវិនិយោគរបស់ក្រុមហ៊ុន Vinci និងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា។

សម្តេចតេជោហ៊ុន សែន បានអបអរសាទរដល់ក្រុមហ៊ុន Vinci Airports ដែលនាពេលបច្ចុប្បន្ននេះ ទទួលបានកិច្ចសន្យាសម្បទានគ្រប់​គ្រងព្រលានយន្តហោះជាង៥០នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក ដោយ​សារបានប្រើប្រាស់ គម្រូកិច្ចសន្យាសម្បទាននៅកម្ពុជា ដែលកិច្ចសន្យាដំបូងគេបង្អស់ និងគម្រោងពង្រីកទ្រង់ទ្រាយធំ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ខាងមុខ។

លោក Nicolas Notebeart ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្តេចតេជោ ដែលតែងតែផ្តល់សេចក្តីទុកចិត្តដល់ ក្រុមហ៊ុន Vinci ចំពោះភាពជាដៃគូឈ្នះ ឈ្នះ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីទសវ​ត្សរ៍ឆ្នាំ១៩៩០រហូតមកទល់នឹងពេលបច្ចុប្បន្នផងដែរ៕

ប្រទេសកម្ពុជាសម្រេចបានអតិរេកដំបូងជាង៣៥០លានដុល្លារបន្ទាប់ពីខកខានរយៈពេល២ឆ្នាំដោយសារកូវីដ១៩

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងរយៈពេល១០ខែឆ្នាំ២០២២ ការប្រមូលចំណូលថ្នាក់ជាតិសម្រេចបាន២១.០២៨ពាន់លានរៀល ស្មើនឹងប្រមាណជាង៥ពាន់លានដុល្លារ ខណៈការអនុវត្តចំណាយសរុបថ្នាក់ជាតិមាន១៩ .៥៨៧ពាន់លានរៀល ស្នើនឹងប្រមាណ៤,៨ពាន់លានដុល្លារ។

នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល ប្រចាំខែតុលា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយចុងក្រោយបង្អស់បានបង្ហាញថា ការអនុវត្តថវិកាថ្នាក់ជាតិនេះ ធ្វើឱ្យមានអតិរេក ពោលគឺចំណូលច្រើនជាង ចំណាយសរុប១.៤៤១ពាន់លានរៀល ស្មើនឹងប្រមាណជាង៣៥០លានដុល្លារ។

របាយការណ៍បញ្ជាក់ថា បន្ទាប់ពីខកខាននូវការសម្រេចបានអតិរេក ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា គឺ១០ខែដើម ឆ្នាំ២០២០ និងឆ្នាំ២០២១ ដោ​យសារវិបត្តិជំងឺកូវីដ-១៩ ការអនុវត្តថវិកាជាតិឆ្នាំ២០២២ ចាប់ផ្តើមសម្រេចបានអតិរេកមកវិញ តែស្ថិតក្នុងកម្រិតទាបជាងឆ្នាំ២០១៩។

ការប្រមូលចំណូលចំណូលសម្រាប់ឆ្នាំ២០២២នេះ រំពឹងអាចសម្រេចបាន លើសផែនការដែលបានកំណត់ ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២។ បើធៀបនឹងរយៈពេលអនុវត្តដូចគ្នាឆ្នាំ២០២១ ការប្រមូលចំណូលសរុបថ្នាក់ជាតិ កើនឡើង២១,៨៩% ក្នុងនោះចំណូលពន្ធកើនឡើង២៧,៥៨% ចំណូលមិនមែនពន្ធកើនឡើង២៦,៦១% តែផ្ទុយទៅវិញចំណូលពីអំណោ​យធ្លាក់ចុះ៤៦,៨៧%។

ការកើនឡើងខ្ពស់នៃការប្រមូលចំណូលពន្ធ គឺគាំទ្រដោយចំណូលពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញ និងចំណូលពន្ធលើទំនិញ និងសេវាប្រើប្រាស់ ដែលបានកើនឡើង២៧,០៤% និង២៨,៧៦% រៀងគ្នា ខណៈដែលកំណើននៃការប្រមូលចំណូលមិនមែនពន្ធ គាំទ្រដោយចំណូលពីប្រៃ​សណីយ៍ និងទូរគមនាគមន៍ និងចំណូលពីការផ្តល់ទិដ្ឋាការ ដែលបានកើនឡើង១៥០,០៧% និង៦៤,៤៣%។

ជាមួយគ្នានេះ ការអនុវត្តចំណាយសរុបថ្នាក់ជាតិ បានថយចុះ៨,៩១%។ ក្នុងនោះចំណាយមូលធនថយចុះ១៥,២០% ចំណាយដោយហិរញ្ញប្បទានក្នុងស្រុកថយចុះ១២,៥១% និងចំណាយដោយហិរញ្ញប្បទានក្រៅស្រុកថយចុះ១៧,៩៥% និងចំណាយចរន្ដថយចុះ៥,៤៥%៕

ហានិភ័យៈសេដ្ឋកិច្ច​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​អាចនឹងដាំក្បាលចុះរហូតដល់ត្រីមាសទី១ឆ្នាំ២០២៣

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមធនាគារកណ្តាលអឺរ៉ុប(ECB) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូថា  សេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ អាចនឹងធ្លាក់ចុះ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២នេះ និងត្រីមាសទី១នៃឆ្នាំក្រោយ ដោយសារតែតម្លៃថាមពលហក់ឡើងខ្ពស់។

ធនាគារECB បានព្យាករណ៍ថាផលិតផលក្នុងស្រុកសរុប នឹងកើនឡើង០,៥ភាគរយក្នុងឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះពីការព្យាករណ៍កំណើន០,៩ភាគរយកាលពីលើកមុន។

ECB ក៏បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ចំនួន៤លើក ដោយសង្ឃឹមថា ការចំណាយលើការខ្ចីប្រាក់ខ្ពស់ នឹងអាចទប់ស្កាត់អត្រាអតិផរណាដែលកំពុងហក់ឡើងបាន។ ចំណែកធនាគារកណ្តាលរបស់តំបន់ចាយប្រាក់អឺរ៉ូ  ដែលមានប្រទេសចំនួន១៩ បានដំឡើងអត្រាប្រាក់បញ្ញើរបស់ខ្លួនរហូតដល់២ភាគរយដូចដែលបានរំពឹងទុក ។

ECB បានដំឡើងអត្រាការប្រាក់ចំនួន២,៥ភាគរយ ចាប់តាំងពីខែក ក្កដា ដែលនេះជាល្បឿនដ៏លឿនបំផុត នៃការរឹតបន្តឹងរូបិយវត្ថុក្នុងកំណត់ត្រា ដើម្បីទប់ទល់នឹងអត្រាអតិផរណា ដែលបានហក់ឡើងខ្លាំង ដោយបណ្តាលមកពីការកើនឡើងតម្លៃអាហារ ថាមពល និងតម្លៃសេវាកម្ម។

តាមរយៈសេចក្តីថ្លែងការណ៍ របស់ធនាគារកណ្តាលអឺរុប(ECB)បានឱ្យដឹងថា ដោយផ្អែកលើការប្រែប្រួលយ៉ាងខ្លាំង ចំពោះទស្សនវិស័យអតិផរណា ធនាគារនេះនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត។

ជំហានបន្ទាប់របស់ធនាគារ ក្នុងការរឹតបន្តឹងគោលនយោបាយ នឹងកាត់បន្ថយនូវមូលបត្របំណុល ចំនួន៥ពាន់ពាន់លានអឺរ៉ូរបស់ខ្លួន  ដែលបានទិញនៅពេលធនាគារនេះ បាននឹងកំពុងព្យាយាម ដើម្បីជំរុញសកម្ម ភាពសេដ្ឋកិច្ច៕

អាជ្ញាធរបង្ហាញក្តីព្រួយបារម្ភចំពោះអាគារជាប់គាំងជាង១២០០នៅក្រុងព្រះសីហនុ

ដោយ៖ សុផារី

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុបានបង្ហាញពីក្តីព្រួយបារម្ភ ចំពោះបញ្ហាអាគារជាប់គាំងទាំងជាង១.០០០អាគារ ដែលអាចប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយលើកឡើងថានេះជាបញ្ហាដែលទាមទារការយកចិត្តទុកដាក់។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍នៅដើមសប្តាហ៍នេះថា អាគារដែលមានការជាប់គាំងកន្លងមក នៅក្នុងខេត្តព្រះសីហនុ មានចំនួនប្រហែលជា១.០០០អាគារ ហើយអាគារទាំងអស់នេះត្រូវបានទុកចោល។

លោកបានបន្តថា បញ្ហានេះនឹងពាក់ព័ន្ធ ហើយប៉ះពាល់ទៅដល់រូបភាព និងវិបត្តិបន្តទៅមុខទៀត ទាំងសេដ្ឋកិច្ច និងសង្គម។ សំណង់អាគារទាំងនោះទាមទារឱ្យមានការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា ដោយសារបញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច ជាពិសេសគឺសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា “ក្នុងនោះ នឹងប៉ះពាល់ទៅដល់សុវត្ថិភាពផងដែរ ដោយអគារទាំងអស់នោះ។ ប្រសិនបើមិនបានយកចិត្តទុកដាក់ដោះស្រាយឲ្យបានទាន់ពេលវេលានោះទេ នឹងប្រឈមមុខទៅនឹងសុវត្ថិភាពទៀតផង”។

លោកអភិបាលរងលើកឡើងថា “សំណង់អាគារទាំងនោះអាចបង្កឱ្យកើតគ្រោះថ្នាក់ជាយថាហេតុបាន ព្រោះសំណង់អាគារជាច្រើនសង់មិនទាន់ហើយ ខ្លះសង់បាន៧០ភាគរយ ទៅ៨០ភាគរយ ខ្លះចេញជាគ្រោង ហើយនៅមិនទាន់មានប្រព័ន្ធបង្ហូរ ដែលអាចឱ្យភ្លៀងច្រោះមក ធ្វើឲ្យជះឥទ្ធិពលមិនល្អដល់គ្រឹះ ហើយអាចឈានដល់បាក់ស្រុត ប្រសិនបើយើងមិនបានដោះស្រាយបញ្ហាឲ្យទាន់ពេលវេលា”។

លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតជាគណៈកម្មការអន្តរក្រសួងមួយ ដែលមានចំណុះដោយភាគីពាក់ព័ន្ធទាំងឡាយ រួមជាមួយនឹងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាជាប់ទាំងនេះ៕