លោកស៊ុន ចាន់ថុលលើកឡើងពីផែនការកសាងផ្លូវដែកតភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប និងក្រុងប៉ោយប៉ែត

 ដោយៈ គង់ សិរីជេស៊ីកា

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានលើកឡើងពីផែនការតភ្ជាប់ផ្លូវដែកពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប និងក្រុងប៉ោយប៉ែត និងគំរោងអភិវឌ្ឍន៍ជាច្រើនទៀត។

ព៌តមាននេះត្រូវបានលើកឡើង ក្នុងពេលលោកធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសចម្រុះ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (Infrastructure & Regional Integration Technical working Group – IRITWG) រួមជាមួយលោកស្រី Kamei Haruko នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន(JICA) ប្រចាំកម្ពុជា និងជាប្រធានក្រុមសម្របសម្រួល ជាមួយដៃគូអភិវឌ្ឍន៍ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង សា្ថប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ ក្នុងពិធីបើកកិច្ចប្រជុំនាថ្ងៃទី១ ធ្នូ ឆ្នាំ២០២២នេះថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងពង្រីក និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក កំពង់ផែ ព្រមទាំងមានគម្រោងសាងសង់ផ្លូវ ស្ពាន ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅសៀមរាប និងពីសៀមរាបទៅប៉ោយប៉ែត និងការតភ្ជាប់ជាមួយប្រទេសជិតខាងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ខណៈផែនការមេជាតិភស្តុភារកម្មត្រូវបានអភិវឌ្ឍផងដែរ។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មាន ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូន ផ្លូវគោក ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក ពេលកប៉ាល់ចេញចូលកំពង់ផែ (Port EDI) និងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីសម្រេចនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ឆ្នាំ២០៥០ជាដើម។

ប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីឱ្យតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ ដោយមានការជម្រាបជូន អំពីស្ថានភាពនៃការអនុវត្ត បញ្ហាប្រឈម និងសំណូមពរ នៃគម្រោងដែលខ្លួនបាន និងកំពុងអនុវត្ត ក្រោមជំនួយហិរញ្ញប្បទានពីសំណាក់ដៃគូអភិវឌ្ឍន៍មួយចំនួនរួមមាន JICA, ADB, AFD និង EDCF ជាដើម។

ក្នុងឱកាសនោះ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បានចូលរួមធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ នៃគម្រោងដែលស្ថាប័ននីមួ​យៗ បាននិងកំពុងអនុវត្ត រួមមានដូចជា៖ គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ជនបទ វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ហេដ្ឋារចនាសម្ព័ន្ធនៃវិស័យទូរគមនាគមន៍ បញ្ហាទឹកកខ្វក់ និងអនាម័យ ផែនការមេនៃការអភិវឌ្ឍថាមពល គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន និង ការអភិវឌ្ឍវិស័យភស្តុភារកម្ម។

អង្គប្រជុំក៏មានការកត់សម្គាល់ និងវាយតម្លៃខ្ពស់លើការធ្វើបទបង្ហាញ ព្រមទាំងមានការពិភាក្សា ប្រមែប្រមូលធាតុចូល និងផ្លាស់ប្តូរគំនិតយោបល់យ៉ាងផុសផុល សំដៅឱ្យការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មក្នុងតំបន់ ប្រព្រឹត្តទៅមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានតម្លាភាព គណនេយ្យភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

រដ្ឋាភិបាលអនុម័តទុនវិនិយោគក្នុងវិស័យសំណង់ជិត២០០០លានដុល្លារនៅដំណាច់ត្រីមាសទី៣ឆ្នាំនេះ

ដោយៈ វឌ្ឍនៈ

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា រដ្ឋាភិបាលបានអនុម័័តទុនវិនិយោគលើវិស័យសំណ​ង់ក្នុងទំហំទឹកប្រាក់១៩៦៣លានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី លោកលាង មុនីរិទ្ធបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីបើកសម្ភោធពិព៌ណសំណង់នាព្រឹកថ្ងៃទី១ ធ្នូ នៅទីក្រុងកោះពេជ្រថា រយៈពេល៩ខែដើមឆ្នាំ២០២២ ក្រសួងរៀបចំដែនដីនគរូនីយដ្ឋាននិងសំណង់ បានផ្ដល់លិខិតអនុញ្ញាតសាងសង់ ទូទាំងប្រទេសចំនួន៣.១៧៦គម្រោង មានទុនវិនិយោគប្រមាណ១.៩៦៣លានដុល្លារអាមេរិក ក្នុងនោះបានផ្ដល់លិខិតអនុញ្ញាតសាងសង់ គម្រោងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីចំនួន២០គម្រោង បានផ្ដល់លិខិតអនុញ្ញាតសាងសង់គម្រោងអគារខ្ពស់ៗចាប់បី៥ជាន់ឡើង មានចំនួន៩៨គម្រោង ស្មើនឹង១០០អគារ ក្នុងនោះរាជធានីភ្នំពេញ ទទួលបានគម្រោងច្រើនជាងគេ ។

លោកបន្តថា “ព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំនេះ នឹងជំរុញឱ្យវិស័យសំណង់ការសាងសង់ នៅក្នុងប្រទេសកម្ពុជាមានសន្ទុះកើនឡើងវិញមួយកម្រិត”។

ថ្លែងនៅក្នុងពិធីបើកពិព័រណ៍នៅព្រឹកថ្ងៃទី១ ធ្នូ ២០២២នេះ អ្នកឧកញ៉ាពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជាបានមានប្រសា​សន៍ថា ឆ្នាំនេះដោយសារជម្ងឺឆ្លងកូវីដ១៩ ទើបតែបានថមថយនិងមិនតាន់រលត់បាត់ទាំងស្រុងនៅឡើយ ហើយនៅតាមបណ្ដាប្រទេសមួយចំនួនក៏បា​នកើតឡើងវិញ។ ដូច្នេះការរៀបចំរបស់សមាគមឆ្នាំនេះ យើងឃើញថាមានក្រុមហ៊ុនចំនួន៧៩ ក្រុមហ៊ុនស្មើនឹង១៥០ស្តង់ និងមានផលិតផលជាង២ពាន់មុខ និងផ្នែកសេវាកម្មជាង៥០ប្រភេទ បានចូលរួមនិងបានដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍នេះ។

លោកបន្តថា “ផលិតផលទាំងនេះ មានខ្លះជាផលិតផលក្នុងស្រុក និងមានខ្លះជាផលិតផល ដែលបាននាំចូលមកពីប្រទេសជាច្រើន”។

អ្នកឧកញ៉ាពុង ឃាវសែបានបន្តថា ប្រសិនយើងប្រៀបធៀបនឹងចំនួនក្រុមហ៊ុន ដែលបានចូលរួមដាក់តាំងផលិតផលនៅឆ្នាំមុនៗ នៅមុនមានការរីករាតត្បាតកូវីដ១៩នោះ  ឆ្នាំនេះគឺមានការធ្លាក់ចុះជិតពាក់កណ្ដាល ដោយ​សារមានក្រុមហ៊ុនបរទេសជាច្រើន បានអវត្តមានក្នុងការអញ្ជើញមកចូលរួមជាមួយសមាគមនៅក្នុងឆ្នាំនេះ ប៉ុន្តែលោកសង្ឃឹមនិងជឿជាក់ថា ក្រុមហ៊ុនជាច្រើន ដែលបានអាក់ខានក្នុងឆ្នាំនេះ នឹងអញ្ជើញមកចូលរួមឡើងវិញនៅឆ្នាំក្រោយជាពុំខាន។

អ្នកឧកញ៉ាបន្ថែមថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ និងនៅក្រុងព្រះសីហនុមានសំណង់អគារខ្ពស់ៗ ទំនើបៗធំស្កឹមស្កៃបានរីកដុះដាល គួរឱ្យមានភាពស្ញប់ស្ញែង ដូចជា មានសំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយា​ល័យ ធនាគារ ផ្សារទំនើប សណ្ឋាគារ អគារស្នាក់នៅរួម នៅបុរីលំនៅឋានបានសាងសង់ឡើងជាបន្តបន្ទាប់ជាច្រើន ដែលសំណង់ទាំងនេះមានលក្ខណៈទំនើប ទាន់សម័យ ហើយបានប្រើប្រាស់បច្ចេកវិទ្យានិងសម្ភារៈ បរិក្ខារ ឧបករណ៍ក្នុងការសាងសង់ សុទ្ធតែមានគុណភាពល្អ និងលក្ខណៈបច្ចេក​ទេសទំនើប៕

 

ផ្លូវជាតិលេខ៧ជំរុញចរន្តទិញលក់អចលនទ្រព្យក្នុងខេត្តក្រចេះ មានភាពល្អប្រសើរ

ដោយៈ សុផារី

ក្រចេះ៖ ខេត្តក្រចេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងរូបវ័ន្តផ្សេងៗ ដែលបានចូលរួមប្រែក្លាយមុខមាត់ ខេត្តឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសបានចូលរួមលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចក្នុងខេត្តទាំងមូល។

ផ្លូវជាតិលេខ៧ ដែលទើបតែដាក់សម្ពោធឱ្យប្រើប្រាស់ កាលពីពេលថ្មី​ៗ បានជំរុញចរន្តទិញលក់អចលនទ្រព្យនៅក្នុងខេត្តក្រចេះ ឱ្យបន្តមានស​កម្មភាពល្អប្រសើរជាធម្មតា។

លោក ឡុង សារិន ប្រធានផ្នែកលក់អចលនទ្រព្យលំនៅឋាន នៃក្រុមហ៊ុន Kratie Real Estate បានមានប្រសាសន៍ប្រាប់ Property Area Asia នៅព្រឹកថ្ងៃទី១ ខែធ្នូនេះថា ចរន្តទិញលក់អចលនទ្រព្យ នៅក្នុងខេត្តក្រចេះមានសកម្មភាពទិញ លក់ និងជួលល្អប្រសើរច្រើន នៅក្នុងត្រីមាសទី៣ និងទី៤ ឆ្នាំ២០២២នេះ។ នៅក្នុងទីរួមខេត្តក្រចេះ តែម្តងមានការសាងសង់ប្រភេទផ្ទះសម្រាប់ជួល និងបន្ទប់ជួលច្រើន។

លោកបានបន្តថា “រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់ លើការអភិ​វ ឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ច្រើនជាងមុន។ ម្យ៉ាងទៀត គម្រោងកំណាត់ផ្លូវជាតិលេខ៧ ដែលទើបតែត្រូវបានដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២កន្លងមក ក៏កាន់តែជំរុញសកម្មភាពអចលនទ្រព្យបន្ថែមមួយកម្រិតទៀតផងដែរ”។

កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឥសាន្ត សម្រាប់បម្រើឱ្យចរាចរណ៍ ក្នុងសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។

បើយោងតាមលោកសារិន នៅតាមតំបន់តាមបណ្តោយផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលខ្លាស្ទុះ មកដល់ទីរួមខេត្ត សង្កេតឃើញមានសកម្មភាពទិញលក់ច្រើនជាងគេ។

លោកបញ្ជាក់ថា “តំបន់នេះ ពេញនិយមសម្រាប់ការសាងសង់ផ្ទះសម្រាប់ជួល ផ្ទះល្វែងទំហំល្មមៗសម្រាប់ប្រកបអាជីវកម្ម ឬខ្លះទៀតអភិវឌ្ឍន៍ជាប្រភេទផ្ទះធំៗសម្រាប់ជួលឱ្យក្រុមហ៊ុន ឬធនាគារ”។

ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៧នេះ ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១ ឬរបៀងកណ្តាលរបស់មហាអនុតំបន់មេគង្គ ដែលតភ្ជាប់ពីទីក្រុងគុនមីង នៅភាគខាងត្បូង នៃប្រទេសចិន ឆ្លងកាត់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាត់រាជធានីភ្នំពេញ និងឆ្ពោះទៅកំពង់ផែ ក្រុងព្រះសីហនុ។

ផ្លូវនេះក៏មានសក្តានុពល ក្នុងការប្រែក្លាយខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឱ្យទៅប៉ូលសេដ្ឋកិច្ចទីបួន នៃការអភិវឌ្ឍបែបកសិ-ឧស្សាហកម្ម និងធនធានរ៉ែ របស់កម្ពុជា។

ជាមួយគ្នានេះ លោក វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះ បានមានប្រសាសន៍នៅថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញថា បច្ចុប្បន្នខេត្តក្រចេះបានទទួលការអភិវឌ្ឍលើគ្រប់វិស័យ ខណៈខេត្តក្រចេះក៏ជាប៉ូលសេដ្ឋកិច្ចទី៤នៃប្រទេសកម្ពុជាថែមទៀតផង។

លោកបានមានប្រសាសន៍ថា “ខេត្តក្រចេះមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ លើវិស័យហេដ្ឋារចនាសម្ព័ន្ធយើងមានផ្លូវជាតិ ផ្លូវខេត្ត មានស្ពានបេតុង ស្ពានដែក ស្ពានឈើ ផ្លូវលំជនបទប្រទាក់ក្រឡាគ្នា ពីទីប្រជុំជនរហូតដល់ជនបទ ដោយបម្រើឱ្យទំនាក់ទំនងការដឹកជញ្ជូនទំនិញ គ្រប់ប្រភេទបានឆាប់រហ័ស”។

លោកបន្តថា លើសពីនោះ ខេត្តក្រចេះឈរលើសក្តានុពលសម្បូរបែប ក៏ពិតជាបាននាំមកនូវអ្នកវិនិយោគទុនជាច្រើន បានចូលមកធ្វើការវិនិយោគ យ៉ាងច្រើនផងដែរ នោះគឺវិស័យទេសចរណ៍ កសិកម្ម កសិឧស្សាហកម្ម និង វិស័យរ៉ែនិងថាមពល។

លោកមានប្រសាសន៍បន្តថា កត្តាដែលនាំឱ្យខេត្តមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដោយសារតែកម្ពុជាមានសុខសន្តិភាព មានស្ថិរភាពនយោបាយមួយប្រកប ដោយការជឿជាក់លើការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ពិសេសរដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងអនុវត្តន៍ផែនការសំខាន់ៗ ឱ្យសម្រេចបានតាមការគ្រោងទុក៕

ប្រទេសគុយវ៉ែតគ្រោងវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿន នៅក្នុងប្រទេសកម្ពុជា

ដោយៈ សុផារី

ភំ្នពេញៈ លោក Mohamad S SH S Alhajri ឯកអគ្គរដ្ឋទូតគុយវ៉ែតប្រចាំនៅកម្ពុជា បានបញ្ជាក់ពីឆន្ទៈក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពល ការសាងសង់ផ្លូវល្បឿនលឿន និងវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយលោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពា ណិជ្ជកម្ម លោក Mohamad S SH S Alhajri បានពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជុំវិញយន្តការ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយបានបញ្ជាក់ពីឆន្ទៈ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ទនៈ) ការសាងសង់ផ្លូវល្បឿនលឿន និងវិស័យហិរញ្ញវត្ថុ(soft loans)។

លោកបានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់ក្របខណ្ឌគតិយុត្តនានាឱ្យអស់ពីលទ្ធភាព រួមមាន កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យពិនិត្យលទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ។

លោករដ្ឋលេខាធិការបានបន្តជម្រាបជូនពីច្បាប់ គោលនយោបាយសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ចនិងវិនិយោគនៅកម្ពុជា រួមមាន ការធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេ រីក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ។

ក្នុងន័យនេះ លោកបានលើកទឹកចិត្តវិនិយោគិនគុយវ៉ែត ឱ្យចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ការចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ ជាពិសេសបានស្នើជំរុញការនាំចូល នូវផលិតផលកម្ពុជាដែលមានគុណភាពនិងភាពប្រកួតប្រជែង រួមមាន ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម។

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-គុយវ៉ែត សម្រេចបានប្រមាណ៦៤ម៉ឺនដុល្លារអាមេរិក គិតត្រឹមខែតុលាឆ្នាំ២០២២ លើមុខទំនិញសំខាន់ៗ ដូចជា សម្លៀកបំពាក់និងវាយនភណ្ឌ ថ្នាំជក់ ផលិតផលធ្វើដំណើរ ម៉ាស៊ីននិងឧបករណ៍អគ្គីសនី ប៉ូលីមែរនៃអេទីឡែន កែវនិងវត្ថុធ្វើពីកែវ។ល៕

ក្រុមហ៊ុនមីនីបៀ ជប៉ុនពង្រីកការវិនិយោគរហូតដល់៦០០លានដុល្លារ នៅកម្ពុជា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរីករាយ ដែលបានរួមចំណែកឱ្យក្រុមហ៊ុនមីនេបៀរីកចម្រើន ជាមួយទុនកើនដល់៦០០លានដុល្លារមានកម្មករបម្រើការងារដល់៦ពាន់នាក់។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងបែបនេះក្នុងពេលអញ្ជើញចូលរួមប្រារពខួបលើកទី១១ នៃការបើកដំណើរការក្រុមហ៊ុនមីនីបៀនាព្រឹកថ្ងៃទី១ ធ្នូនេះ។

សម្តេចបន្តថ្លែងអំណរគុណចំពោះការខិតខំរបស់កម្មករ កម្មការរិនីនៅរោងចក្រមីនេបៀ ដែលបាននាំគ្នាប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ហើយធ្វើឱ្យក្រុមហ៊ុន នៅតែអាចដំណើរការ ក្នុងដំណាក់កាលរាតត្បាតកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ពេលចាប់ផ្តើមរាតត្បាតជំងឺកូវីដ១៩ កម្ពុជាបានរងការប្រមាថខ្លាំងណាស់ ពីបណ្តាញព័ត៌មានអន្តរជាតិ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចតេជោហ៊ុន សែន បានចោទសួរថា “តើពួកគេមានការខ្មាសអៀនទេ ពេលកម្ពុជា ទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំង លើកជំងឺកូវីដ”។

សម្តេចតេជោ ហ៊ុន សែន ណែនាំអភិបាលរាជធានី-ខេត្ត ឱ្យបញ្ជាទិញអំពូលភ្លើងវ័យឆ្លាត ដែលផលិតនៅកម្ពុជាដាក់បំភ្លឺតាមដងផ្លូវ។ ក្នុងនោះក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនមួយផលិតអំពូលភ្លើងវ័យឆ្លាតនេះ។

ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ជំនឿចិត្ត” ជាចំណុចពិសេស នៃការរីកលូតលាស់របស់ក្រុមមីនេបៀ របស់ជប៉ុននៅកម្ពុជា។ សម្តេចតេជោបានបន្ធែមថា “គោលនយោបាយវិនិយោគរបស់កម្ពុជា “ត្រីណាមកមុនចាប់ស្ងោមុន មិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ”៕

រោងចក្រដំឡើងរថយន្ដ Toyota តម្លៃជាង៣៦លានដុល្លារនឹងលេចរូបរាងនៅកម្ពុជាឆាប់ៗនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ ស​ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សារជាថ្មីថា នាពេលឆាប់ៗខាងមុខនេះ រោងចក្រដំឡើងរថយន្ដ Toyota នឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជា ហើយកន្លងមកនាយករដ្ឋមន្ត្រីជប៉ុនក៏បានបញ្ជាក់អំពីគម្រោងនេះផងដែរ។

ថ្លែងក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ នៅព្រឹកថ្ងៃទី០១ ខែធ្នូនេះ សម្តេចតេជោបានថ្លែងថា នាពេលកន្លងមក សម្ដេចបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ហើយលោកលើកឡើងអំពីគម្រោងបង្កើតរោងចក្រដំឡើងរថយន្ត Toyota នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោបានថ្លែងថា “គាត់បានស្នើសុំឱ្យកម្ពុជា គាំទ្រនូវគម្រោងថ្មីមួយទាក់ទិននឹងការបង្កើតនូវក្រុមហ៊ុនដំឡើងរថយន្ត Toyota​ ឥឡូវនេះបន្តិចទៀតនៅមិនឆ្ងាយពីរោងចក្ររបស់យើងនេះ គឺនឹងមានរោងចក្រដំឡើងរថយន្ដ Toyota”។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា មិនគ្រាន់តែពង្រីក និងរក្សាក្រុមហ៊ុនដែលមានស្រាប់នៅក្នុងប្រទេសនោះទេ តែរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងទាក់ទាញក្រុមហ៊ុនមួយចំនួនផ្សេងទៀត។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២២ បានអនុម័តយល់ព្រមឱ្យក្រុមហ៊ុន Toyota Tsusho Manufacturing បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Toyota នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុបភ្នំពេញ ដែលមានទុនជាង៣៦លានដុល្លារ ព្រមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាង១០០កន្លែង៕

តម្លៃប្រេងសាំងធម្មតាចុះថ្លៃដល់៤២០០រៀល ចំណែកម៉ាស៊ូតចុះថ្លៃដល់៤.៦៥០រៀល

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងសាំងធម្មតាត្រូវលក់ក្នុងមួយលីត្រ៤.២០០រៀល ដែលចុះថ្លៃចំនួន១៥០រៀល ចំណែកប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ៤.៦៥០រៀល ចុះថ្លៃចំនួន៣៥០រៀល សម្រាប់ការអនុវត្តតម្លៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូនេះ បានឱ្យដឹងថា សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ តម្លៃប្រេងសាំងនៅក្នុងប្រទេសកម្ពុជានឹងត្រូវលក់នៅក្នុងតម្លៃ៤.២០០រៀល ចំណែកប្រេងម៉ាស៊ូតនឹងត្រូវលក់ក្នុងតម្លៃ៤.៦៥០រៀល។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

សម្តេចតេជោរំលឹកគុណមហាបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានបន្សល់មរតកដ៏មហាសាលឲ្យអ្នកជំនាន់ក្រោយ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្តែងការដឹងគុណ និងអរគុណដូនតាខ្មែរគ្រប់ជំនាន់ ដែលខំបន្សល់កេរមរតកទុកឱ្យអ្នកជំនាន់ក្រោយ ហើយសម្តេចប្រកាសថា កម្ពុជានឹងខិតខំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្តទៀត។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីគណៈកម្មាការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះ “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមយកឱកាសនេះ ប្រកាសជាថ្មីអំពីជោគជ័យ និងមោទនភាព ដែល “គុនល្បុក្កតោ” កម្ពុជាត្រូវបានដាក់ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ទាក់ទងបញ្ហានេះ សម្តេចបានលើកឡើង៣ចំណុច ទាក់ទងនឹងជោគ​ជ័យនេះរួមមាន ទី១ ដំបូងយើងត្រូវតែអរគុណ ដល់ដូនតាយើងគ្រប់ជំនាន់ ដែលខំបន្សល់ស្នាដៃ ទុកឱ្យអ្នកជំនាន់ក្រោយ។ បើដូនតាយើង មិនបន្សល់អ្វីទុកឱ្យយើងទេ យើងក៏គ្មានលទ្ធភាពឯណា ដើម្បីយកទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬក៏ដាក់ទាំងរូបិយ និងអរូបិយផងដែរ។

ទី២ យើងគួរតែអរគុណដល់កីឡាករ កីឡាការិនី “គុនល្បុក្កតោ” ទាំងអស់ ដែលបានខិតខំងើបឈរឡើងប្រមូលដើមទុន ដោយចាប់ផ្តើមងើបចេញក្រោយការរំដោះនៅឆ្នាំ១៩៧៩ ព្រោះថាអ្វីៗត្រូវបានបំផ្លាញអស់ក្នុងសម័យប៉ុលពត។ សម្តេចបានកោតសរសើរ ចំពោះកីឡាករកីឡាការិនី គ្រូបង្ហាត់ ដែលបានខិតខំព្យាយាម រក្សានូវអត្តសញ្ញាណជាតិមួយនេះ តាមរយៈការរុញជាបណ្តើរៗ រហូតដល់យើងយកក្បាច់គុននេះ ជាក្បាច់គុននៃកងយោធពលខេមរភូមិន្ទ។

វត្តមានកីឡាល្បុក្កតោ នៅអង្គរសង្ក្រាន្តជារៀងរាល់ឆ្នាំពេលមុននោះ បានជំរុញល្បឿន នៃការដាក់ក្បាច់គុននេះ ឱ្យទទួលស្គាល់ដោយយូណេ  ស្កូ។ សម្តេចប្រកាសថា ចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ ខាងមុខ យើងនឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ។

ទី៣ សម្តេចបានយកឱកាសនេះ ថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌ វិចិត្រ និងសិល្បៈ និងគណៈកម្មាធិការអូឡាំពិកកម្ពុជា ដែលបានខិតខំជំរុញកិច្ចការងារនេះ រហូតដល់បានសម្រេច។ មុនពេលប្រជុំអាស៊ានសម្តេចក៏បានទទួលរបាយការណ៍រួចហើយ អំពីការអនុម័តរបស់អង្គការយូណេស្កូ នៅប្រទេសបារាំង ប៉ុន្តែយើងត្រូវរង់ចាំដោយមិនបំពាន រហូតដល់ថ្ងៃទី២៩វិច្ឆិកា ដែលគណៈកម្មការគោះជួងទទួលយក “គុនល្បុក្កត” កម្ពុជាជាសម្បត្តិអរូបិយមនុស្សជាតិ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា យើងនឹងបញ្ចូលថែមទៀតនូវសម្បត្តិដូនតារបស់យើងតែម្តង៕

ក្រុមមន្រ្តីកំពុងជម្រុញពន្លឿនការឈានទៅចុះកិច្ចព្រមព្រៀងសម្បទានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួង ដឹកនាំដោយលោកស៊ុន ចាន់ថុលបានបើកកិច្ចប្រជុំទាក់ទង គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ត្រូវបានលើកមកប្រជុំពិនិត្យ និងពិភាក្សាបន្ត ដើម្បីឈានទៅរកការចុះកិច្ចព្រមព្រៀងសម្បទាន(Concessional Agreement) នាពេលខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ចើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្ត ទៅលើលក្ខខ័ណ្ឌមួយចំនួនក្នុងកិច្ចព្រមព្រៀងសម្បទាន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ លោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវត្តមានរបស់ឯកឧត្តម លោក លោកស្រី ដែលជាមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សា រិះរកដំណោះស្រាយធ្វើយ៉ាងណា ឱ្យពង្រាងកិច្ចព្រមព្រៀងសម្បទាន(Concessional Agreement) នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត មានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអាចអនុវត្តទៅបានដោយរលូននៅពេលអនាគត ប្រកបដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់ ជាពិសេសដើម្បីឈានទៅរកការចុះហត្ថលេខា តាមផែនការដែលបានគ្រោងទុក។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ហើយគ្រោងនឹងបើកការដ្ឋានសាងសង់នៅពាក់ក ណ្តាលឆ្នាំ២០២៣ ខាងមុខនេះ៕

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ស្នើឱ្យមានការបើកជើងហោះហើរត្រង់ ពីជប៉ុនមកកម្ពុជាឡើងវិញ

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ លោកថោង​ ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់ឯកអគ្គរាជទូតជប៉ុនជិតផុតអាណត្តិ គឺលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងការជួយជំរុញឱ្យមានជើងហោះហើរត្រង់ របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូ មកទីក្រុងភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីកំលុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។

ការស្នើបែបនេះ ធ្វើក្នុងឱកាសដែលលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ចូលជួបជម្រាបលាឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលលោកជិតដល់ពេលផុតអាណត្តិ បំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជា។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើង អំពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងកម្ពុជា និងជប៉ុន ពិសេសលើការជួយអភិវឌ្ឍប្រទេ​សកម្ពុជា ក៏ដូចជារួមចំណែកជួយអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

លោកថោង ខុន បានស្នើទៅកាន់លោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ ធ្វើយ៉ាងណាជំរុញឱ្យមានការបើកជើងហោះហើរត្រង់ របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញឡើងវិញ។

លោករដ្ឋមន្ត្រីបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្អាកជើងហោះហើរមកកាន់កម្ពុជា តាំងពីកំឡុងផ្ទុះជំងឺកូវីដ១៩ខ្លាំង នាចុងឆ្នាំ២០១៩។

លោកបន្តទៀតថា បច្ចុប្បន្នជប៉ុនបានបើកឡើងវិញ នូវការហោះហើរត្រង់ទៅមកជាមួយប្រទេសមួយចំនួន ដូចជា ប្រទេសថៃ វៀតណាមជាដើម ដូច្នេះលោកចង់ឱ្យជប៉ុន បន្តកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញកំណើនទេសចរទៅមកប្រទេសទាំងពីរ។

លោកឯកអគ្គរាជទូតជប៉ុន បានឯកភាពចំពោះលោករដ្ឋមន្ត្រី ថោង ខុន ទោះបីថាលោកចប់អាណត្តិ ជាឯកអគ្គរាជទូតនៅកម្ពុជាក៏ពិតមែន ប៉ុន្តែលោកនឹងបន្តខិតខំ ដើម្បីពង្រឹកពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាតទៅមុខទៀត ពិសេសគឺពាក់ព័ន្ធនឹងការជំរុញជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។

នារយៈពេល១០ខែឆ្នាំ២០២២នេះ នៅប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរកម្ពុជា ប្រមាណជាង៧,០០០នាក់ ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុន ប្រមាណជាង១៩,០០០នាក់ ក្នុងរយៈពេលដូចគ្នា។

លោករដ្ឋមន្ត្រី ថោង ខុន និងលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ មានក្ដីសង្ឃឹមថាកំណើនភ្ញៀវទេសចរ ដែលទៅមកប្រទេសទាំងពីរនឹងបន្តកើនឡើងថែមទៀត ពិសេសគឺនឹងមានការហោះហើរត្រង់ឡើងវិញ ក្រោយប្រទេសទាំងពីររួចផុតពីវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ១៩៕