លំហូរទេសចរថៃនិងវៀតណាមជំរុញឱ្យទីផ្សារសណ្ឋាគារនៅកម្ពុជាមានកំណើនស្ទុះងើបឡើងវិញ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជាទទួលបានចំនួនទេសចរថៃនិងវៀតណាមស្ថិតនៅក្នុងលំដាប់ទី១ និងទី២ ដែលលំហូរនៃកំណើនទេសចរនេះបានជំរុញឱ្យមានការងើបឡើងវិញផ្នែកខ្លះនៃទីផ្សារសណ្ឋាគារ។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ ចាប់ពីខែមករា ដល់ខែតុលា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់ កើនឡើងជិត១ម៉ឺនភាគរយ។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបន្ថែមទៀតថា ទីផ្សារទេសចរកំពូលទាំង១០ដែលមានភ្ញៀវមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន ប្រទេសថៃ៥៩០.៩៨៤នាក់ វៀតណាម៣៤១.៩៥៣នាក់ ចិន៧៥.៩១៥នាក់ សហរដ្ឋអាមេរិក៦០.៩០៣នាក់ ឡាវ៥៩.៣៦៨នាក់ ឥណ្ឌូណេស៊ី៥៩.១២២នាក់ កូរ៉េខាងត្បូង៤៣.១៧៨នាក់។

នាយកគ្រប់គ្រង CBRE Cambodia លោក Lawrence Lennon បានមានប្រសាសន៍ថា លំហូរចូលនៃទេសចរមកពីបណ្តាប្រទេសថៃ វៀតណាម បាននាំឱ្យមានការរីកលូតលាស់នៅក្នុងទីផ្សារសណ្ឋាគារ និងផ្ទះសំណាក់កម្រិតទាប ដោយទីផ្សារស្នាក់នៅខ្លះរាយការណ៍ថា មានការកាន់កាប់រហូតដល់១០០ភាគរយ។
ជាមួយគ្នានេះ Knight Frank បានឱ្យដឹងតាមរយៈរបាយការណ៍មួយកាលពីពេលថ្មីៗនេះថា ទីផ្សារសណ្ឋាគារនៅក្នុងប្រទេសកម្ពុជា ជាប្រភេទកម្រិតមធ្យមមានចំនួន៤៨ភាគរយ សណ្ឋាគារប្រភេទ Upscale & Upper Midscaleចំនួន២៧ភាគរយ និង ២៧ភាគរយទៀតជាប្រភេទប្រណីត។

របាយការណ៍នេះឱ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរកម្ពុជា ដែលបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួន៦៦១.០៧៣នាក់ កើនឡើង៣២៧៦,៣ភាគរយ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ដូចគ្នានេះ៕

បាតុកម្មធំៗក្នុងប្រទេសចិនត្រូវបានបិទបញ្ចប់ ក្រោយមានការធ្វើអន្តរគមន៍ពីប៉ូលិសកាន់តែខ្លាំង

ដោយ: លាងហួរ

ប្រទេសចិន: បាតុកម្មប្រឆាំងនឹងគោលនយោបាយសូន្យកូវីដ របស់រាជរដ្ឋាភិបាលចិន ដែលបានផ្ទុះឡើង កាលពីចុងសប្តាហ៍កន្លងទៅ ហាក់មានភាពស្ងប់ស្ងាត់ឡើងវិញហើយ ដោយសារការចូលអន្តរគមន៍ពីសំណាក់ក្រុមប៉ូលិសកាន់តែច្រើន។

កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះកន្លងទៅ បាតុកម្មនៅ​ក្នុងប្រទេស​ចិន​ហាក់​ដូច​ជា​ត្រូវ​បានបញ្ចប់​ដោយ​មិន​មាន​សំឡេង​បាតុកម្មគគ្រឹកគគ្រេង​ខ្លាំងនោះ​ទេ។

បាតុកម្មដែលបានផ្ទុះឡើង នៅក្នុងទីតាំងមួយចំនួន ដូចជា ទីក្រុងហាងចូវ (Hangzhou) និងតំបន់ភាគច្រើន ដែលបានផ្ទុះបាតុកម្មធំៗផ្សេងទៀត កាលពីចុងសប្តាហ៍ មានភាពស្ងប់ស្ងាត់ ដោយសារមានវត្តមានក្រុមប៉ូលិសចូលអន្តរគមន៍កាន់តែច្រើន។

បាតុកម្មដ៏កម្រទាំងនេះបានផ្ទុះឡើងជុំវិញហេតុផល​មួយ​ចំនួន ដូចជា ការអំពាវនាវឱ្យបើកចំហ ការផ្លាស់ប្តូររដ្ឋាភិបាលលោក ស៊ី ជិនពិន និងនយោបាយការតវ៉ាប្រឆាំងនឹងគោលនយោបាយសូន្យកូវីដ។នេះជាលើកដំបូងហើយ ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ដែលក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីទាមទារឱ្យមានការផ្លាស់ប្តូរគោលនយោបាយសូន្យកូវីដ និងការផ្លាស់ប្តូរអភិបាលកិច្ចផងដែរ។

ហេតុផលទី២បណ្តាលមកពីបាតុកម្មក្នុងទីក្រុងជាច្រើន នៅទូទាំងប្រទេសចិន ហាក់ដូចជាមិនមានការសម្របសម្រួលនោះទេ។ ក្រុមបាតុករមួយចំនួនទាមទារ ឱ្យបន្ធូរបន្ថយវិធានការកូវីដ និងប្រឆាំងជាមួយរដ្ឋាភិបាល ជាទូទៅ។ ជាឧទាហរណ៍ ក្រុមអ្នកតវ៉ានៅទីក្រុង Chengdu បានលើកកាន់បដាពណ៌ សទទេ ដើម្បីធ្វើជានិមិត្តរូបប្រឆាំងនឹងការចាប់ពិរុទ្ធ។

ហេតុផលទី៣ បាតុកម្មត្រូវបានផ្ទុះឡើង ក្រោយពីមានសោកនាដកម្មភ្លើងឆេះ នៅក្នុងទីក្រុងUrumqi ដែលបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន១០នាក់ ដោយសារការចូលជួយសង្គ្រោះពន្លត់អគ្គិភ័យមិនបានទាន់ពេលវេលា៕

រដ្ឋបាលរាជធានីភ្នំពេញកែសម្រួលប្លង់គោលរាជធានីឆ្នាំ២០៣៥លើផែនការអភិវឌ្ឍនិងការរៀបចំវិស័យសំណង់

ដោយ៖ សុផារី

ភ្នំពេញ៖ ការអភិវឌ្ឍរាជធានីត្រូវធ្វើឡើងទៅតាមប្លង់គោលរាជធានីឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ផ្សេងៗ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញសម្រេចកែសម្រួលប្លង់គោលនេះមួយចំនួនឡើងវិញ ដើម្បីងាយស្រួល ក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យបានលឿន។

រដ្ឋបាលរាជធានីបានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោលរាជធានីឆ្នាំ២០៣៥ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែសម្រាប់ការប្រជុំថ្ងៃនេះ យើងលើកយកតែប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ ប៉ុណ្ណោះមកប្រជុំពិភាក្សា និងលើកទិសដៅអនុវត្តបន្ត ដើម្បីឱ្យថ្នាក់ខណ្ឌបានយល់ពីគម្រោងអភិវឌ្ឍប្លង់មេ និងធ្វើកិច្ចការងារនេះឡើងវិញ”។

លោក ឃួង ស្រេង បានណែនាំថា “សម្រាប់ភូមិបាលខណ្ឌត្រូវក្តាប់ប្លង់មេឱ្យបានច្បាស់លាស់ មុនផ្តល់ឱ្យគេធ្វើអ្វីមួយ ពោលគឺ ការអភិវឌ្ឍក្រុងត្រូវធ្វើឡើងទៅតាមប្លង់មេ ទាំងប្រឡាយទឹក ក៏ដូចសំណង់ផ្សេងៗ។ បន្ថែមពីនេះ ខណ្ឌមួយចំនួន គឺបានរៀបចំប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥រួចហើយ នៅសល់ខណ្ឌទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលយើងត្រូវសិក្សាពីប្លង់មេឱ្យបានច្បាស់។ ៨ឆ្នាំទៅ១០ឆ្នាំ ប្លង់គោលរាជធានីត្រូវកែប្រែឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដីជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន”។

ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ គឺជំរុញការគាំទ្រ និងអភិវឌ្ឍរាជធានីភ្នំពេញ ជា“បេះដូង របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំនុចពិសេស នៃប្រសព្វទន្លេបួនហៅថាទន្លេបួនមុខ ដែលជាអត្ត សញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រកួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ព្រមទាំងសំដៅរៀបចំ និងអភិវឌ្ឍខណ្ឌ ជាតំបន់ស្នូលនៃរាជធានីភ្នំពេញ សម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយ គុណភាពបរិស្ថានរស់នៅល្អប្រសើរ សុខដុមនីយកម្ម ភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន ៕

អារ៉ាប៊ីសាអូឌីត គ្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិធំជាងគេ ក្នុងពិភពលោក

ដោយៈ សុខុម

រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងនឹងសាងសង់អាកាសយាន   ដ្ឋានដ៏ធំបំផុតមួយរបស់ពិភពលោក ខណៈប្រទេសនេះមានមហិច្ឆតាដ៏ធំមហិមា ចង់ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា។

ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman bin Abdulaziz បានប្រកាសថា អាកាសយានដ្ឋានអន្តរជាតិKing Salman International Airport ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីរីយ៉ាដ នេះនឹងមានផ្លូវយន្តហោះរត់ស្របគ្នាចំនួន៦ ហើយតាមការរំពឹងទុក វានឹងរួមចំណែករកប្រាក់ចំណូល ក្នុងមួយឆ្នាំៗបានចំនួន៧,១៨ពាន់លានដុល្លារអាមេរិក សម្រាប់ផលិតផលក្នុងស្រុកសរុប មិនមែនប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។

អាកាសយានដ្ឋាននេះ នឹងធ្វើឱ្យចំនួនអ្នកដំណើរតាមផ្លូវអាកាសប្រចាំឆ្នាំក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កើនឡើងពី២៩លាននាក់នាពេលបច្ចុប្បន្នឈានដល់១២០លាននាក់នៅត្រឹមឆ្នាំ២០៣០ និង១៨៥លាននាក់នៅត្រឹមឆ្នាំ២០៥០ ជាមួយនឹងចរាចរណ៍ហោះហើរ កើនឡើង២១១.០០០ជើងឈានដល់ជាង១លានជើងក្នុងមួយឆ្នាំៗ។

យោងតាមទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) ឱ្យដឹងថា ដោយសារនិរន្តរភាព ជាគុណតម្លៃស្នូលរបស់ខ្លួន អាកាសយានដ្ឋានថ្មីនេះនឹងដំណើរការដោយថាមពលកកើតឡើងវិញ។

គម្រោងអាកាសយានដ្ឋាន ដែលនឹងត្រូវសងសង់ដោយមូលនិធិវិនិយោគសាធារណៈ (Public Investment Fund) នេះនឹងរួមបញ្ចូលទាំងស្ថានីយចំណតមានស្រាប់ ដែលដាក់ឈ្មោះតាមព្រះមហាក្សត្រ King Khalid ផងដែរ។

ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA)  បានបន្ថែមទៀតថា គម្រោ​ងអាកាសយានដ្ឋានអន្តរជាតិនេះ នឹងជួយបង្កើតឱកាសការងារទាំងផ្ទាល់ និងប្រយោលចំនួន១០៣.០០០កន្លែង។

ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មាននេះ មិនបានផ្ដល់សេចក្ដីកម្អិតអំពីផែនការវិនិយោគនោះទេ៕ Arab News៕

កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣កំពុងសិក្សាបន្តដើម្បីសង់គ្រប់មួយជុំ ជាកំលាំងចលករជម្រុញការរីកចម្រើនតំបន់ប៉ែកខាងកើតភ្នំពេញ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រុមមន្រ្តីបច្ចេកទេសកំពុងសិក្សាបច្ចេកទេស និងលក្ខខ័ណ្ឌនានា ដើម្បីសាងសង់ក្រវ៉ាត់ក្រុងទី៣បន្តនាពេលខាងមុខ។

អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកគង់ វិមានបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការសិក្សាដើម្បីពង្រីកផ្លូវក្រវ៉ាត់ក្រុងទី៣បន្ត បាននិងកំពុងធ្វើឡើង ប៉ុន្តែនៅពេលសួរថាបញ្ចប់នាពេលណា និងសាងសង់នាពេលណា លោកមិនបញ្ជាក់ឲ្យដឹងលំអិតនៅឡើយទេ។

លោកបន្តថា “ការសាងសង់កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ប្រវែងជាង៥០គីឡូម៉ែត្រ បានបន្តឡើងវិញហើយ បន្ទាប់ពីរដូវភ្លៀងបានបញ្ចប់ ហើយការ​សិក្សាពីផែនការសាងសង់ផ្លូវនេះឲ្យបានមួយជុំកំពុងធ្វើឡើង”។

គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ធ្លាប់ត្រូវបានលើកឡើងដោយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលផ្លូវនេះនឹងមានការសាងសង់ស្ពានធំៗចំនួនពីរទៀត គឺស្ពានតភ្ជាប់តំបន់ក្តីតាកុយ និងអរិយក្សត្រ និងស្ពានតភ្ជាប់ពីតំបន់កោះដាច់ មកតាភ្ជាប់ជាមួយមហាវិថីឈ្នះ ឈ្នះ។

ទោះជាយ៉ាងណា ការសិក្សាពីគំរោងស្ពាននេះ មិនបានបង្ហាញពេលវេលាជាក់លាក់លើការសាងសង់នៅឡើយ។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មួយរូបបានលើកឡើង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣នេះ នឹងសាងសង់កាត់ទីក្រុងល្វាឯម ដែលសម្តេចតេជោហ៊ុន សែននាយ​ករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះ។

ការកសាងផ្លូវក្រវ៉ាត់ក្រុងទី៣មួយជុំ នឹងមិនត្រឹមតែលើកកំពស់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅតំបន់ភាគខាងត្បូងនោះទេ ប៉ុន្តែវានឹងធ្វើឲ្យតំបន់ភាគខាងកើតរាជធានីភ្នំពេញ មានការរីកចម្រើនលឿនផងដែរ ខណៈតំបន់នេះកំពុងរង់ចាំតែវត្តមានស្ពានមួយខ្សែប៉ុណ្ណោះ។

ក្នុងអំឡុងពេលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កូរ៉េកាលពី​ពេលថ្មីៗនេះ លោកYoon Suk Yeolប្រធានាធិបតីកូរ៉េបានប្រាប់សម្តេចតេជោពីការគាំទ្ររបស់សាធារណៈរដ្ឋកូរ៉េ ដល់សម្តេចតេជោហ៊ុន សែននាយ​ករដ្ឋមន្រ្តីនៃកម្ពុជា ពីការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនាពេលខាងមុខផងដែរ ដែលតាមផែនការស្ពាននេះ នឹងសាងសង់តភ្ជាប់ពីផ្សាររាត្រី ទៅកាន់តំបន់អរិយក្សត្រ។

លោកYoon Suk Yeolបានចាត់ទុកគំរោងនេះ ជាលំហនៃទំនាក់ទំនងមិត្តភាពកម្ពុជា កូរ៉េកាន់តែមានភាពធំធេង និងកាន់តែរ៉ឹងមាំថែមទៀត។

តំបន់អរិយក្សត្រ ស្ថិតក្នុងស្រុកល្វាឯម កំពុងមានការរីកចម្រើនខ្លាំង ដោយសារវត្តមានអ្នកវិនិយោគក្នុងស្រុក កាន់តែច្រើនបានសាងសង់បុរីនៅតំបន់នេះ ដូចជា បុរីវីឡាទួលសង្កែអរិយក្សត្រ បុរីចតុមុខ ផ្សារទំនើបបែបសហគមន៍AK Avenueដែលបាននិងកំពុងត្រៀមបើកដំណើរការ ពិសេសតំបន់7NG បាននិងកំពុងមានភាពរសរវើក ដោយរមណីយដ្ឋានកំសាន្តបែបចុងសប្តាហ៍ជាច្រើនបានលេចរូបរាងនៅតំបន់នេះ។

វត្តមានបុរី ផ្សារទំនើប បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋជាច្រើនទៅរស់នៅតំបន់នេះ ខណៈដីនៅតំបន់នេះបានឡើងថ្លៃខ្ពស់រួចទៅហើយ បន្ទាប់ពីរដ្ឋាភិបាលប្រកាសសាងសង់ស្ពាន ទៅកាន់តំបន់នេះជាបន្តបន្ទាប់។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ថា ដោយសារទីតាំងភូមិសាស្រ្តអំណោយផល តំបន់អរិយក្សត្រកំពុងទាក់ទាញ ការវិនិយោគច្រើនលើសំណង់បុរី និងគំរោងមួយចំនួនទៀត ដោយសារតំបន់នេះមានមនុស្សរស់នៅច្រើន ហើយបើសិនជាមានស្ពានសាងសង់ភ្ជាប់ទៅតំបន់នេះ វានឹងធ្វើឲ្យតំបន់នេះមានការរីកចម្រើនកាន់តែខ្លាំង។

អ្នកស្រីបន្តថា “ទន្ទឹមនឹងនិន្នាការរីកចម្រើន និងផែនការសាងសង់ស្ពានបានធ្វើឲ្យដីតំបន់នេះឡើងតម្លៃកើលទីផ្សារផងដែរ”៕

តើការកំណត់អត្រាការប្រាក់ទិញផ្ទះដ៏ទាប អាចជួយក្រុងប៉េកាំងទាក់ទាញអ្នកទិញមកកាន់ទីផ្សារវិញដែរទេ?

ដោយៈ សុខុម

ប៉េកាំង: ប្រទេសចិន ពេលនេះកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទាក់ទាញអ្នកទិញកាន់តែច្រើន ឱ្យត្រលប់មកកាន់ទីផ្សារលំនៅដ្ឋានវិញ និងដើ​ ម្បីពង្រឹងឡើងវិញនូវវិស័យអចលនទ្រព្យ ដែលជាសសរស្ដម្ភដ៏សំខាន់មួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់។

ក្នុងកាលៈទេសៈបែបនេះ អ្នកទិញទទួលបានអត្ថប្រយោជន៍ដ៏ធំមួយ នោះ គឺអត្រាការប្រាក់ជាមធ្យមសម្រាប់កម្ចីទិញផ្ទះ បានធ្លាក់ចុះទាបមិនធ្លាប់មានក្នុងពេល១៣ឆ្នាំ នៅក្នុងទីក្រុងប៉េកាំង ហើយប្រហែលជាអាចធ្លាក់ចុះទាបជាងនេះទៅទៀត នៅក្នុងទីក្រុងជាច្រើនទៀត។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា។

ផ្អែកតាមទិន្នន័យដែលប្រមូលចងក្រង ដោយវិទ្យាស្ថានស្រាវជ្រាវ Beike Research Institute បង្ហាញថា អត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះដំបូង ក្នុងទីក្រុងចំនួន១០០នៃប្រទេសចិន បានធ្លាក់ចុះពី៥,៧៤%ក្នុងខែកញ្ញា ឆ្នាំ២០២១ មកនៅត្រឹម៤,០៩%។

តួយ៉ាងដូចជា នៅទីក្រុងឈីងយ័ន (Qingyuan) នៃខេត្តគ័ងតុង (Guangdong) ភាគខាងត្បូង អត្រាការប្រាក់បានធ្លាក់ចុះទាប មកនៅត្រឹម៣,៧%។ ការធ្លាក់ចុះនេះធ្វើឱ្យអ្នកទិញផ្ទះ នៅក្នុងទីក្រុង Qingyuan ចំណេញ បានដល់ទៅ៤៩.០០០ដុល្លារអាមេរិក សម្រាប់កម្ចី១៤០.០០០ដុល្លារអាមេរិក រយៈពេល៣០ឆ្នាំ។

ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាល និងគណៈកម្មាធិការនិយ័តកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) កាលពីដើមខែនេះ បានដាក់ចេញផែនការនានាដើម្បីធានាបាននូវ “ការអភិវឌ្ឍន៍ប្រកប​ដោយស្ថិរភាព និងភាពរឹងមាំ” សម្រាប់វិស័យអចលនទ្រព្យ ស្របពេលវិស័យនេះកំពុងដាំក្បាលចុះ។

ការដាក់ចេញវិធានការទាំងនោះ រួមមាន ទាំងគោលនយោបាយ១៦ចំណុច ដើម្បីបន្ធូរវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនកំពុងជួបប្រទះ និងការបន្ទាបការបង់ប្រាក់ដើម ឬ Down Payment ឱ្យមកនៅតិចជាងមុនសម្រាប់ការទិញផ្ទះផងដែរ។

ចំណាត់ការចុងក្រោយនេះ គឺជាការជំរុញគោលនយោបាយដ៏ធំបំផុតមិនធ្លាប់មាន សម្រាប់វិស័យអចលនទ្រព្យ ចាប់តាំងពីធនាគារកណ្ដាលចិន បានបញ្ចុះអត្រាការប្រាក់លើកចុងក្រោយ សម្រាប់កម្ចីរយៈពេល៥ឆ្នាំមកនៅត្រឹមតែ៤,៣%កាលពីខែសីហា។

ការបញ្ចុះអត្រាការប្រាក់នេះ បានជួយឱ្យអត្រាការប្រាក់កម្ចីទិញផ្ទះជាមធ្យមទូទាំងប្រទេស ដែលកំណត់ដោយបណ្ដាធនាគារពាណិជ្ជ ធ្លាក់ចុះមកនៅត្រឹម៤,៣៤% ដែលថោកបំផុត ចាប់តាំងពីធនាគារកណ្ដាលចិន បានចាប់ផ្ដើមចេញផ្សាយទិន្នន័យក្នុងឆ្នាំ២០០៩ មក។

យោងតាមទិន្នន័យដែលប្រមូលចងក្រង ដោយប្រព័ន្ធសន្ទស្សន៍អច​លនទ្រព្យចិន (CREIS)បានបង្ហាញថា ការលក់នៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលៗ ចំនួន១០០នៃប្រទេសចិន បានដាំក្បាលចុះដល់ទៅ៤៣,៤% ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២២ មកនៅត្រឹមជាង៨៥១ពាន់លានដុល្លារអាមេរិក។

ដោយសារតែបែបនេះ រដ្ឋាភិបាលថ្នាក់មូលដ្ឋាន កំពុងប្រើប្រាស់យុទ្ធសាស្ត្រជាក់លាក់ចំនួន ដើម្បីជំរុញវិស័យនេះ។ ប៉ុន្តែទន្ទឹមនេះ មានការចោទជាសំណួរថា តើអត្រាការប្រាក់កម្ចីទិញផ្ទះដ៏ទាបបំផុត មិនធ្លាប់មានអាចជួយក្រុងប៉េកាំង ទាក់ទាញអ្នកទិញមកកាន់ទីផ្សារវិញបានដែរឬទេ?។

ជាការឆ្លើយតបទៅនឹងសំណួរនេះ ក្រុមអ្នកសង្កេតស្ថានការណ៍ទីផ្សារជឿថា គោលនយោបាយទាំងអស់នេះគឺ “ត្រូវការពេលវេលា”ដើម្បីបញ្ចេញប្រសិទ្ធភាព ឬមានន័យថា ការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យចិន ត្រូវការពេលវេលាសន្សឹមៗ៕ South China Morning Post៕

ការទិញធានារ៉ាប់រងក្នុងវិស័យអចលនទ្រព្យមានកម្រិតតិចតួចនៅឡើយ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ វិស័យធានារ៉ាប់រងអាយុជីវិត ក្នុងវិស័យអចលនទ្រព្យត្រូវបានមើលឃើញថា នៅមានកម្រិតតិចតួចនៅឡើយ ធៀបនឹងការធានារ៉ាប់រងក្នុងវិស័យផ្សេងទៀត។

អគ្គនាយករងនៃក្រុមហ៊ុនធានារ៉ាប់រង ទីតាន ស្តូន ឡាយអ៊ីនសួរេន លោក ហង្ស សុចិត្រ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយ Propertyarea នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា ២០២២ថា វិស័យធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជា បើធៀបនឹងប្រទេសដទៃទៀតឃើញថា កម្ពុជានៅមានកម្រិតតិចតួចនៅឡើយ ហើយបើនិយាយពីការធានារ៉ាប់រងអាយុជីវិត ក្នុងវិស័យអចលនទ្រព្យ ពោលគឺមានន័យថាការទិញអចលនទ្រព្យហើយមានការធានាទៅលើអាយុជីវិត រឹតតែមានតិចតួចទៅទៀត ។

លោកបន្តថា “អតិថិជនដែលទិញអចលនទ្រព្យ គួរតែគិតពីបញ្ហានេះ ទើបវាមិនមានហានិភ័យ ឬបាត់បង់អចលនទ្រព្យ បើទោះបីជាការទិញអចលនទ្រព្យនោះ បាត់បង់លទ្ធភាពទាំងស្រុង ក្នុងការបន្តបង់ជាមួយក្រុមហ៊ុនលក់អចលនទ្រព្យនោះក៏ដោយ”។

លោកបានលើកជាឧទាហរណ៍ថា នៅពេលយើងទិញអចលនទ្រព្យមួយហើយសុខៗ ស្រាប់តែយើងបាត់បង់ដោយប្រការណាមួយ ក្រុមគ្រួសាររបស់យើង  ក៏នៅតែមានសិទ្ធិកាន់កាប់អចលនទ្រព្យ ឬក៏ទទួលបានទឹកប្រាក់មួយកញ្ចប់ពីក្រុមហ៊ុនធានារ៉ាប់រងដែរ។ វាមិនខុសពីករណីដែលយើងបានយកកម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ គឺយើងបានទទួលការធានារ៉ាប់រួចស្រេចទៅហើយ បើសិនជាបាត់បង់ សមាជិកគ្រួសារក៏មិនត្រូវរ៉ាប់រងលើកម្ចីនោះដែរ ។

លោកបន្ថែមថា ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានបំណងទិញអចលនទ្រព្យ ឬកាន់កាប់អចលនទ្រព្យ បានយល់ច្បាស់ពីការធានារ៉ាប់រងអាយុជីវិត យើងបានសហការជាមួយក្រុមហ៊ុន លក់អចលនទ្រព្យមួយចំនួន ហើយកិច្ចសហការនេះ នឹងនាំមកនូវផលចំណេញទាំងសងខាង ទាំងអតិថិជនទិញអចលនទ្រព្យ ទាំងក្រុមហ៊ុនលក់អចលនទ្រព្យ និងក្រុមហ៊ុនធានារ៉ាប់រងផងដែរ ។

ជាមួយគ្នានេះ លោកកាំង នីន អគ្គនាយកក្រុមហ៊ុនGC Realty និងជាក្រុមហ៊ុនអចលនទ្រព្យមួយ បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក៏បានឱ្យដឹងថាកិច្ចសហការ ជាមួយក្រុមហ៊ុនធានរ៉ាប់រងអាយុជីវិតគឺ ដើម្បីផ្តល់ទំនុកចិត្ត និងការការពារដល់អតិថិជនខ្លួន ក្នុងការការទិញ ឬវិនិយោគលើអចលនទ្រព្យ។

លោកបន្តថា “វាក៏អាចជួយលើកស្ទួយវិស័យអចលនទ្រព្យ និងវិស័យធានារ៉ាប់រងអោយកាន់តែប្រសើឡើងផងដែរ ដែលនេះជាកត្តាសំខាន់មួយ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន ក្នុងនិងក្រៅប្រទេសមកលើក្រុមហ៊ុនយើងទាំងពីរ”៕

គម្រោងធំៗចំនួនពីរកំពុងជំរុញទីផ្សារដីធ្លីខេត្តព្រៃវែងឱ្យមាន កំណើនតម្លៃខ្ពស់

ដោយៈ សុផារី

ភ្នំពេញៈ គម្រោងជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួនពីរ គឺគម្រោងបង្កើតក្រុងល្វាឯម និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតកំពុងជួយជំរុញឱ្យមានចរន្តការទិញលក់ដីធ្លី នៅក្នុងខេត្តព្រៃវែង ដែលមានធ្វើឱ្យមានការស្ទុះងើបឡើងវិញ នៃទីផ្សារដីធ្លីនៅក្នុងខេត្តមួយនេះ។

លោកម៉ៅ មុនីរតនា ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត នឹងជំរុញឱ្យការធ្វើដំណើរដឹកជញ្ជូនពីភ្នំពេញ ព្រៃវែង និងបាវិត នឹងកាន់តែលឿនជាងមុន ហើយនាំមកនូវការវិនិយោគ លើឃ្លាំងឧស្សាហកម្មកាន់តែច្រើន មកកាន់តំបន់តាមច្រកចេញ នៃផ្លូវល្បឿនលឿនមួយនេះ។ ក្រៅពីនេះ ក៏បានធ្វើឱ្យសកម្មភាពអាជីវកម្មផ្សេងៗ ក៏ចាប់ផ្តើមមានការសាងសង់ ជាអាទិ៍ ភោជនីយដ្ឋាន ស្ថានីយប្រេងសាំង ហាងលក់ទំនិញ ជាដើម។

ចំណែកគម្រោងបង្កើតក្រុងល្វាឯម ក៏បានធ្វើឱ្យតំបន់ខ្លះនៃខេត្តព្រៃវែងទទួលបានផលប្រយោជន៍ផងដែរ ដោយសារក្រុងល្វាឯមមានទីតាំងនៅជិតខេត្តព្រៃវែង និងមិនមានចម្ងាយឆ្ងាយពីក្រុងភ្នំពេញឡើយ។

យោងតាមលោកមុនីរតនា បានឱ្យដឹងថា “មានអ្នកវិនិយោគមកស្វែងរកដីធ្លីច្រើន សម្រាប់ការគម្រោងសាងសង់ និងអភិវឌ្ឍន៍ជាទីតាំងអាជីវកម្មនានា”។

ជាមួយគ្នានេះ លោក ជា វិចិត្ត្រា អគ្គនាយកក្រុមហ៊ុនព្រៃវែង ប្រផឹធី អ៊ិនវេសម៉ិន ឯ.ក បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃដដែលថា គម្រោងអភិវឌ្ឍន៍នេះ ក៏មានឥទ្ធិពលមួយផ្នែកដល់ទីផ្សារអចលនទ្រព្យនៃខេត្ពព្រៃវែងផងដែរ ដោយសារផ្លូវមួយនេះ ក៏ឆ្លងកាត់ខេត្តព្រៃវែង ដែលអាចមានក្តីសង្ឃឹមដល់ទីផ្សារក្នុងខេត្ត និងជំរុញឱ្យមានកំណើនការទិញលក់អចលនទ្រព្យកើនឡើង។

លោកបញ្ជាក់ថា “ក្តីសង្ឃឹមត្រង់ច្រកចេញ ដោយសារផ្លូវនេះចេញពីភ្នំពេញ មកព្រៃវែង ហើយចេញទៅកាន់ក្រុងបាវិត។ យើងអាចព្យាករណ៍នឹងមានការរីកចម្រើន លើការទិញលក់អចលនទ្រព្យក្នុងខេត្តផងដែរ ប្រសិនបើគម្រោងនេះសាងសង់រួច”។

គម្រោងបង្កើតក្រុងល្វាឯម ត្រូវបានប្រកាសដោយសម្តេចតេជោកាលពីពេលថ្មីៗនេះថា ស្រុកល្វាឯមនឹងក្លាយជាក្រុងថ្មីមួយទៀត នៅក្រោមចំណុះនៃរដ្ឋបាលខេត្តកណ្តាល និងជាទីក្រុងទំនើបសម័យថ្មីមួយ ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយអាចទាក់ទាញបាននូវលំហូរវិនិយោគពីក្នុងស្រុក និងក្រៅស្រុកចូលមកបណ្តាក់ទុនក្នុងខេត្តកណ្តាល។

ចំណែក គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតត្រូវបានឯកភាពជាផ្លូវការ ដោយរាជរដ្ឋាភិបាលកម្ពុជា និងចិន។ រហូតមកទល់ពេលនេះ គណៈកម្មការអន្តរក្រសួង កំពុងត្រូវបានពិនិត្យពិភាក្សា លើបញ្ហាបច្ចេកទេស ហើយគ្រោងនឹងឈានទៅបើកការដ្ឋានសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ៕

អ្នកធុរកិច្ចអន្តរជាតិមើលឃើញសក្តានុពលកម្ពុជាក្នុងការទាក់ទាញគំរោងវិនិយោគលើថាមពលកកើតឡើងវិញ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អ្នកធុរកិច្ចអន្តរជាតិ ក្នុងវិស័យថាមពលកកើតឡើងវិញ បានជួបវិភាក្សាគ្នាពីឱកាសថ្មីៗ និងសក្តានុពលក្នុងការវិយោគ ទៅលើថាមពល​កកើតឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍថាមពលស្អាត ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោក Gregory Thomassin ​ ប្រធានគម្រោងហិរញ្ញនៃក្រុមហ៊ុន Total eren ដែលជាក្រុមហ៊ុនវិនិយោគទៅថាមពលបៃតង ឬថាមពលពន្លឺព្រះអាទិត្យបានលើកឡើងថា បច្ចុប្បន្ននេះ Total eren កំពុងមានការវិនិ​យោគថាមពលកកើតឡើងវិញ ប្រមាណ៤ជីហ្កាវ៉ាត់នៅជុំវិញពិភពលោក ខណៈខ្លួន កំពុងសម្លឹងរកមើលការពង្រីក ​លើការវិនិយោគថាមពលកកើតឡើងវិញនៅកម្ពុជា ​ឱ្យបានកាន់តែច្រើនថែមទៀត បន្ទាប់ពីក្រុមហ៊ុននេះ បានវិនិយោគលើឧទ្យាន ថាមពលពន្លឺព្រះអាទិត្យមួយ​ នៅខេត្តបាត់ដំបង ក្នុងទំហំ​៧៤មេហ្គាវ៉ាត់ លើទំហំដី៦០ហិកតា ដើម្បីចូលរួមផ្គត់ផ្គង់ថាមពលស្អាត ទៅក្នុងទីផ្សារថាមពលកកើតឡើងវិញ ក្នុងប្រទេសកម្ពុជា។

លោកបន្តថា “កម្ពុជាជាប្រទេស ដែលមានសក្តានុពលខ្លាំង លើការវិនិ​យោគថាមពលកកើតឡើងវិញ ជាពិសេសទៅលើឧទ្យានសូឡា​ ដែលនៅពេលខាងមុខលោករំពឹងថា ក្រុមហ៊ុននេះនឹងបន្តពង្រីកការផលិត និងវិនិយោគទៅថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀត”។

តាមការបំផុសរបស់ធនាគាអភិវឌ្ឍន៍អាស៊ី(ADB) ​ចង់ឱ្យអ្នកវិនិយោគសម្លឹងនៅប៉ែកខាងត្បូងនៃប្រទេស ប៉ុន្តែយ៉ាងណាលោកសម្លឹងឃើញថា ប្រទេសកម្ពុជា មានសក្តានុពលក្នុងការវិនិយោគ ទៅលើថាមពលសូឡានេះ នៅទូទាំងប្រទេសតែម្តង។

លោកបន្ថែមថា “Total eren នឹងអាចចូលក្នុងការអភិវឌ្ឍវិស័យនេះ ជាមួយរាជរដ្ឋាភិបាល ដែលនៅពេលខាងមុន ក្រុមហ៊ុននឹងចូលរួមជាមួយអគ្គិសនីកម្ពុជា ​ស្របពេលដែលក្រុមហ៊ុន Total eren មានបច្ចេកទេស និងធនធានគ្រប់គ្រាន់ ដើម្បី​អភិវឌ្ឍន៍វិស័យនេះ”។


រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាបានថ្លែងថា​ ​ក្នុងការគាំទ្រនូវគម្រោង និងឱកាសថ្មីៗ ដើម្បីបង្កើនថាមពលកកើតឡើងវិញជាអតិបរមា ចូលទៅក្នុងបណ្តាញថាមពលអគ្គិសនី គឺនៅមានការងារជាច្រើនត្រូវធ្វើ ដូចជា ការធ្វើឱ្យប្រសើរឡើង នូវបណ្តាញបញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និង​ការផ្តល់នូវថាមពលកកើតឡើងវិញ កាន់តែច្រើន ក្នុងតម្លៃសមរម្យ និងស្ថិរភាព។

លោកបន្តថា សម្រាប់ការប្រើប្រាស់ថាមពលកកើតឡើងវិញ ក្នុងប្រទេ​សកម្ពុជា តួលេខនឹងត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្នុងនោះយើងតាមបានតភ្ជាប់ក្នុងចំនួន ដល់ខ្នងផ្ទះដែលកើនឡើងពី១៧% រហូតដល់ជិត ១៩%។ ចំពោះការតភ្ជាប់បណ្តាញអគ្គិសនីវិញ គឺបានចំនួន៩៩% ស្ទើរតែទូទាំងតំបន់។

នៅពេលដែលគោលដៅ COP 26 ជំរុញឱ្យប្រទេសកាន់តែច្រើនឆ្ពោះ ទៅរកថាមពលកកើតឡើងវិញ កម្ពុជាបានរកឃើញខ្លួនឯង នៅកន្លែងត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវ សម្រាប់ការផ្លាស់ប្តូរថាមពល ហើយនឹងសម្រេចឲ្យបាននូវគោលដៅ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឱ្យដល់កម្រិតសូន្យតាមដែលអាចធ្វើទៅបាន នៅឆ្នាំ២០៥០ ដោយការអភិវឌ្ឍវារីអគ្គិសនី ជម្រុញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញ៕

មន្រ្តីជាន់ខ្ពស់ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣នឹងសម្រេចបានកំណើន៦,៦ភាគរយនៅឆ្នាំ២០២៣

ដោយ: លាងហួរ

ភ្នំពេញ: ឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៦,៦ភាគ​រយនៅឆ្នាំ២០២៣ ខណៈឆ្នាំនេះរំពឹងថា នឹងសម្រេចបានកំនើន៥,៤ភាគរយ។

លោកបានមានប្រសាសន៍បែបនេះ នៅក្នុងរដ្ឋសភាកម្ពុជាកាលពីថ្ងៃអង្គារទី២៩ ខែវិច្ឆិកា ទីដែលលោកបានឡើងការពារសេចក្តីព្រាងច្បាប់ថវិកា​ឆ្នាំ២០២៣ ដែលរដ្ឋាភិបាលត្រូវចំណាយ រហូតដល់ចំនួន៩,៦៤ពាន់លានដុល្លារអាមេរិក សម្រាប់ការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើង១៣ភាគរយពីប្រមាណ៨,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២២នេះ។

សមាជិកសភាចំនួន៨៩រូប ដែលមានវត្តមាននៅក្នុងសម័យប្រជុំសភា បានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់នេះ។

លោកបញ្ជាក់ថា “ថវិកានេះមានចំនួនស្មើនឹង២៩,៨៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា”។ លោកបន្តថា “ថវិកាដែលបានស្នើឡើងនេះ គឺត្រូវធានាជោគជ័យនៃការបោះឆ្នោតសកល និងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅក្នុងឆ្នាំ២០២៣ខាងមុខដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ”។

យោងតាមសេចក្តីព្រាងច្បាប់ថវិកាបានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងការចំណាយ រដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងបង្កើតប្រាក់ចំណូលសរុបបានចំនួន៧,២១ពាន់លានដុល្លារនៅឆ្នាំក្រោយ ពោលគឺកើនឡើង១៤,៥ភាគរយធៀបនឹងឆ្នាំ២០២២នេះ។

រដ្ឋាភិបាលក៏មានគម្រោងខ្ចី ប្រាក់បន្ថែមចំនួន១,៧ពាន់លានSDR សិទ្ធិដកប្រាក់ពិសេស (Special Drawing Rights) ឬស្មើជិត២,២ពាន់លានដុល្លារពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ នានា។លើសពីនេះ រដ្ឋាភិបាលគ្រោងបង្កើនថវិកាបន្ថែមទៀត ពីការបោះផ្សាយមូលបត្របំណុលរបស់ខ្លួន។

លោកឈាង វុន ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានមានប្រសាសន៍ថា ថវិកានៅឆ្នាំក្រោយនេះ នឹងត្រូវចំណាយលើការគ្រប់គ្រងទូទៅ វិស័យសុខភាពសាធារណៈ វិស័យអប់រំ វិស័យជំរុញសេដ្ឋកិច្ច វិស័យសង្គមកិច្ច វិស័យការពារជាតិ វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងវិស័យផ្សេងទៀត។

សេចក្តីព្រាងច្បាប់នេះ នឹងត្រូវពិនិត្យជាចុងក្រោយ ដោយព្រឹទ្ធសភារបស់ប្រទេសកម្ពុជា មុននឹងថ្វាយទៅដល់ព្រះមហាក្សត្រដើម្បីអនុម័ត៕