សម្តេចតេជោរំលឹកគុណមហាបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានបន្សល់មរតកដ៏មហាសាលឲ្យអ្នកជំនាន់ក្រោយ

   ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្តែងការដឹងគុណ និងអរគុណដូនតាខ្មែរគ្រប់ជំនាន់ ដែលខំបន្សល់កេរមរតកទុកឱ្យអ្នកជំនាន់ក្រោយ ហើយសម្តេចប្រកាសថា កម្ពុជានឹងខិតខំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្តទៀត។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីគណៈកម្មាការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះ “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមយកឱកាសនេះ ប្រកាសជាថ្មីអំពីជោគជ័យ និងមោទនភាព ដែល “គុនល្បុក្កតោ” កម្ពុជាត្រូវបានដាក់ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ទាក់ទងបញ្ហានេះ សម្តេចបានលើកឡើង៣ចំណុច ទាក់ទងនឹងជោគ​ជ័យនេះរួមមាន ទី១ ដំបូងយើងត្រូវតែអរគុណ ដល់ដូនតាយើងគ្រប់ជំនាន់ ដែលខំបន្សល់ស្នាដៃ ទុកឱ្យអ្នកជំនាន់ក្រោយ។ បើដូនតាយើង មិនបន្សល់អ្វីទុកឱ្យយើងទេ យើងក៏គ្មានលទ្ធភាពឯណា ដើម្បីយកទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬក៏ដាក់ទាំងរូបិយ និងអរូបិយផងដែរ។

ទី២ យើងគួរតែអរគុណដល់កីឡាករ កីឡាការិនី “គុនល្បុក្កតោ” ទាំងអស់ ដែលបានខិតខំងើបឈរឡើងប្រមូលដើមទុន ដោយចាប់ផ្តើមងើបចេញក្រោយការរំដោះនៅឆ្នាំ១៩៧៩ ព្រោះថាអ្វីៗត្រូវបានបំផ្លាញអស់ក្នុងសម័យប៉ុលពត។ សម្តេចបានកោតសរសើរ ចំពោះកីឡាករកីឡាការិនី គ្រូបង្ហាត់ ដែលបានខិតខំព្យាយាម រក្សានូវអត្តសញ្ញាណជាតិមួយនេះ តាមរយៈការរុញជាបណ្តើរៗ រហូតដល់យើងយកក្បាច់គុននេះ ជាក្បាច់គុននៃកងយោធពលខេមរភូមិន្ទ។

វត្តមានកីឡាល្បុក្កតោ នៅអង្គរសង្ក្រាន្តជារៀងរាល់ឆ្នាំពេលមុននោះ បានជំរុញល្បឿន នៃការដាក់ក្បាច់គុននេះ ឱ្យទទួលស្គាល់ដោយយូណេ  ស្កូ។ សម្តេចប្រកាសថា ចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ ខាងមុខ យើងនឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ។

ទី៣ សម្តេចបានយកឱកាសនេះ ថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌ វិចិត្រ និងសិល្បៈ និងគណៈកម្មាធិការអូឡាំពិកកម្ពុជា ដែលបានខិតខំជំរុញកិច្ចការងារនេះ រហូតដល់បានសម្រេច។ មុនពេលប្រជុំអាស៊ានសម្តេចក៏បានទទួលរបាយការណ៍រួចហើយ អំពីការអនុម័តរបស់អង្គការយូណេស្កូ នៅប្រទេសបារាំង ប៉ុន្តែយើងត្រូវរង់ចាំដោយមិនបំពាន រហូតដល់ថ្ងៃទី២៩វិច្ឆិកា ដែលគណៈកម្មការគោះជួងទទួលយក “គុនល្បុក្កត” កម្ពុជាជាសម្បត្តិអរូបិយមនុស្សជាតិ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា យើងនឹងបញ្ចូលថែមទៀតនូវសម្បត្តិដូនតារបស់យើងតែម្តង៕

NATO ចេញមុខធានាកុំឱ្យបណ្ដាប្រទេសជិតខាងរុស្ស៊ី ភិតភ័យ ខណៈក្រុងមូស្គូ បង្កើនការវាយប្រហារទៅលើអ៊ុយក្រែន

ដោយៈ សុខុម

ក្រុងគៀវ: ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី អះអាងថា កងកម្លាំងរុស្ស៊ី កំពុងព្យាយាមវាយលុកឆ្ពោះទៅភាគឦសាន និង​ភាគបូព៌ា និង “កំពុងត្រៀមផែនការអ្វីម្យ៉ាង” នៅភាគខាងត្បូង ខណៈអង្គការNATO កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា បានចេញមុខធានាកុំឱ្យបណ្ដាប្រទេសជិតខាងរុស្ស៊ី ភ័យខ្លាចចំពោះអស្ថិរភាព ដែលបង្កឡើងដោយក្រុងមូស្គូ។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែនលើកឡើងថា កងកម្លាំងរបស់ខ្លួនបានវាយរុញច្រាន ការវាយប្រហារចំនួន៦លើករបស់រុស្ស៊ី ក្នុងរយៈពេល២៤ម៉ោងមកនេះ នៅតំបន់ដុនបាស (Donbas)ភាគបូព៌ា ខណៈកាំភ្លើងធំរបស់រុស្ស៊ី បានបាញ់ផ្លោងឥតឈប់ឈរ នៅត្រើយច្រាំងខាងស្តាំនៃទន្លេ Dnipro River និងទីក្រុង Kherson នាភាគខាងត្បូង។

អាកាសធាតុត្រជាក់ខ្លាំងនារដូវរងា បានបង្អាក់ការប្រយុទ្ធគ្នានៅលើដី ហើយលោក ហ្សេឡិនស្គី បានប្រាប់ឱ្យប្រជាជនអ៊ុយក្រែន ប្រុងប្រៀបខ្លួននៅសប្ដាហ៍នេះ ព្រោះរុស្ស៊ីអាចនឹងបាញ់ស្រោច ទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន ដែលក្រុងមូស្គូ បានធ្វើការវាយប្រហារប្រចាំសប្ដាហ៍ចាប់តាំងពីដើមខែតុលា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinken បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សារបស់អង្គការបក្សសម្ព័ន្ធយោធា NATO នៅទីក្រុងប៊ូឆារ៉េស (Bucharest) ប្រទេសរ៉ូម៉ានី ថា “ទាំងនេះគឺជាគោលដៅវាយប្រហារថ្មីៗរបស់ប្រធានាធិបតី ពូទីន។ គាត់កំពុងវាយលុក ទៅលើគោលដៅទាំងនោះយ៉ាងខ្លាំង”។

លោក Antony Blinken គូសបញ្ជាក់ថា លោក ពូទីន បានផ្តោតលើការបាញ់ស្រោចទៅលើជនស៊ីវិលអ៊ុយក្រែន ដោយបានទម្លាក់គ្រាប់បែកជាង១ភាគ៣ ដើម្បីបំផ្លាញប្រព័ន្ធទឹកភ្លើងរបស់ប្រទេសនេះ ប៉ុន្តែយុទ្ធសាស្ត្រនេះមិនបានផលនោះឡើយ។

លោកបានបន្ថែមថា អង្គការNATO ក៏មានការព្រួយបារម្ភចំពោះទំនា​ក់ទំនងរបស់មហាយក្សចិន ជាមួយរដ្ឋាភិបាលក្រុងមូស្គូផងដែរ។

អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានថ្លែងកាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ថា បណ្ដាសម្ព័ន្ធមិត្តរបស់អង្គការ NATO បានស្ម័គ្រចិត្ត ជួយប្រទេសជិតខាងទាំងនោះ ដែលមានដូចជាម៉ុលដាវី    ហ្សកហ្ស៊ី និងបូស្នៀ និងហឺហ្សីហ្គោវីណា (Bosnia-Herzegovina) ដែលទាំងអស់នេះ សុទ្ធតែទទួលរងសម្ពាធពីប្រទេសរុស្ស៊ី។

លោក Stoltenberg បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប្រ​សិនបើទទួលបានមេរៀនពីករណីអ៊ុយក្រែន យើងត្រូវតែជួយគាំទ្រពួកគេពេលនេះ” ខណៈរដ្ឋមន្ត្រីការបរទេសអេស្តូនី លោក​Urmas Reinsalu បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “ជនព្រៃផ្សៃ (ពូទីន) ក៏ចង់គ្រប់គ្រងតំបន់បាល់កានខាងលិច (Western Balkans) ផងដែរ”។

Western Balkans ជាពាក្យមួយដែលគេប្រើ នៅក្នុងសហភាពអឺរ៉ុប ដើម្បីសំដៅដល់ប្រទេសចំនួន៦ នៅអឺរ៉ុបខាងត្បូង និងអឺរ៉ុបខាងកើត ដែលត្រូវបានគ្របដណ្ដប់ ដោយគោលនយោបាយរបស់សហភាពអឺរ៉ុប រូមមានសាធារណរដ្ឋអាល់បានី បូស្នៀ និងហឺហ្សីហ្គោវីណា (Bosnia-Herzegovina) ម៉ុងតេណេក្រូ សាធារណរដ្ឋកូសូវ៉ូ សាធារណរដ្ឋម៉ាសេដូនីខាងជើង (North Macedonia) និងសាធារណរដ្ឋស៊ែប៊ី៕ Reuters៕

សម្តេចតេជោចូលរួមអបអរខួប១១ឆ្នាំនៃប្រតិបត្តិការក្រុមហ៊ុន ជប៉ុនធំមួយនៅកម្ពុជា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី១ ធ្នូនេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។

ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ៤០០លានដុល្លារអាមេរិក និងផ្តល់ការងា​រជូនពលរដ្ឋខ្មែរបានជាង៦ពាន់នាក់។

បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់១,១២៤ពាន់លានយេន ស្មើនឹងជាង៨ពាន់លានដុល្លារ នៅ៩៥កន្លែងទូទាំងពិភពលោក។

មុននឹងដំណើរការប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ចុះបញ្ចូលយ៉ាងខ្លាំង​ លើថ្នាក់ដឹកនាំក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនកំពុងមានការវិនិយោគ នៅក្នុងប្រទេសថៃរួចទៅហើយនោះ។ មិនត្រឹមតែប្រឹងប្រែងបញ្ចុះបញ្ចូល ឱ្យក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ តែសម្តេចតេជោ បានរក្សាជំហរយ៉ាងរ៉ឺងមាំ ការពារការវិនិយោគរបស់ក្រុមហ៊ុន។

មុនពេលក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា មានក្រុមហ៊ុនមួយបានមកបញ្ចុះបញ្ចូល សម្តេចឱ្យលុបចោលការទទួលយក ការវិនិយោគរបស់ក្រុមហ៊ុននេះ។ តែសំណើនោះត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីច្រានចោល។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍បញ្ជាក់ថា “ក្រុមហ៊ុននេះតូច ចឹងសុំឱ្យយកក្រុមហ៊ុនដែលធំជាង។ តែខ្ញុំបានប្រាប់ថា សម្រា​ប់កម្ពុជា ត្រីធំក៏ដោយ ត្រីតូចក៏ដោយ ត្រីណាមកដល់មុន គឺចាប់ស្ងោរទាំងអស់ ពីព្រោះឆ្នាំងខ្ញុំវាទទេ”។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាត់ទុកជាឆ្មបបង្កើតដោយផ្ទាល់ដៃនូវវត្តមាន ក្រុមហ៊ុនដ៏ធំរបស់ជប៉ុនមួយនេះនៅក្នុងប្រទេសកម្ពុជា។

មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនមីនេបៀ បានដំណើរការ និងចម្រើនលូតលាស់យ៉ាងខ្លាំង ក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ហើយបានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ជាតិកម្ពុជា និងផ្តល់ការងារជាច្រើនកន្លែងសម្រាប់ពលរដ្ឋកម្ពុជា ជាមួយប្រាក់ឈ្នួល និងលក្ខខណ្ឌការងារយ៉ាងល្អប្រសើរ។

លោក យ៉ូស៊ីហ៉ីសា កៃនុម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀ ធ្លាប់បានបង្ហាញនូវភាពរីករាយជាខ្លាំង ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុននៅកម្ពុជា និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លា លើដំណើរការវិនិយោគរបស់ក្រុមហ៊ុន៕

 

រដ្ឋាភិបាលថៃបោះទុនជាង១ពាន់លានដុល្លារលើការអភិវឌ្ឍអាកាសយានដ្ឋានដនមឿងដំណាក់កាលទី៣

ដោយ: លាងហួរ

បាងកក: គណៈរដ្ឋមន្ត្រីថៃបានអនុម័ត ថវិកាចំនួន៣៦ពាន់លានបាត  (ប្រហែល១,០២ពាន់លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍដំណា​ក់កាលទី៣ នៃគម្រោងអាកាសយានដ្ឋានដនមឿង ដ៏ធំបំផុតទី២របស់ប្រទេសថៃ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បានមានប្រសាសន៍ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ គណៈរដ្ឋមន្ត្រីបានអនុម័តដល់គម្រោងលើកកម្ពស់សមត្ថភាព ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើដី និងនៅលើអាកាស មុនពេលមានការបើកគម្រោងផ្លូវដែកតភ្ជាប់ថ្មីនាពេលអនាគត។

កញ្ចប់ថវិកាដ៏ធំបំផុតនេះ នឹងទទួលបានមកពីប្រាក់ចំណូលរបស់អាកាសយានដ្ឋានថៃ (AoT) រួមជាមួយនឹងមូលនិធិបន្ថែម ដែលទទួលបានពីប្រភពខាងក្រៅ។

អ្នកនាំពាក្យរូបនេះបានបន្តថា បច្ចុប្បន្ននេះស្ថានីយដឹកអ្នកដំណើរទាំង២ អាចផ្ទុកអ្នកដំណើរបានរហូតដល់៣០លាននាក់ក្នុង១ឆ្នាំ ហើយក្រោយពីអាកាសយានដ្ឋានត្រូវបានពង្រីក វានឹងជំរុញសមត្ថភាពផ្ទុករហូតដល់៤០​លាន​នាក់ ដោយគម្រោងនេះត្រូវបានចែកចេញជា៦ដំណាក់កាល។

ដំណាក់កាលទី១នៃគម្រោង រួមមាន ការអភិវឌ្ឍតំបន់មួយនៅភាគខាងត្បូងនៃអាកាសយានដ្ឋាន ដែលជាទីតាំងសម្រាប់សាងសង់ចំណតអ្នកដំណើរទី៣ និងការ​ជួសជុល​ចំណត​រថយន្ត​កំពស់៧ជាន់។

ដំណាក់កាល១ទៀតពាក់ព័ន្ធ នឹងការអភិវឌ្ឍផ្នែកខាងជើងនៃព្រលានយន្តហោះ ដូចជា ការជួសជុលកន្លែងចតយន្តហោះ និងការពង្រីកបរិក្ខារភាគខាងជើង ព្រមទាំងការិយាល័យ និងកន្លែងទទួលភ្ញៀវ VVIP ផងដែរ។

ដំណាក់កាលផ្សេងទៀត រួមមាន ការសាងសង់តំបន់ប្រតិបត្តិការហោះហើរ ការជួសជុលអគារស្ថានីយអ្នកដំណើរលេខ១ ប្រព័ន្ធប្រើប្រាស់ និងការងារបរិស្ថាន៕

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិមួយកំពុងត្រៀមលេចឡើងនៅភាគខាងជើងរាជធានី

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយ ដែលគ្រោងបោះទុនរាប់លានដុល្លារ កំពុងត្រៀមបង្ហាញវត្តមាននៅភាគខាងជើង រាជធានីភ្នំពេញ ជាអតីតតំបន់រោងចក្រ សហគ្រាស។

គំរោងនេះវិនិយោគដោយក្រុមហ៊ុនMorgan Champs Elysess ដែលផ្តោតលើការអភិវឌ្ឍន៍ ផ្ទះអាជីវកម្ម ផ្សារទំនើប កន្លែងកម្សាន្តនិងអគារពាណិជ្ជកម្ម ក្នុងគម្រោងតែមួយលើផ្ទៃដី35ម៉ឺនម៉ែត្រការ៉េ។

យោងតាមព៌តមានបង្ហោះលើបណ្តាញ ទំនាក់ទំនងសង្គមបានឲ្យដឹងថា Morgan Champs Elysees គម្រោងថ្មីបែបជប៉ុន និងកូរ៉េដំបូងគេក្នុងទីក្រុងភ្នំពេញ ផ្ទះនិងអគារមានរចនាម៉ូតល្បីៗរបស់ជប៉ុន និងកូរ៉េ។ គំរោងនេះ​នឹង ជាកន្លែងទាក់ទាញយុវវ័យ ដោយមានកន្លែងកម្សាន្ត និងហាងម៉ាកយីហោល្បីៗមកពីជុំវិញពិភពលោក ខណៈគម្រោងសាងសង់ និងអភិវឌ្ឍជាទីក្រុងមានភ្លើងបំភ្លឺ24ម៉ោងពេញ។

ភាពច្នៃប្រឌិត និងទំនើបកម្មរបស់ Morgan Champs Elyseesរួមមាន ទី១ មានជណ្ដើរតភ្ជាប់ក្នុងលំហ ទៅកាន់គ្រប់កន្លែងក្នុងគម្រោងទាំងមូល ដែលបង្កើតឱកាសនៃការបើកប្រកបបរអាជីវកម្ម។ ទី២ ចំណតយានយន្តក្រោមដីច្រើនគ្រប់គ្រាន់ សម្រាប់អ្នករស់នៅនិងអតិថិជនដែលមកដើរផ្សារ។  ទី៣ ជាគម្រោងដែលមានភ្លើងបំភ្លឺ24ម៉ោង ទី៤ រចនាច្រករបៀងមានហាងលក់ទំនិញតាមដងផ្លូវជាដើម។

គំរោងដែលរៀបចំឡើងបែបជាទីក្រុងតូចមួយនេះ ក៏រួមបញ្ចូលអគារធំជាងគេ នៅកណ្តាលទីក្រុងភ្នំពេញ ដែលមានផ្ទៃដី៣៥ម៉ឺនម៉ែត្រការ៉េហើយនឹងមានអ្នករស់នៅជិត៣ម៉ឺននាក់នាពេលអនាគត។

ក្រុមហ៊ុនដ៏ធំនេះ ក៏បាននិងកំពុងសាងសង់ខុនដូ កប់ពពកចំនួន៣អាគារខ្ពស់ជាងគេ នៅតំបន់ជ្រោយចង្វារ ដែលបានបោះទុនវិនិយោគរហូតដល់៧០០លានដុល្លារអាមេរិកផងដែរ៕

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ ចាប់ផ្ដើមរៀបចំឡើងវិញក្រោយផ្អាករយៈពេល២ឆ្នាំ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានភាពធូរស្បើយ ព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិដែលខកខាន២ឆ្នាំមកហើយ ក៏បានរៀបចំឡើងវិញដែរនៅក្នុងឆ្នាំនេះ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សមាគមអ្នកសាងសង់កម្ពុជាដែលរៀបចំ ព្រឹត្តិការណ៍ឧស្សាហកម្មរៀងរាល់ឆ្នាំ បានឱ្យដឹងព្រឹត្តិការណ៍ពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិឆ្នាំ ២០២២នេះ រៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ខែធ្នូឆ្នាំ២០២២ នៅសាលពិព័រណ៍និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ។

ព្រឹត្តិការណ៍នេះ នឹងដាក់បង្ហាញនូវសម្ភារៈបរិក្ខាសំណង់ គ្រឿងចក្រ អចលនទ្រព្យ ធនាគារ និងផ្សេងៗទៀតដែលពាក់ព័ន្ធ នឹងវិស័យសំណង់និងអចលនទ្រព្យ  ។ ក្រុមហ៊ុនចូលក្នុងព្រឹត្តិការណ៍ មិនមែនមានតែក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះទេ តែក៏មានក្រុមហ៊ុនបរទេសជាច្រើន នឹងចូលរួមផងដែរ ដូច្នេះវាឱកាសក្នុងការពង្រីកទីផ្សារសំណង់ និងការជំរុញឱ្យវិស័យនៅកម្ពុជាមានសកម្មភាពកម្រើកឡើងមួយកម្រិតផងដែរ ។

ជារៀងរាល់ឆ្នាំពិព័រណ៍នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកអភិវឌ្ឍន៍សំណង់ និងអ្នកផ្គត់ផ្គង់បរិក្ខាសំណង់ នៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាឱកាស ក្នុងការកសាងបណ្ដាញ ទំនាក់ទំនងធុរកិច្ចនៅក្នុងវិស័យនិងអចលនទ្រព្យផងដែរ ។

អ្នករៀបចំព្រឹត្តិការណ៍ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិឆ្នាំនេះ ក៏រំពឹងថានឹងទទួលបានការគាំទ្រ និងមានការចូលរួមច្រើនពីសំណា​ក់អ្នកពាក់ព័ន្ធ ក្រោយពីបានផ្អាករៀបចំអស់រយៈពេល២ឆ្នាំកន្លង ដោយសារតែកូវីដ១៩ ដែលមិនអាចឱ្យមានការជួបជុំប្រមូលផ្ដុំមនុស្សច្រើន៕

ស្អាតទេបងប្អូន តោះទៅដើរលេងនៅកែប!

ស្អាតទេបងប្អូន តោះទៅដើរលេងនៅកែប!

លោកបណ្ឌិតយ៉ង់ សាំងកុមារបានជួបសម្តេចតេជោ ដើម្បីលើកពីគោលនយោបាយ១២ចំណុចទាក់ទងនឹងការអភិវឌ្ឈវិស័យកសិកម្ម

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ នៅទីបំផុតលោកបណ្ឌិតយ៉ង់ សាំងកុមារបានជួបជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជជែកពីផែនការ១២ចំណុចរបស់លោក ទាក់ទងនឹងការលើកកំពស់វិស័យកសិកម្ម ពិសេសផ្នែកស្រូវ អង្ករ។

       លោកបានធ្វើបទសម្ភាសន៍មួយ ដែលបានបង្ហោះលើផេកគណៈបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក ដោយលោកទទូចសុំជួបជជែកផ្ទាល់ជាមួយសម្តេចតេជោ លើផែនការជួយឲ្យវិស័យស្រូវ អង្ករមានភាពប្រសើរឡើង។

       លោកបណ្ឌិតយ៉ង់ សាំងកុមារបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍នោះថា លោកបានជួបជជែកក្រៅផ្លូវការ និងផ្លូវការចំនួនពីរលើកជាមួយលោកឌិត ទីណារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលការជជែកបានផ្តោតលើប្រធានបទស្រូវ អង្ករ និងការលើកកំពស់បវិស័យកសិ​កម្ម។ លោកបន្តថា លោកឌិត ទីណាបានស្នើសុំឲ្យលោកចូលរួមជួយ ប៉ុន្តែ​លោកបានស្នើសុំជួយ ក្នុងនាមជាអ្នកជំនាញឯករាជ្យ ប៉ុន្តែលោកឌិត ទីណាបានប្រាប់ថា “ទាល់តែលោកចូលរួមក្នុងរដ្ឋាភិបាល ទើបអាចធ្វើការងារនេះមានប្រសិទ្ឋភាព”។

       លោកបន្តថា ក្នុងពេលមានសំណើរបែបនេះ លោកបានសម្រេចចិត្ត​យល់ព្រម និងបានសុំជួបជជែកផ្ទាល់ជាមួយសម្តេចតេជោ ខណៈលោកបានសរសេរពង្រាងលិខិត សុំចូលរួមជីវភាពជាមួយគណៈបក្សប្រជាជននៅឡើយ ប៉ុន្តែក្រោយមកលិខិតនោះក៏បានបែកធ្លាយ។


ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានត្រាស់បង្គាប់តែងតាំង ​លោកលោកយ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​)ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម និង​លោក ឡឹ​ក សុធារ អ្នកនាំពាក្យ​គណបក្ស​នេះ ​ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២​៕

តម្លៃអចលនទ្រព្យមិនទាន់មានសញ្ញាងើបឡើងវិញនៅឡើយនៅ ចុងឆ្នាំ២០២២នេះ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គិតមកដល់ចុងខែវិច្ឆិកាឆ្នាំ២០២២នេះ តម្លៃអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែមិនទាន់មានសញ្ញាងើបឡើងវិញនៅឡើយ ទាំងដីធ្លី និងលំនៅឋាន។

ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យនេះដែរ ក៏ជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងការទិញ ដើម្បីទទួលបានប្រាក់ចំណេញនៅពេលអនាគ។

តម្លៃដីធ្លីនៅតាមបណ្ដាខេត្ត និងទីក្រុងភ្នំពេញឃើញថា មិនទាន់បានងើបឡើងល្អប្រសើរ ដូចកាលមុនកូវីដ១៩នៅឡើយទេ មកដលចុងឆ្នាំ ២០២២នេះ ក្នុងនោះលំនៅឋាននៅតាមបុរីនានា ក៏មិនអាចឡើងថ្លៃតាមការសន្យារបស់អ្នកអភិវឌ្ឍន៍លំនៅឋានបានដែរ ។

បើតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ទីផ្សារលំនៅឋាន ដែលមានលក្ខណៈជាបុរី មានតម្លៃជាធម្យម៩០០ដុល្លារទៅ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះមានការថមថយប្រមាណ០,៤ ទៅ៤ភាគរយ បើធៀបនឹងដើមឆ្នាំ២០២០ ពោលគឺគ្រាដែលមានវិបត្តិកូវីដ១៩ដំបូង ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia បានលើកឡើងថា ស្ថានភាព ទីផ្សារនៃវិស័យអចលនទ្រព្យក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានភាពប្រសើរ ដូចមុនកូវីដ១៩នៅឡើយពីព្រោះតែវិស័យនេះ ពឹងផ្អែកលើការវិនិយោគក្រៅប្រទេស ហើយក្នុងអំឡុងពេលនេះ ជនបរទេសនៅតែមិនទាន់បានចូលមកកម្ពុជាច្រើន ដើម្បីស្វែងរកការវិនិយោគនៅឡើយទេ ។

អ្នកនាងបន្តថា “បើសិនជាមានលំហូរវិនិយោគពីបរទេស ចូលមកច្រើននោះ កំណើននៃវិស័យអចលនទ្រព្យ នឹងអាចកើនឡើងហើយតម្លៃនិងហាងឆេងអចលនទ្រព្យនឹងស្ទុះងើបឡើងវិញ”។ អ្នកនាងបន្ថែមថា “ប៉ុន្តែយ៉ាងក្ដីការវិនិយោគពីវិនិយោគិនក្នុងស្រុក ក៏បានជួយដល់វិស័យអចលនទ្រព្យមិនឱ្យធ្លាក់ចុះខ្លាំង”។

តាមភ្នាក់ងារអចលនទ្រព្យតាមបណ្ដាខេត្ត មួយចំនួនបានឱ្យដឹងផងដែរ មកដល់ពេលនេះតម្លៃអចលនទ្រព្យ នៅតែមិនទាន់មានភាពប្រសើរឡើយ តែផ្ទុយទៅវិញអចលនទ្រព្យខ្លះ ដូចជា ដីធ្លីរបស់ពលរដ្ឋបានដាក់ក្នុងតម្លៃទាបជាទីផ្សារទៀត។ អ្វីដែលពិសេសនោះ គឺមិនមានអ្នកទិញទៅទៀត ៕

លោកJack Maកំពុងស្នាក់នៅក្នុងប្រទេសជប៉ុនក្រោយ​ពីប្រទេសចិន ​ធ្វើការ​បង្ក្រាប​លើ​វិស័យ​បច្ចេកវិទ្យា​

ដោយ: លាងហួរ

តូក្យូ:ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានរស់នៅក្នុងទីក្រុងតូក្យូអស់រយៈពេលជិត៦ខែ បន្ទាប់ពីលោកបានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈ ក្រោយការបង្រ្កាបរបស់ប្រទេសចិនលើវិស័យបច្ចេកវិទ្យា។ នេះបើយោងតាមសារព័ត៌មាន Financial Times បានរាយការណ៍ឱ្យដឹងនោថ្ងៃពុធនេះ ដោយដកស្រង់ប្រភពជាច្រើនដែលមិនបញ្ចេញឈ្មោះ។

មហាសេដ្ឋី​រូបនេះ ​មិនសូវ​បានបញ្ចេញមុខមាត់ ​ចាប់តាំងពី​មានការបង្ក្រាប ដោយក្រុម​និយ័ត​ករ​ចិន​លុបចោល​ការលក់​ភាគហ៊ុន ឲ្យ​សាធារណជន​(IPO)​របស់​ក្រុមហ៊ុន​Ant Group​ និង​ចេញ​ការ​ផាកពិន័យ​ប្រាក់​ច្រើន​បំផុត​លើ​ក្រុមហ៊ុន​Alibaba​។​

កាសែត Financial Times បានរាយការណ៍ថាលោក Jack Ma បានចំណាយពេលជាច្រើន ក្នុងរយៈពេល៦ខែចុងក្រោយនេះ ជាមួយគ្រួសាររបស់លោកនៅក្នុងទីក្រុងតូក្យូ និងផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន ហើយលោកក៏បានធ្វើដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក និងប្រទសអ៉ីស្រាអែលផងដែរ។

យោងតាមកាសែត​អង់គ្លេស​ដដែលនេះ​បានឱ្យដឹងថា លោក​Jack Ma ជា​សមាជិក​ឯកជន​របស់​ក្លឹប​មួយចំនួន នៅក្នុងទីក្រុងតូ​ក្យូ និង​បាន​ក្លាយជា​អ្នក​ប្រមូល​ទិញ​វត្ថុ​សិល្បៈ ​ទំនើបរបស់ជប៉ុនថែមទៀតផង ។

ចាប់តាំងពី​បាត់​មុខ​ជា​សាធារណៈ ​នៅ​ក្នុងប្រទេសចិន លោកត្រូវបាន​គេប្រទះឃើញ​នៅ​ជា​ច្រើន​កន្លែង​ រួម​មាន​ នៅ​កោះ​ម៉ាល់ឡ័​រកា​(Mallorca)​របស់ប្រទេសអេ​ស្ប៉ាញ​កាលពី​ឆ្នាំ២០២១។

នៅ​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមមន្ត្រី​ចិន​បានផ្តោត​លើ​ការរកស៊ី​បែប​ផ្តាច់មុខ ​របស់​ក្រុមហ៊ុន​ធំៗ​ក្នុង​ប្រទេស​ចិន ដែលជំរុញឱ្យមានការព្រួយបារម្ភ​ថា បណ្តាក្រុមហ៊ុន​អ៉ីនធឺ​ណិ​ត​ធំៗ ​គ្រប់​​គ្រង​ទិន្នន័យ​ច្រើន​ពេក ​និង​ពង្រីក​ខ្លួន​លឿន​ពេក​។

កាលពីខែកក្កដាកន្លងទៅ របាយការណ៍មួយបានបង្ហាញថា លោក Jack Ma គ្រោងនឹងប្រគល់ការគ្រប់គ្រងរបស់ក្រុមហ៊ុន Ant Group ដើម្បីធ្វើឱ្យក្រុមនិយតករចិនមានការស្ងប់ចិត្ត។

កាលពីខែសីហា ឆ្នាំ២០២២នេះ ក្រុមហ៊ុនពាណិជ្ជកម្ម​តាម​អេឡិចត្រូនិច Alibabaបានរាយការណ៍ថា កំណើនប្រាក់ចំណូលរបស់ខ្លួន នៅទ្រឹងជាលើកដំបូង ខណៈប្រទេសចិនបានប្រយុទ្ធប្រឆាំង នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច និងករណីឆ្លងជំងឺកូវីដឡើងវិញ៕